Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមដាក់ទណ្ឌកម្មលើប្រទេសទិញប្រេងអ៊ីរ៉ង់

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រាល់ការទិញប្រេង ឬផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ ហើយប្រទេស​ ឬអ្នកដែលទិញណាមួយពីប្រទេសនេះ នឹងត្រូវរងទណ្ឌកម្មបន្ទាប់បន្សំភ្លាមៗ។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ​យ៉ាងដូច្នេះថា៖ «ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើជំនួញជាមួយសហរដ្ឋអាមេរិកក្នុងគ្រប់ទម្រង់ គ្រប់រូបភាព ឬរបៀបណាមួយឡើយ»។​

ការគំរាមយ៉ាងដូច្នេះរបស់លោក ត្រាំ ​ធ្វើឡើងបន្ទាប់ពីមាន​ការពន្យារពេល​ចរចាគ្នាជុំវិញ​ការស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉់ង់ ដែលគម្រោងធ្វើឡើងនៅទីក្រុងរ៉ូម (អ៊ីតាលី) កាលពីថ្ងៃសៅរ៍។ ​មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់រ៉យទ័រ ថា កាលបរិច្ឆេទថ្មី​នឹងត្រូវបានកំណត់ដោយ​អាស្រ័យលើ «វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក​»។

កន្លងមក រដ្ឋបាល ត្រាំ បានកំណត់គោលដៅលើ​អ៊ីរ៉ង់ ដោយ​ការ​ដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើអង្គភាពនានា រួមទាំងស្ថានីយស្តុកប្រេងឆៅអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យមួយ ដែល​រងការចោទប្រកាន់ពីបទពាក់ព័ន្ធក្នុងការជួញដូរប្រេង និងគីមីឥន្ធនៈខុសច្បាប់។ កាលពីខែកុម្ភៈ លោក ត្រាំ បាន​ចាប់ផ្ដើមឡើងវិញ នូវយុទ្ធនាការកិច្ចប្រឹងប្រែងទប់ស្កាត់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យដល់សូន្យ។

គួរគូសបញ្ជាក់ថា ទណ្ឌកម្មបន្ទាប់បន្សំ គឺជាទណ្ឌកម្ម​ដែលប្រទេសមួយដាក់លើប្រទេស អង្គភាព ឬបុគ្គល ដែលជាប់ពាក់ព័ន្ធ​នឹង​ប្រទេសដែលរងទណ្ឌកម្ម​ស្រាប់។ ​ ​​អ្នកវិភាគបាននិយាយថា ដើម្បីបង្ក្រាបការនាំចេញប្រេងរបស់អ៊ីរ៉ង់ អាមេរិកនឹងត្រូវដាក់ទណ្ឌកម្មបន្ទាប់បន្សំលើអង្គភាពនានា ដូចជាធនាគារចិន ដែលសម្រួលដល់ការទិញប្រេងអ៊ីរ៉ង់។ ចិន​គឺជា​​ប្រទេសទិញ​ប្រេងឆៅ​អ៊ីរ៉ង់​ច្រើនជាងគេលើពិភព​លោក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម