Connect with us

ព័ត៌មានអន្ដរជាតិ

មុន​កិច្ច​ប្រជុំ​កំពូលណាតូនៅដើមសប្តាហ៍ក្រោយ ការ​ទាមទារ​របស់​ត្រាំ ក្លាយ​ជាសម្ពាធ​លើ​សមាជិក​ណាតូ​

បានផុស

នៅ

សម្ព័ន្ធភាពយោធា​អង្គការ​ណាតូ កំពុងស្ថិតក្រោមសម្ពាធនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការជំរុញយ៉ាងខ្លាំងក្លា ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យបណ្តាប្រទេសជាសមាជិក​ណាតូទាំងអស់ដំឡើងកញ្ចប់ថវិកាការពារជាតិ​ ឲ្យ​បាន​ដល់​​​ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ឲ្យ​បាន​កាន់​តែ​ឆាប់​ ឬ​យ៉ាងហោច​ណាស់​ត្រឹមឆ្នាំ ២០៣៥។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ពាធដ៏ធ្ងន់នេះ បានបង្កើតឲ្យមានការបែកបាក់ផ្ទៃក្នុង និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសអឺរ៉ុប ពិសេសបន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងឡាអេ ដែលជាកន្លែងដែលសមាជិកទាំង ៣២ បានយល់ព្រមជាគោលការណ៍ទៅលើផែនការបង្កើនការចំណាយនេះ។ ទោះជាយ៉ាងណា ការអនុវត្តជាក់ស្តែងកំពុងបង្ហាញពីគម្លាតយ៉ាងធំធេងរវាងប្រទេសដែលឈានមុខ និងប្រទេសដែលកំពុងដើរយឺតយ៉ាវ យោងតាមការវិភាគលម្អិតរបស់ស្ថាប័នស្រាវជ្រាវអន្តរជាតិ។

ផ្អែកលើការវាយតម្លៃរបស់ សាកលវិទ្យាល័យ SIPRI គោលដៅ ៥% ថ្មីនេះ គឺត្រូវបែងចែកជាពីរផ្នែកធំៗ គឺ ៣.៥% សម្រាប់តម្រូវការយោធាស្នូល ដូចជាការទិញអាវុធ គ្រាប់រំសេវ យន្តហោះចម្បាំង និងការត្រៀមលក្ខណៈប្រយុទ្ធ។ ចំណែកឯ ១.៥% ទៀត ត្រូវបានកំណត់សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ ការពារប្រព័ន្ធបច្ចេកវិទ្យា និងសន្តិសុខថាមពល។

បើទោះបីជាបណ្តាប្រទេសអឺរ៉ុប និងកាណាដាបានខិតខំបង្កើនថវិកាការពារជាតិជិត ២០% ក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ក៏ការឈានទៅដល់កម្រិត ៥% នៅតែជាការសាកល្បងដ៏លំបាកបំផុតសម្រាប់រដ្ឋាភិបាលអឺរ៉ុបជាច្រើន ពីព្រោះការធ្វើបែបនេះតម្រូវឲ្យពួកគេកាត់បន្ថយថវិកាសង្គម បង្កើនពន្ធ ឬបង្កើតបំណុលរដ្ឋបន្ថែម ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសង្គមផ្ទៃក្នុង ដូចដែលប្រព័ន្ធផ្សព្វផ្សាយ BBC បានគូសបញ្ជាក់។

បញ្ហាប្រឈមដ៏ធំបំផុតរបស់ណាតូនៅពេលនេះ គឺតុល្យភាពនៃការរួមចំណែកថវិការវាងសមាជិកនីមួយៗ ខណៈពេលដែលប្រទេសនៅតំបន់អឺរ៉ុបខាងកើត ដូចជាប៉ូឡូញ ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្ទាល់ពីខាងក្រៅ បានដំឡើងកញ្ចប់ថវិកាយោធារបស់ខ្លួនរហូតដល់ជិត ៤.៧% នៃ GDP រួចទៅហើយនោះ ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួននៅអឺរ៉ុបខាងលិច និងខាងត្បូង នៅតែដើរយឺតយ៉ាវយ៉ាងខ្លាំង។

ជាក់ស្ដែង លោក ត្រាំ បានរិះគន់ចំៗទៅលើប្រទេសអេស្ប៉ាញ និងកាណាដា ដោយហៅប្រទេសទាំងនោះថា ជាអ្នកកេងចំណេញពីលើការការពារហ្វ្រីៗរបស់អាមេរិក។ ការរារែក និងភាពយឺតយ៉ាវនៃប្រទេសទាំងនេះ បានធ្វើឲ្យមានការព្រួយបារម្ភថា អាមេរិកអាចនឹងកាត់បន្ថយការប្តេជ្ញាចិត្តការពាររួមគ្នាតាមមាត្រាទី ៥ នៃសន្ធិសញ្ញាណាតូ ដែលជាស្នូលនៃសម្ព័ន្ធភាពយោធាមួយនេះ។

ក្រៅពីបញ្ហាថវិកា កង្វះខាតសមត្ថភាពផលិតកម្មឧស្សាហកម្មយោធាក៏ជាឧបសគ្គដ៏ធំមួយទៀតសម្រាប់អឺរ៉ុបផងដែរ។ ការវិភាគពី ស្ថាប័ន Carnegie Endowment for International Peace បានបង្ហាញថា សម្ពាធពីទីក្រុងវ៉ាស៊ីនតោន កំពុងរុញច្រានឲ្យមាន «ការផ្ដាច់ខ្លួនជាយុទ្ធសាស្ត្រ» កាន់តែលឿនឡើងរវាងអាមេរិក និងអឺរ៉ុប។ អឺរ៉ុបមិនអាចពឹងផ្អែកលើឆ័ត្រការពាររបស់អាមេរិកទាំងស្រុងដូចមុនទៀតឡើយ ហើយពួកគេត្រូវបង្ខំចិត្តបង្កើតស្ថាបត្យកម្មសន្តិសុខផ្ទាល់ខ្លួន។ ប៉ុន្តែការផ្លាស់ប្តូរពីការរៀបចំកញ្ចប់ថវិកា ទៅជាការបង្កើតសមត្ថភាពយោធាពិតប្រាកដនៅលើសមរភូមិ ដូចជាការផលិតអាវុធធុនធ្ងន់ និងការបណ្តុះបណ្តាលកងទ័ពស្នូល គឺត្រូវការពេលវេលារាប់ទសវត្សរ៍ ដែលធ្វើឲ្យណាតូស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុតក្នុងកម្រិតភូមិសាស្ត្រនយោបាយបច្ចុប្បន្ន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អធិការបតីអាល្លឺម៉ង់៖ អឺរ៉ុប ត្រូវតែម្ចាស់ការលើសន្តិសុខខ្លួនឯង ដើម្បីរក្សាសម្ព័ន្ធភាពណាតូ






Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម