ព័ត៌មានអន្ដរជាតិ
មកស្គាល់មេទ័ពនិងមន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ ដែលស្លាប់ក្រោមដៃ អ៊ីស្រាអែល ត្រឹមមួយប៉ប្រិចភ្នែក
អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ខណៈលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា ចំណាត់ការនេះ នឹងបន្តធ្វើក្នុងរយៈពេលជាច្រើនថ្ងៃទៅមុខទៀត ដរាបណាលែងមានការគំរាមកំហែងនុយក្លេអ៊ែរ និងយោធាពីទីក្រុងតេហេរ៉ង់។
ការវាយប្រហារនោះបានសម្លាប់មេទ័ពនិងមន្ត្រីអ៊ីរ៉ង់កំពូលៗជាច្រើននាក់ត្រឹមមួយប៉ប្រិចភ្នែក។ តើពួកគេជានរណាខ្លះ?
លោក Mohammad Bagheri

លោក Bagheri គឺជាមន្ត្រីយោធាឋានៈខ្ពស់បំផុតនៅអ៊ីរ៉ង់។ លោកគឺជាអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដែលរួមបញ្ចូលគ្នាទាំងកងឆ្មាំបដិវត្តឥស្លាម (IRGC) និងកងទ័ពអ៊ីរ៉ង់។
លោក Bagheri បានចូលរួមជាមួយ IRGC នៅឆ្នាំ១៩៨០ ក្នុងអាយុ២០ឆ្នាំ ហើយដោយចាប់ដៃជាមួយបងប្រុសរបស់ខ្លួន លោកបានជួយបង្កើតអង្គភាពស៊ើបការណ៍សម្ងាត់របស់ IRGC អំឡុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់។ លោកត្រូវបានគេចាត់ទុកថាជាមេបញ្ជាការមិនសូវជ្រុលនិយមដូចមេបញ្ជាការដទៃទៀតទេ។
លោក Hossein Salami

លោក Hossein Salami គឺជាមេបញ្ជាការកំពូលនៃ IRGC។ ដំបូងលោក Salami បានចូលរួមជាមួយ IRGC នៅឆ្នាំ១៩៨០ អំឡុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ហើយក៏ក្លាយជាមេបញ្ជាការរងនៅឆ្នាំ២០០៩ មុនពេលឡើងឋានៈជាមេបញ្ជាការកំពូលនៅឆ្នាំ២០១៩។
លោកជាមនុស្សប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល ហើយកាលពីខែមុនលោកនិយាយថា ទីក្រុងតេហេរ៉ង់នឹង «បើកទ្វារឋាននរក» ប្រសិនបើអ៊ីស្រាអែលឬសហរដ្ឋអាមេរិក ហ៊ានវាយប្រហារអ៊ីរ៉ង់។
លោក Gholamali Rashid

លោក Gholamali Rashid គឺជាប្រធានទីបញ្ជាការកណ្តាល Khatam-al Anbiya របស់ IRGC ដែលសម្របសម្រួលប្រតិបត្តិការយោធារួមគ្នារបស់អ៊ីរ៉ង់។ លោកបានប្រយុទ្ធក្នុងសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយអ៊ីរ៉ាក់ ហើយធ្លាប់កាន់តំណែងជាអគ្គសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។
លោក Amir Ali Hajizadeh

លោក Hajizadeh ដែលជាមេបញ្ជាការកងកម្លាំងអវកាសរបស់ IRGC គឺជាឥស្សរជនដ៏លេចធ្លោម្នាក់ដែលទទួលបន្ទុកកម្មវិធីមីស៊ីលរបស់ប្រទេស។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា បុរសម្នាក់នេះបានប្រមូលផ្តុំគ្នាជាមួយមេបញ្ជាការកងកម្លាំងអាកាស IRGC ជាច្រើនផ្សេងទៀតនៅមជ្ឈមណ្ឌលបញ្ជាការក្រោមដី ដើម្បីត្រៀមបើកការវាយប្រហារលើអ៊ីស្រាអែល។
IDF និយាយថា លោក Hajizadeh បានបញ្ជាឲ្យបើកការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីខែតុលា និងខែមេសាឆ្នាំមុន។ យ៉ាងណា ប្រជាជនអ៊ីរ៉ង់ មិនសូវពេញចិត្តនឹងបុរសម្នាក់នេះប៉ុន្មានទេ ព្រោះលោកជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលហោះចេញពីទីក្រុងតេហេរ៉ង់កាលពីឆ្នាំ ២០២០ ដែលបានសម្លាប់មនុស្សទាំង ១៧៦ នាក់ជិះនៅក្នុងនោះ។
លោក Fereydoon Abbasi

លោក Abbasi ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ បានបម្រើការជាប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ចន្លោះឆ្នាំ ២០១១ ដល់ ២០១៣។ លោកបានបន្តក្លាយជាសមាជិកសភាពីឆ្នាំ ២០២០ ដល់ ២០២៤។
លោកបានប្រកាន់ជំហរតឹងរ៉ឹងទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក្នុងខែឧសភា លោកបានថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍អ៊ីរ៉ង់ SNN.ir អំពីលទ្ធភាពនៃការផលិតអាវុធនុយក្លេអ៊ែរ ហើយនិយាយថា លោកនឹងស្ម័គ្រចិត្តអនុវត្តបទបញ្ជាបាញ់នុយក្លេអ៊ែរ ពេលផលិតបានអាវុធបែបនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ៦នាក់ ក្រោយអ៊ីស្រាអែលវាយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


