ព័ត៌មានជាតិ
កម្ពុជា និងប្រទេសនៅតំបន់មេគង្គ-ឡានឆាង បង្កើនកិច្ចសហការរួមគ្នាដោះស្រាយបញ្ហាមីន
កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាស្តីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ សិក្ខាសាលា ត្រូវបានរៀបចំឡើងពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន របស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងរួមទាំងកម្ពុជា។

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។
ក្នុងឱកាសនោះ លោក លី ធុជ ថ្លែងអំណរគុណ ជូនចំពោះគណៈប្រតិភូពីប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធសកម្មភាពមីន ដែលបានចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់នេះ ដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកបញ្ជាក់ទៀតថា៖« កម្ពុជា រួមទាំងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តមានដែលទាមទារឱ្យបង្កើនកិច្ចសហប្រតិបត្តិការតំបន់កាន់តែខ្លាំងក្លា ជាពិសេសតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងរវាងគ្នានិងគ្នា។ ដរាបណាស្លាកស្នាមសង្គ្រាមមិនទាន់បាត់រសាត់ ការប្តេជ្ញាចិត្តរបស់យើងនៅតែមានជានិច្ច»។
លោកក៏បានលើកឡើងពីសារសំខាន់នៃទន្លេមេគង្គ គឺជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ ហេតុនេះ យើងត្រូវរួមគ្នា ដើម្បីធានាថាតំបន់មេគង្គ-ឡានឆាង មានសុខសន្តិភាព និងសុវត្ថិភាព តាមរយៈការលុបបំបាត់កេរ្តិ៍ដំណែលសង្គ្រាម និងបន្សល់ទុកកេរ្តិ៍ដំណែលក្តីសង្ឃឹមនិងឱកាស។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក។ ក្រៅពីសកម្មភាពមីន ចិនបានចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងពិភពលោក៕
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


