Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោគាំទ្រការលក់ទំនិញថៃស្តុកចាស់ឱ្យអស់ តែមិនត្រូវលួចនាំចូលថ្មីរួចបោកប្រាស់ថាជាទំនិញចាស់ឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រឱ្យអ្នកលក់ដូរនៅកម្ពុជា លក់ទំនិញថៃឱ្យអស់ ចំពោះទំនិញគ្រប់ប្រភេទដែលបាននាំចូលមកលក់លើទីផ្សារក្នុងស្រុកមុនពេលកម្ពុជា-ថៃ មានបញ្ហាជម្លោះព្រំដែនដ៏ចម្រូងចម្រាស់ជាមួយគ្នា ប៉ុន្តែឈ្មួញត្រូវមានភាពស្មោះត្រង់ មិនត្រូវលួចនាំចូលទំនិញគ្រប់ប្រភេទរបស់ថៃចូលមកលក់លើទីផ្សារក្នុងស្រុករួចបោកប្រាស់អ្នកទិញថាជាទំនិញចាស់ដែលសល់ក្នុងស្តុកនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន សែន បានលើកឡើង តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនារាត្រីថ្ងៃទី២០ ខែតុលា ដូច្នេះ៖« ខ្ញុំគាំទ្រការលក់ទំនិញចាស់ឲ្យអស់តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។ សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន។ »។

គួរកត់សម្គាល់ថា ចលនាពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់ទំនិញថៃបានកើតឡើង បន្ទាប់ពីថៃបានបាញ់ប្រហារមកលើកងទ័ពកម្ពុជាម្នាក់បណ្ដាលឱ្យបាត់បង់ជីវិតនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយថៃ ចេះតែប្រមាថមកលើ ប្រើអំពើហិង្សារលើពលករខ្មែរនៅលើដីថៃ។ ចលនាជាតិនិយម ពហិការឈប់ប្រើប្រាស់ទំនិញថៃ បានរីកធំឡើងៗ និងចាក់ចូលទៅជ្រៅក្នុងបេះដូងពលរដ្ឋខ្មែរ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារដោយអាវុធទ្រង់ទ្រាយធំមកលើកងទ័ពកម្ពុជា និងពលរដ្ឋស៊ីវិល នៅតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្ដរមានជ័យ កាលពីចុងខែកក្កដាកន្លងទៅ និងទង្វើថៃចាប់កងទ័ពកម្ពុជាយកប្រមាណ២០នាក់ក្រោយបទឈប់បាញ់ ដោយបញ្ជូនយោធិនកម្ពុជាមកវិញចំនួនត្រឹមតែ២នាក់ ក្នុងនោះម្នាក់មានសភាពរបួសធ្ងន់ធ្ងរដើរមិនរួច និងម្នាក់ទៀតរបួសស្មារតីធ្ងន់ធ្ងរ និងឃុំខ្លួនកងទ័ពកម្ពុជា មិនដោះលែង។

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា  វាយតម្លៃថា ប្រជាជនខ្មែរជាច្រើន ស្ទើរតែ៩៩ភាគរយនៃប្រជាជនសរុបទៅហើយ បានពហិការមិនប្រើប្រាស់ទំនិញថៃ ដើម្បីឆ្លើយតបទាំងការឈឺចាប់ទៅនឹងការប្រមាថ និងការឈ្លានពានមកលើកម្ពុជា ក្នុងនោះមិនថាតែប្រជាជននៅក្នុងប្រទេស ឬពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ។

ជុំវិញចលនាធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃនេះ សម្ដេច ហ៊ុន សែន មើលឃើញថា ចលនានេះបានក្លាយទៅជាបន្ទុកធ្ងន់ចំពោះអាជីវករខ្មែរលក់ដូរទំនិញថៃនៅសល់ ព្រោះមិនដឹងត្រូវយកទំនិញថៃទាំងនោះទៅណា មិនដឹងថាត្រូវដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ។

សម្ដេច ហ៊ុន សែន ក៏បានណែនាំទៅកាន់អ្នកទិញទំនិញ ក៏គួរពិនិត្យមើលលើទំនិញថៃដែលលក់លើទីផ្សារថាជាទំនិញចាស់ ឬទំនិញថ្មី ពីព្រោះទំនិញតែងមានកាលកំណត់របស់វា ហើយពលរដ្ឋខ្មែរត្រូវខិតខំផលិតទំនិញក្នុងស្រុកនិងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

គួរឱ្យដឹងថា សម្តេច​តេជោ ហ៊ុន សែន ធ្លាប់បាន​អះអាង​ថា ក្នុងមួយឆ្នាំៗ​ពលរដ្ឋ​កម្ពុជា​បាន​យក​ប្រាក់​មិនតិចជាង ៥ ពាន់​លាន​ដុល្លារទៅទិញទំនិញពី​​ប្រទេស​ថៃ។


យោងតាមរបាយការណ៍អគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា នៅក្នុង​រយៈ​ពេល ​៩ ខែ ​ឆ្នាំ ២០២៥ ការធ្វើពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-ថៃ ​សម្រេច​បាន​នូវ​​ទំហំ​ទឹក​ប្រាក់​ជាង ២.៩ ​ពាន់​លាន​ដុល្លារ ​ធ្លាក់​ចុះ ៨,២% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានតម្លៃជាង ៥៧៦លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាមានតម្លៃ  ២.៣ពាន់លានដុល្លារ៕

ដោយ៖​ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម