Connect with us

ព័ត៌មានជាតិ

អ្នកនាំផ្លូវ អំពាវនាវភ្ញៀវទេសចរទៅលេងឧទ្យានជាតិវីរៈជ័យ សម្បូរទៅដោយជីវៈចម្រុះនិងសត្វកម្រ

បានផុស

នៅ

ខេត្តរតនគិរី៖ ឧទ្យានជាតិវីរៈជ័យ វើនសៃ-សៀមប៉ាង ត្រូវបានគេស្គាល់ថា ជាទីកន្លែងមានព្រៃឈើធំធេង លាត់សន្ធឹងពីខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលសម្បូរទៅដោយជីវៈចម្រុះ និងសត្វព្រៃ និងសត្វកម្រៗជាច្រើនប្រភេទ។ ជាពិសេស នៅពេលកន្លងទៅនេះ សត្វទោចថ្ពាល់លឿង ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជលើពិភពលោក ត្រូវបានគេប្រទះ​ឃើញនៅក្នុងឧទ្យានជាតិ ដែលជាដំណឹងល្អសម្រាប់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការរកឃើញសត្វកម្រនេះ លោក យ៉ុន សារិន ជនជាតិដើមភាគតិច ដែលបម្រើការនៅក្នុងសហគមន៍ និងជាអ្នកនាំផ្លូវ បានអំពាវនាវដល់ភ្ញៀវទេសចរ ចំណាយពេលទៅលេងកម្សាន្តនៅឧទ្យានជាតិវីរៈជ័យ វើនសៃ-សៀមប៉ាង ឱ្យបានច្រើនដើម្បីមើលឃើញភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិ និងសត្វកម្រៗជាច្រើនប្រភេទ។ ការទៅលេងកម្សាន្តនេះ នឹងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងអភិរក្សព្រៃឈើផងដែរ។ លោកថ្លែងប្រាប់ថា៖« ការងារសំខាន់ៗរបស់ខ្ញុំគឺទៅអភិរក្សព្រៃឈើ និងមើលសត្វទោច មិនត្រឹមតែមានការធ្វើ មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ក៏មានប្រាក់ចំណូលទៅដល់សហគមន៍។ ខ្ញុំក៏ជាអ្នកនាំភ្ញៀវដោយជិះម៉ូតូ ការថ្មើរជើង ឬជិះគោយន្ត ទៅលេងតំបន់នោះ»។

ភ្ញៀវទេសចរណ៍ អាចបោះតង់នៅក្នុងព្រៃ ស្តាប់សត្វទោចញីឈ្មោលបន្លឺសំឡេងនៅពេលព្រឹកទៅវិញទៅមកដើម្បីរកស្វែងរកគ្នា ចន្លោះចាប់ពី ១ ទៅ ២ គីឡូម៉ែត្រ អាស្រ័យទៅលើស្ថានភាពគម្រប់ព្រៃឈើ ដែលដុះក្រាស់ឬញឹក ។

សត្វទោចថ្ពាល់លឿង ជាប្រភេទសត្វកម្រដែលជាធម្មតាវារស់នៅក្នុងក្រុមតូចៗ ចាប់ ២ ទៅ ៥ ក្បាល ពួកវាចំណាយពេលវេលាជាច្រើនម៉ោង រស់នៅលើដើមឈើខ្ពស់ៗ។ អាហាររបស់វានោះរួមមាន ស៊ីផ្លែឈើ ត្រួយឈើ ផ្កា និងស៊ីសត្វល្អិតតូចៗ ជាដើម។ សត្វទោចញីនៅពេលវ័យបង្កើតកូនតែ ១ គត់បន្ទាប់ពីពពោះ អស់ពេល ២១០ ថ្ងៃ ទើបកើតកូន ហើយនៅពេលសម្រាលកូនរួច វាមើលថែកូនរបស់វាចាប់ពី២ទៅ៣ឆ្នាំ ទើបវាយកកូនម្តងទៀត។

កាលពីឆ្នាំ២០១០ អ្នកស្រាវជ្រាវបានរកឃើញប្រភេទសត្វទោចថ្ពាល់លឿងនេះ ថាជាប្រភេទសត្វថ្មីកម្រ ដែលមានវត្តមានតែនៅតំបន់ឧទ្យានជាតិវិរៈជ័យ វើនសៃ-សៀមប៉ាង ហើយមានសារៈសំខាន់ណាស់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្ត។

អង្គការអភិរក្សអន្តរជាតិ (CI) និងមន្ទីរបរិស្ថានខេត្តរតនគិរី មន្ទីរពាក់ព័ន្ធ និងសហគមន៍ កំពុងផ្តួចផ្តើមគំនិត “បង្កើតតំបន់ទេសចរណ៍ធម្មជាតិ សត្វទោចថ្ពាល់លឿងខាងជើង” ដែលអាចឱ្យអ្នកទស្សនា អាចស្តាប់និងមើលឃើញសត្វទោច នៅក្នុងព្រៃធម្មជាតិ និងស្តាប់សំឡេងរបស់វា ។

តំបន់អភិរក្សព្រៃធម្មជាតិសត្វទោចនេះ មានសារប្រយោជន៍ជួយថែរក្សាព្រៃឈើ ជាទីជំរកសត្វទោច ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរ ទៅសិក្សាស្រាវជ្រាវ មើលលេងកម្សាន្ត ផ្តល់ជាប្រភពចំណូលទៅដល់សហគមន៍ ជនជាតិដើមភាគតិច តាមរយៈនាំភ្ញៀវទៅទស្សនាសត្វទោច ភ្ញៀវក៏ទៅទស្សនាបក្សីប្លែកៗ ដើមឈើធំៗ និងជីវចម្រុះផ្សេងៗជាច្រើនទៀត ។ អ្នកទេសចរណ៍អាចទៅស្នាក់នៅទស្សនាសត្វទោចថ្ពាល់លឿង និងធនធានធម្មជាតិនេះចាប់ពីខែ មករា-ឧសភា ជាពេលវេលាល្អមិនមានភ្លៀងធ្លាក់នាំឱ្យពិបាកធ្វើដំណើរនិងស្រួលដើរព្រៃ។

សត្វទោចថ្ពាល់លឿងខាងជើងនេះ ត្រូវបានគេកត់ត្រានៅក្នុងសៀវភៅក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ថាជាប្រភេទសត្វកម្រថ្មីមួយកំពុងរងគ្រោះជិតផុតពូជដែលរងការបរបាញ់ដាក់អន្ទាក់ របស់ព្រានព្រៃនៅសល់តិចតួចបំផុត៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម