Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ រិះគន់​កូរ៉េ​ខាង​ត្បូង​ថា «ចាយ​លុយ​តិចពេក» គ្រាន់​តែ​ដើម្បីការពារ​ខ្លួន​ឯង​សោះ

បានផុស

នៅ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងគួរតែបង់ថ្លៃការពារខ្លួនទាំងស្រុង ជំនួសឲ្យ​ការពឹងផ្អែកលើប្រាក់ និងកងទ័ពរបស់សហរដ្ឋ​អាមេរិក។

​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​សេតវិមាន​ថ្ងៃ​ទី​៨កក្កដា​២០២៥ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​អង្គារ​ទី​៨ខែ​កក្កដា​ថា កូរ៉េខាងត្បូងគឺជាប្រទេសអ្នកមាន ដូច្នេះ​ហើយ​ពួក​គេ​​គួរតែចំណាយសម្រាប់យោធារបស់ខ្លួន តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​បែរ​ជា«ចំណាយ​​លុយ​តិច​ពេក»។

លោក ត្រាំ បាន​​​លើក​ឡើង​ថា «ខ្ញុំបាន​ឲ្យ​ពួកគេបង់ប្រាក់រាប់ពាន់លានដុល្លារ ហើយបន្ទាប់មក(អតីត​ប្រធានាធិបតី ចូ) បៃដិន លុបចោលនៅពេលគាត់ចូលមក(កាន់​តំណែង)។ ខ្ញុំ​លើក​យកកូរ៉េខាងត្បូងជាឧទាហរណ៍ អ្នកដឹងទេថាយើងផ្តល់​ឲ្យ​អ្នកនូវយោធាដោយឥតគិតថ្លៃ តែ​បាន​មក​វិញ​តិចតួច​ណាស់…ហើយខ្ញុំគិតថា អ្នកគួរតែបង់ប្រាក់​ឲ្យ​យើង ១០​ពាន់លានដុល្លារក្នុងមួយឆ្នាំ»។

សព្វ​ថ្ងៃ សហរដ្ឋអាមេរិកបន្តរក្សាទាហានប្រហែល ២៨ ៥០០​នាក់នៅលើឧបទ្វីបកូរ៉េ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិសុខយូរអង្វែង​រវាង​ប្រជាជាតិ​ទាំង​ពីរ។

ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើ​ឲ្យ​មានភាពតានតឹងឡើងវិញ ជុំវិញការចែករំលែកការចំណាយលើវិស័យការពារជាតិ ដែលជាប្រធានបទគាត់បានរិះគន់ជាញឹកញាប់ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។ ពីមុនលោកបានជំរុញ​ឲ្យ​ទីក្រុងសេអ៊ូលបង្កើនការបង់ប្រាក់របស់ខ្លួនយ៉ាងខ្លាំង នៅក្រោមកិច្ចព្រមព្រៀងវិធានការពិសេស(SMA) ដែលគ្រប់គ្រងពីរបៀបដែលប្រទេសទាំងពីរបែងចែកការចំណាយលើការឈរជើងរបស់កងកម្លាំងសហរដ្ឋអាមេរិក។

បច្ចុប្បន្នកូរ៉េខាងត្បូងផ្តល់វិភាគទានត្រឹមតែជាង ១​ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែលោក ត្រាំ ពីមុនបានទាមទាររហូតដល់ ៥​ពាន់លានដុល្លារ ដោយហៅការរៀបចំបច្ចុប្បន្នមិនយុត្តិធម៌ចំពោះសហរដ្ឋអាមេរិក​ឡើយ។

ការអត្ថាធិប្បាយនេះ ក៏ធ្វើតាមការប្រកាសនាពេលថ្មីៗនេះរបស់លោក ត្រាំ អំពីពន្ធថ្មីលើទំនិញអាស៊ី ដោយធ្វើ​ឲ្យ​ទំនាក់ទំនងកាន់តែតានតឹងជាមួយសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋ​អាមេរិក រួមទាំងកូរ៉េខាងត្បូង និងជប៉ុនផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម