ព័ត៌មានជាតិ
ការរកឃើញប្រភេទជីវៈចម្រុះថ្មីៗនៅកម្ពុជា បង្ហាញតម្លៃធនធានធម្មជាតិត្រូវបានការពារ
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីៗ នៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា បង្ហាញតម្លៃធនធានធម្មជាតិកម្ពុជាកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ លោកបានលើកឡើងបែបនេះ ក្រោយអ្នកជំនាញស្រាវជ្រាវរកឃើញតុកកែប្រភេទថ្មីមួយទៀត សម្រាប់ពិភពលោកនៅកម្ពុជា។

សម្រាប់ការការរកឃើញប្រភេទជីវៈចម្រុះនេះទៀតសោត លោក ខ្វៃ អាទិត្យា បានលើកឡើងថា កាលពីពេលថ្មីៗនេះ ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះ ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅតាមតំបន់ព្រៃឈើរបស់កម្ពុជា ដែលជាសូចនាករបង្ហាញពីភាពចាំបាច់ ក្នុងការសិក្សាបន្តនៅកន្លែងផ្សេងទៀត ក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ដើម្បីការពារប្រភេទជីវៈចម្រុះទាំងអស់នេះ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ការបារធម្មជាតិនានា ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។
យ៉ាងណាមិញ ក្រោមការសហការរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិក ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានស្រាវជ្រាវរកឃើញតុកកែប្រភេទថ្មីមួយទៀត សម្រាប់ពិភពលោកនៅកម្ពុជា ដែលបានដាក់ឈ្មោះថា Cyrtodactylus regicavernicolus ឈ្មោះជាភាសាខ្មែរថា តុកកែភ្នំព្រះគុហារហ្លូង និងឈ្មោះជាភាសាអង់គ្លេសថា Royal Cave Bent-toed Gecko។
បើតាមលោក ឈិន សុភា មន្ត្រីជំនាញនៃនាយកដ្ឋានជីវៈចម្រុះ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងការសិក្សានេះ បានឱ្យដឹងថា ការស្រាវជ្រាវ រុករក និងប្រមូលសំណាក ធ្វើឡើងក្នុងពេលយប់នៅតាមល្អាងភ្នំ នៅតំបន់បេតិភណ្ឌធម្មជាតិភ្នំ ព្រះគុហារហ្លួង តំបន់ជុំវិញ និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត នៅឆ្នាំ២០២១ និង២០២២។

លោកបានអះអាងថា«ដើម្បីអាចបញ្ជាក់បានថា ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក អ្នកជំនាញបានធ្វើការពិនិត្យ និងវិភាគទៅលើលក្ខណៈខាងក្រៅ (Morphology) លក្ខណៈខាងក្នុង ឬធនធានពន្ធុ (Genetic) និងស្ថិតិវិភាគប្រៀបធៀប ជាមួយនឹងសំណាកនៃប្រភេទ ដែលមានរូបរាងប្រហាក់ប្រហែល ចំនួន ១២ប្រភេទផ្សេងគ្នា នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង»។
លក្ខណៈសម្គាល់របស់ តុកកែភ្នំព្រះគុហារហ្លូង គឺជាតុកកែដែលរស់នៅតែក្នុងល្អាងភ្នំថ្មកំបោរនៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង។ ឈ្មោលពេញវ័យមានប្រវែងខ្លួនវែងបំផុត ៧៧.៦មម តូចជាងញី ដែលមានប្រវែង ៨០.៧មម ខ្លួនមានបង្កង់សម្បុរត្នោតចាស់ពី ៤ទៅ ៥កង់។ តាមការសិក្សាតុកែនេះអាចចូលទៅក្នុងរូងថ្មដែលអាចមានជម្រៅរហូតដល់ ២០ម៉ែត្រនៅពេលថ្ងៃ និងចេញមកជិតៗមាត់ល្អាងនៅពេលយប់ដើម្បីរកចំណី។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃដីទំហំ ២៥ហិចតា។ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ត្រូវបានបង្កើតឡើងដើម្បី ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ និងកម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ មិនតែប៉ុណ្ណោះ ការបង្កើតតំបន់បេតិកភណ្ឌនេះ ក៏ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


