ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន គំរាមសងសឹកមួយអស់ដៃ បើឥណ្ឌា ហ៊ានវាយប្រហារមែន
កម្តៅរវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ កាន់តែក្តៅឡើងៗហើយ ចាប់តាំងពីហេតុការណ៍បាញ់សម្លាប់ទេសចរមួយក្រុមនៅតំបន់កាស្មៀរ ដោយពេលនេះ ប៉ាគីស្ថាន បានគំរាមទៅឥណ្ឌាថា ខ្លួននឹងសងសឹកមួយអស់ដៃតែម្តង បើត្រូវវាយប្រហារមែន។

ការព្រមាននេះគឺចេញពីមាត់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំប្រទេសរុស្ស៊ី Muhammad Khalid Jamali ដោយលោកបានប្រាប់ទៅសារព័ត៌មាន RT កាលពីចុងសប្តាហ៍ថា ចារកម្មប៉ាគីស្ថាន ពិតជាទទួលបានការណ៍សម្ងាត់ថា ឥណ្ឌាកំពុងរៀបគម្រោងវាយប្រហារខ្លួនមែន ដូច្នេះខ្លួនត្រៀមរួចជាស្រេចដើម្បីឆ្លើយតបទៅវិញមួយអស់ដៃ ក្នុងនោះរួមទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរ។
មិនមែនតែការវាយប្រហារដោយអាវុធទេ លោក Jamali ព្រមានថា សូម្បីតែការផ្អាកសន្តិសញ្ញាទឹក Indus រវាងប្រទេសទាំងពីរនិងការប៉ុនប៉ងដណ្តើមយកផ្នែកនៃទន្លេខាងក្រោម ក៏នឹងក្លាយជាសកម្មភាពនៃសង្រ្គាមប្រឆាំងប៉ាគីស្ថានដែរ ហើយទង្វើបែបនោះនឹងត្រូវបានឆ្លើយតបមួយអស់ដៃដូចគ្នា។

យ៉ាងណាក៏ដោយ លោកបានអំពាវនាវឲ្យអ្នកជិតខាងទាំងពីរនេះ ត្រូវខិតខំធ្វើការដើម្បីបន្ថយភាពតានតឹង និងស៊ើបអង្កេតឲ្យច្បាស់លាស់ ព្រោះភាគីទាំងពីរសុទ្ធតែជាប្រទេសមានអាវុធនុយក្លេអ៊ែរ។
សូមជម្រាបជាថ្មី ស្ថានការណ៍រវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ បានឡើងកម្តៅខ្លាំងបំផុត ចាប់តាំងពីការវាយប្រហារនៅជ្រលង Baisaran កាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ ដែលសកម្មប្រយុទ្ធមួយក្រុម បើកការបាញ់ប្រហារសម្លាប់ទេសចរឥណ្ឌា២៥នាក់និងនេប៉ាល់ម្នាក់។

ជុំវិញហេតុការណ៍នោះ ឥណ្ឌាបានចោទថា ប្រទេសប៉ាគីស្ថានបានគាំទ្រអំពើភេរវកម្មឆ្លងដែន ប៉ុន្តែត្រូវទីក្រុងអ៊ីស្លាម៉ាបាដ បដិសេធហើយបដិសេធទៀត។ មិនត្រឹមប៉ុណ្ណឹង ប៉ូលិសក្នុងតំបន់កាស្មៀរ ថែមទាំងនិយាយថា ពួកគេកំណត់មុខសញ្ញាជនសង្ស័យ៣នាក់ ដែលក្នុងនោះមាន២នាក់ជាជនជាតិប៉ាគីស្ថាន ទៀតផង។
រឿងនេះធ្វើឲ្យទំនាក់ទំនងរវាងអ្នកជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ ធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីទៀត ហើយក្រោយមក ឈានដល់ការចាត់វិធានការក្តៅរៀងខ្លួន ដូចជាការបិទច្រកព្រំដែន ឥណ្ឌាផ្អាកកិច្ចព្រមព្រៀងចែកទឹកដ៏សំខាន់ជាមួយប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតទៅវិញទៅមកទៀតផង។ លើសពីនេះ រដ្ឋមន្ត្រីប៉ាគីស្ថានមួយរូបថែមទាំងគំរាមបាញ់នុយក្លេអ៊ែរ លើឥណ្ឌា ចំណែកទីក្រុងញូវដែលីឯណោះ ក៏ទិញយន្តហោះចម្បាំង២៦គ្រឿងពីបារាំងថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលបាលិស្ទិក ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


