ព័ត៌មានអន្ដរជាតិ
ត្រាំ សម្លឹងឃើញធនធានរ៉ែកម្ររបស់ រុស្ស៊ី
បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រកាសពីការត្រៀមខ្លួនធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអណ្តូងរ៉ែនិងរោងចក្រចម្រាញ់រ៉ែកម្រ ស្រាប់តែពេលនេះ ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានបង្ហាញចេតនាចង់បានរ៉ែកម្ររបស់រុស្ស៊ី ប៉ុន្តែតាមរយៈការវិនិយោគ។

ឆ្លើយតបសំណួរអ្នកកាសែតអំពីកិច្ចព្រមព្រៀងរុស្ស៊ី-អាមេរិក, លោក ត្រាំ ថ្លែងក្នុងសេតវិមាននៅថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ថា «ជាការពិត បើសិនជាអាច ខ្ញុំក៏ចង់ទិញរ៉ែនៅដីរុស្ស៊ីដែរ។ ពួកគេមានធនធានរ៉ែកម្រល្អៗណាស់ ហើយមានទាំងហ្គាសនិងប្រេងទៀតផង មើលទៅ វាពិតជាអស្ចារ្យមែនទែន។ វាក៏អស្ចារ្យដែរសម្រាប់រុស្ស៊ី ព្រោះយើងអាចធ្វើកិច្ចព្រមព្រៀងនៅទីនោះ។ ពួកគេមានដីដ៏មានតម្លៃដែលមិនព្រមប្រើប្រាស់»។
រឿងនេះកើតឡើងបន្ទាប់ពីមន្ត្រីអ៊ុយក្រែន និយាយថា ពេលនេះលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានឯកភាពប្រគល់ធនធានរ៉ែកម្រឲ្យសហរដ្ឋអាមេរិកជាថ្នូរនឹងជំនួយយោធាដើម្បីប្រឆាំងជាមួយរុស្ស៊ី ខណៈលោកនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

តាមការចុះផ្សាយរបស់ CNN ដោយដកស្រង់សម្តីអ៊ុយក្រែន, មូលហេតុដែលទីក្រុងកៀវ ឯកភាពលើកិច្ចព្រមព្រៀងនេះគឺដោយសារតែ សហរដ្ឋអាមេរិកក៏មិនទាមទារទឹកប្រាក់បានពីធនធានរ៉ែរហូតដល់៥០០ពាន់លានដុល្លារ យកមកសងខ្លួនដូចលើកមុនដែរ ខណៈឯកសារព្រាងចុងក្រោយដែលចុះកាលបរិច្ឆេទថ្ងៃចន្ទ ត្រូវគេមើលឃើញថា អាមេរិកនឹងតម្រូវឲ្យទីក្រុងកៀវបង្កើតមូលនិធិមួយ ហើយទុក៥០%នៃចំណូលបានពីធនធានរ៉ែគ្រប់គ្រងដោយរដ្ឋរបស់ខ្លួន ហើយយកមូលនិធិនេះ ទៅវិនិយោគនៅក្នុងឧស្សាហកម្មអ៊ុយក្រែន។
សម្តីរបស់លោក ត្រាំ នោះទៀតសោត កើតឡើងក្រោយពេលលោក ពូទីន បញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក លើការអភិវឌ្ឍអណ្តូងរ៉ែនិងរោងចក្រចម្រាញ់រ៉ែកម្រជាពិសេសនៅក្នុងតំបន់ចំនួន៤ ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។

លោកពូទីននិយាយថា «យើងត្រៀមខ្លួនរួចជាស្រេចអស់ហើយ ដើម្បីធ្វើការជាមួយដៃគូអាមេរិករបស់យើង ប្រសិនបើពួកគេបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើការជាមួយគ្នា ហើយនោះក៏រួមទាំងការអភិវឌ្ឍនៅក្នុងតំបន់ចំនួន៤ដែលបានវិលមកក្រោមការគ្រប់គ្រងរបស់រុស្ស៊ីវិញផងដែរដូចជា Donetsk,Lugansk, Kherson និង Zaporozhye»។
សូមជម្រាបថា យោងតាមទិន្នន័យឆ្នាំ២០២៤ រុស្ស៊ីមានធនធានរ៉ែកម្របម្រុង សរុប៣.៨លានតោន ឈរលេខ៥លើពិភពលោកបន្ទាប់ពីចិន ប្រេស៊ីល ឥណ្ឌានិងអូស្រ្តាលី៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ