ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យសម្រួលនីតិវិធីគយប្រែក្លាយព្រលានកម្ពុជា ជាមជ្ឈមណ្ឌលភស្តុភារកម្មនៅក្នុងតំបន់
ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោនៅព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឲ្យសម្រួលនីតិវិធីគយដើម្បីបង្កើតការប្រកួតប្រជែង និងនាំអាកាសយានដ្ឋានរបស់កម្ពុជាជាមជ្ឈមណ្ឌលភស្តុភារកម្ម (Logistic Hub) នៅក្នុងតំបន់។
ថ្លែងនៅចំពោះឥស្សរជនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមកពីវិស័យឯកជនជាច្រើនក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងថា កន្លងទៅមានក្រុមហ៊ុនភស្តុភារកម្មខ្នាតយក្សដ៏ធំមួយបានមកសិក្សាអាកាសយានដ្ឋានអន្តរជាតិតេជោ។

សម្តេចថា ដើម្បីឲ្យអាកាសយានដ្ឋានថ្មីរបស់កម្ពុជាក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម ត្រូវរៀបចំនីតិវិធីឆ្លងកាត់ឲ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាព។
សម្តេចបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យកន្លែងនេះទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម ទាល់តែសម្រួលនីតិវិធីគយឲ្យបានលឿន និងមានប្រសិទ្ធភាព»។
សម្តេចបន្តថា «យើងអាចយករូបមន្តពីប្រទេសមួយចំនួនមកសិក្សា ហើយសាកជាគម្រោង។ ប៉ុន្តែយើងមិនអាចដូរម្ដងទូទាំងប្រទេសនោះទេ តែយើងអាចចាប់ផ្ដើមសិក្សាអនុវត្តនៅអាកាសយានដ្ឋានអន្តរជាតិតេជោមុនគេ ធ្វើយ៉ាងណារុញវាឲ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្មព្រោះកន្លែងនេះអំណោយផល ទីតាំងធំទូលាយ»។

នៅក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅព្រឹកនេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានប្រកាសពីដំណើរការសាងសង់ឃ្លាំងទំនិញ (Cargo Terminal) ទី ២ និងចំណតយន្តហោះ Cargo បន្ថែម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោយចំណាយទុនវិនិយោគប្រមាណ ៥០ លានដុល្លារ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា ការវិនិយោគបន្ថែមនេះគឺយោងទៅតាមកំណើនទំនិញ Cargo និងដើម្បីត្រៀមឲ្យអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន (Logistic Hub) និងការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transhipment)។

ក្រៅលើកពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមក្នុងព្រលាន លោកឧកញ៉ាបានប្រកាសពីផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១០០ លានដុល្លារអាមេរិកតភ្ជាប់ពីបឹងជើងលោងដែលនៅប៉ែកខាងត្បូងព្រលានទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោរហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាដើម្បីឲ្យតំបន់ព្រលានក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានអភិវឌ្ឍជា ៣ ដំណាក់កាល ដែលដំណាក់កាលទី ១ បានបញ្ចប់ដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី ២ អាចទទួលអ្នកដំណើរបាន ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី ៣ អាចទទួលអ្នកដំណើរបាន ៥០ លាននាក់ក្នុងមួយឆ្នាំ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


