ព័ត៌មានអន្ដរជាតិ
សារភាពហើយ! លោក Ismail Haniyeh ពិតជាស្លាប់ក្រោមថ្វីដៃរបស់អ៊ីស្រាអែល
អ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ថា ខ្លួនពិតជាបានធ្វើឃាតអតីតមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh និងបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ូធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន នូវសកម្មភាពស្រដៀងគ្នានេះ។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz ដែលបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល បានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលប៉ាលិស្ទិកកាលពី២ថ្ងៃមុនដោយក្រុមហ៊ូធី ដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលបរាជ័យក្នុងការស្ទាក់ចាប់។ មីស៊ីលរបស់ហ៊ូធី បានវាយប្រហារទីក្រុង Tel Aviv បណ្តាលឲ្យមនុស្ស ២០នាក់រងរបួស និងបំផ្លាញផ្ទះសម្បែងរាប់សិបខ្នង។
យោងតាមសារព័ត៌មាន Haaretz របស់អ៊ីស្រាអែល នៅល្ងាចថ្ងៃដដែលនោះ ក្រុមហ៊ូធី ក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក លើគោលដៅយោធាចំនួន២កន្លែងនៅតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
លោក Katz បាននិយាយថា៖ «ប៉ុន្មានថ្ងៃនេះ នៅពេលដែលអង្គការភេរវករ ហ៊ូធី កំពុងបាញ់មីស៊ីលមកលើអ៊ីស្រាអែល ខ្ញុំចង់ថ្លែងសារច្បាស់លាស់មួយថា យើងនឹងសងសឹកយ៉ាងចាស់ដៃលើអង្គការភេរវករ ហ៊ូធី នៅក្នុងប្រទេសយេម៉ែន ដែលនៅតែជាក្រុមភេរវករនៅសល់ចុងក្រោយគេ»។
ក្រុមហ៊ូធី បានបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ហើយបានកំណត់គោលដៅវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក លើកប៉ាល់ដឹកទំនិញអ៊ីស្រាអែល ឬអ្នកដែលពាក់ព័ន្ធជាមួយទីក្រុង Tel Aviv ក្នុងសមុទ្រក្រហម។ ហ៊ូធី បានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន រហូតដល់ការវាយលុកនៅលើតំបន់ហ្គាហ្សាត្រូវបានបញ្ចប់។
ចាប់តាំងពីដើមឆ្នាំ២០២៤មក ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសកំណត់គោលដៅលើទីតាំងក្រុមហ៊ូធី នៅក្នុងតំបន់មួយចំនួននៃប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនេះនៅសមុទ្រក្រហម។ ក្រុមហ៊ូធីក៏បានវាយបកម្តងម្កាលដែរទៅលើសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានព្រមាន ហ៊ូធី ដោយនិយាយថា៖ «យើងនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ពួកគេ និងលុបបំបាត់មេដឹកនាំរបស់ពួកគេ ដូចដែលយើងបានធ្វើជាមួយ (មេដឹកនាំក្រុមហាម៉ាស) លោក Ismail Haniyeh, លោក Yahya Sinwar និង (មេដឹកនាំក្រុមហេសបូឡា) លោក Hassan Nasrallah។ យើងនឹងចាត់ការទីក្រុង Al Hudaydah និងរដ្ឋធានី Sana’a ដូចដែលយើងបានធ្វើនៅទីក្រុងតេហេរ៉ង់, ហ្គាហ្សា និងលីបង់»។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់លោក Nasrallah ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី២៧ខែកញ្ញា នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ប្រទេសលីបង់។ លោក Sinwar ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់នៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃទី១៧ខែតុលា ខណៈដែលលោក Haniyeh ត្រូវបានគេធ្វើឃាតកាលពីខែកក្កដា ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រដ្ឋធានីតេហេរ៉ង់ក្នុងប្រទេសអ៊ីរ៉ង់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


