Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់​​ធ្ងន់ធ្ងរ​​នៅ​​ភាគ​និរតី​​​ប្រទេស​ចិន បង្ខំ​​ជម្លៀស​​​មនុស្ស​​ជាង​៨ម៉ឺននាក់​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNA កាលពីថ្ងៃទី២៥ខែមិថុនា មនុស្សជាង៨ម៉ឺននាក់ត្រូវបានជម្លៀស​​​ចេញ​​ពី​លំនៅ​ឋាន​ ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង​ជា​បន្តបន្ទាប់​​បង្កជាទឹកជំនន់។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់នេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដោយក្រុមអ្នកជួយសង្គ្រោះហៅវាថាជាគ្រោះមហន្តរាយទឹកជំនន់កើតឡើង​ក្នុង​ពេល៥០ឆ្នាំម្ដង។ ទឹកជំនន់នេះបានជន់លិចសហគមន៍ទាំងមូល និងនាំទៅដល់ការជួយសង្គ្រោះពលរដ្ឋរងគ្រោះយ៉ាងទូលំទូលាយ។

ក្រុមអ្នកសង្គ្រោះបន្ទាន់បានប្រើប្រាស់ទូក និងយន្តហោះគ្មានមនុស្សបើក ដើម្បីជម្លៀសអ្នកស្រុក និងចែកចាយការផ្គត់ផ្គង់សំខាន់ៗដូចជាអង្ករជាដើម។ ទឹកជំនន់​ក៏បាន​ប៉ះពាល់​ដល់​ខេត្ត Guangxi និង Hunan ដែល​នៅ​ជិតខាង​ផងដែរ ដែល​មនុស្ស​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវ​បង្ខំចិត្ត​ឲ្យជម្លៀសចេញ​។ កាលពីដើមខែនេះ ក៏មានមនុស្សជិត ៧០,០០០ នាក់ត្រូវបង្ខំផ្លាស់ទីលំនៅនៅភាគខាងត្បូងប្រទេសចិន បន្ទាប់ពីព្យុះទីហ្វុង Wutip បានបង្កការខូចខាតស្រដៀងគ្នានេះ។

អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ជួយ​ជម្លៀស​អ្នក​ស្រុកចេញ​ពី​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ (រូបភាព៖ Xinhua)

ប្រទេស​ចិន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ចំពោះ​ជំនន់ទឹកពី​ភ្នំ ដែល​ជា​កម្រិត​ព្រមាន​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​ចំនួន​ប្រាំមួយ ខណៈ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ​ប្រឈម​នឹង​រលក​កម្ដៅ​ខ្លាំងទៅវិញ។ ព្រឹត្តិការណ៍ទាំងនេះគឺជាផ្នែកមួយនៃការប្រែប្រួលអាកាសធាតុ និងកាន់តែអាក្រក់ឡើងដោយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ដើម្បី​ជួយ​ដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ស្ថាប័នរៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនបាន​ចែកប្រាក់ចំនួន ១០០លានយ័ន (ប្រហែល១៤លានដុល្លារ​) សម្រាប់ជំនួយសង្គ្រោះគ្រោះមហន្តរាយនៅទីក្រុង Guizhou។

ទោះ​បីជា​ប្រទេសចិនផលិតឧស្ម័នផ្ទះកញ្ចក់ច្រើនជាងប្រទេស​ទាំងអស់​ក្នុងពិភពលោក​ក៏ដោយ រដ្ឋាភិបាល​ចិន​បានសន្យាថានឹងឈប់​បញ្ចេញ​កាបូនបន្ថែមទៅក្នុងបរិយាកាសនៅឆ្នាំ​២០៦០។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនកំពុងធ្វើការដើម្បីក្លាយជាប្រទេសនាំមុខគេលើពិភពលោកខាងថាមពលស្អាត ដូចជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់៕

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម