ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត៖ បណ្ណសារដ្ឋានជាតិគឺជាឃ្លាំងចំណេះដឹងសម្រាប់ការសិក្សាកម្រិតជាតិ-អន្តរជាតិ
ឧបនាយករដ្ឋមន្រ្តីប្រចាំការលោក វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ គឺជាកន្លែងតម្កល់ទុកនូវបណ្ណសារដែលជារតនសម្បត្តិ និងជាកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយក៏ជាឃ្លាំងនៃចំណេះដឹងដែលមានប្រភពឯកសារសំខាន់ៗជាច្រើនសម្រាប់ការសិក្សា និងការស្រាវជ្រាវកម្រិតជាតិ និងអន្តរជាតិ ព្រោះឯកសារទាំងនោះមានលក្ខណៈពិសេស និងជាឯកសារកម្រ ដែលមិនអាចរកបាននៅទីកន្លែងផ្សេងឡើយ។

លោកបានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពី «បណ្ណសារ និងការចងចាំជាតិ៖ ឆ្ពោះទៅខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា» ដែលមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ មន្រ្តីចងក្រងប្រវត្តិសាស្រ្ត និងសិស្សនិស្សិតជាច្រើននាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងចំនួន ២ គឺ៖ ទី១. ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លៃ និងតួនាទីមិនខ្វះបានរបស់បណ្ណសារដ្ឋានជាតិ ក្នុងការអភិរក្ស, ការថែរក្សា និងការគ្រប់គ្រងឯកសារជាតិ, ឯកសារប្រវត្តិសាស្រ្ត និងកំណត់ត្រានានា ដែលមានអាយុកាលយូរលង់ ហើយសុទ្ធតែជាឯកសារដ៏មានតម្លៃ និងជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន។
ទី២. ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់បណ្ណសារដ្ឋានជាតិឱ្យបានកាន់តែទូលំទូលាយ ក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ, សិស្ស និស្សិត ក៏ដូចជាសាធារណជនទូទៅផងដែរ ព្រោះឯកសារជាតិ បានឆ្លុះបញ្ចាំងនូវគ្រប់ទិដ្ឋភាពនៃនយោបាយ, រដ្ឋបាល, សេដ្ឋកិច្ច, សង្គមកិច្ច, អរិយធម៌, វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរពីអតីតកាល ដែលមិនត្រឹមតែអាចធ្វើឱ្យខ្មែរយើងបានដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែធនធានមរតកប្រវត្តិសាស្រ្តដ៏កម្រទាំងនេះ ក៏មានសារៈសំខាន់ក្រៃលែង ដែលជួយធ្វើឱ្យយើងអាចកំណត់ និងបង្ហាញភស្តុតាងអំពីអត្តសញ្ញាណរបស់ខ្មែរយើងបានថែមទៀត។

តែទោះបីជាយ៉ាងនេះក្តី ក៏មានមន្រ្តីសាធារណៈខ្លះ និងសាធារណជនទូទៅមួយចំនួនមានការយល់ដោយភាន់ច្រឡំថា បណ្ណសារគ្រាន់តែជាការប្រមូលឯកសារចាស់ៗមករក្សាទុកតែប៉ុណ្ណោះ ដែលប្រការនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការយល់ដឹងអំពីមុខងារ និងសារៈសំខាន់របស់បណ្ណសារ នៅមិនទាន់បានទូលំទូលាយនៅឡើយ។ ក៏ប៉ុន្តែជាក់ស្តែង, បណ្ណសារដ្ឋានជាតិ គឺជាស្ថាប័នរស់ និងជាអង្គចងចាំរបស់ប្រទេសជាតិ ហើយក៏ជាទីតាំងដែលតម្កល់និងបង្ហាញអំពីវប្បធម៌, អរិយធម៌, របៀបគ្រប់គ្រងប្រទេស និងដំណើររបស់កម្ពុជាផងដែរ។

លោកសង្កត់ធ្ងន់ថា៖«ដូចនេះ ការធ្វើកែទម្រង់ ការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារដ្ឋានជាតិនេះ គឺជាកិច្ចការ ចំាបាច់បំផុតមួយ ជាពិសេសក្នុងបរិការណ៍បច្ចុប្បន្ន ដើម្បីធ្វើឱ្យបណ្ណសារដ្ឋានជាតិក្លាយជាកន្លែងមានស្តង់ដា ក្នុងការទាក់ទាញអ្នកស្រាវជ្រាវ និងជាស្ថាប័នតម្កល់ឯកសារឈានមុខរបស់ជាតិ ប្រកបដោយនវានុវត្តន៍ សំដៅចូលរួមចំណែកក្នុងការផ្តល់នូវចំណេះដឹង, ការការពារ និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹងការចងចាំអត្តសញ្ញាណជាតិ និងវប្បធម៌ស្នេហាជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត»។
ដោយមើលឃើញពីសារៈសំខាន់នៃវិស័យបណ្ណសារនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាបណ្ណសារ លោក វង្សី វិស្សុត បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំតាក់តែងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃការងារបណ្ណសារនិងរាជកិច្ច និងបានដឹកនាំក្រុមការងារធ្វើទំនើបកម្មនិងកំណែទម្រង់បណ្ណសារដ្ឋានជាតិ និងបានពិនិត្យនិងអនុម័តលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីក្របខ័ណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ចនិងតម្កល់ឯកសារជាតិរយៈពេល៥ឆ្នាំ (២០២៤-២០២៨)។

ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន១០ សំដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង, ការថែរក្សាទុក និងការអភិវឌ្ឍនៃវិស័យបណ្ណសារឱ្យសមស្របទៅតាមសភាពការណ៍ចំពោះមុខ ទាំងផ្នែករចនាសម្ព័ន្ធ, ធនធាន និងការកសាងលិខិតបទដ្ឋានគតិយុត្តថ្មីអនុលោមទៅតាមបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ដោយឡែក ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចេកទេសនិងបទពិសោធថ្មីៗទៅលើដំណើរការនេះ បណ្ណសារដ្ឋានជាតិ ក៏បានសហការជាមួយអង្គភាពបណ្ណសារនៃអ.វ.ត.ក. ឬសាលាក្តីខ្មែរក្រហម ដែលបាននិងកំពុងគ្រប់គ្រងនិងថែរក្សាឯកសារតុលាការចំនួន ២៣៣ ៨៣៦ ឯកសារ ស្មើនឹង ២,៥លានទំព័រជាបីភាសា (ខ្មែរ អង់គ្លេស និងបារាំង) ដែលមានស្តង់ដាអន្តរជាតិ។

បណ្ណសារដ្ឋានជាតិនៃកម្ពុជា (NAC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៦ ហើយបើគិតត្រឹមឆ្នាំ២០២៥នេះ អគារបណ្ណសារដ្ឋានជាតិកម្ពុជាមានអាយុកាល ៩៩ឆ្នាំ ដែលមានផ្ទុកបណ្ណសារ តាំងពីសម័យបារាំងរហូតមកដល់បច្ចុប្បន្ន ដែលមានឯកសារប្រមាណ ៨០% ជាភាសាបារាំង និងប្រមាណ ២០% ផ្សេងទៀត ជាភាសាខ្មែរ និងភាសាផ្សេងៗ សរុបចំនួន ២,០០០ ម៉ែត្រលីនេអ៊ែ។ ក្នុងនោះមានដូចជា ផែនទី, ប្លង់ស្ថាបត្យកម្ម, ព្រះឆាយាល័ក្ខណ៍, រូបថត, កាសែត, ទស្សនាវដ្តី, រាជកិច្ច, រដ្ឋកិច្ច, ផ្ទាំងផ្សព្វផ្សាយ និងខិតបណ្ណជាដើម។ល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


