Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ សង្ឃឹមថា ពេលអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ទាំងប៉ូលិស និងពលរដ្ឋ ឈរលើគោលការណ៍ច្បាប់ជាធំ

បានផុស

នៅ

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម និងទស្សនវិជ្ជា បានលើកឡើងថា នៅពេលដែលមន្ត្រីនគរបាលចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ លោកសង្ឃឹមថា ឥរិយាបថចាស់ៗដែលមិនល្អរបស់ប៉ូលិសមួយចំនួននឹងមិនកើតមានទៀតទេ ព្រោះកន្លងមកមានបូលិសចរាចរណ៍មួយចំនួនប្រព្រឹត្តនូវកំហុសឆ្គង ហើយក៏ត្រូវបានហៅទៅអប់រំ ឬដកចេញពីក្របខ័ណ្ឌតែម្តង។ លោកក៏សង្ឃឹមថា ពលរដ្ឋ ក៏ត្រូវតែគោរពដល់មន្ត្រីនគរបាលដូចគ្នាប្រសិនបើការអនុវត្តច្បាប់នោះត្រឹមត្រូវ ពោល ទាំងប៉ូលិស និងពលរដ្ឋ ត្រូវឈរលើគោលការណ៍ច្បាប់។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ បើតាមការលើកឡើងរបស់លោកបណ្ឌិត ក្នុងកិច្ចសម្ភាសវេទិកាអ្នកជំនាញជាមួយ កម្ពុជាថ្មី កាលពីសប្តាហ៍មុន ស្តីពី វត្តមានប៉ូលិសចរាចរណ៍នឹងធ្វើឱ្យអ្នកបើកបរគោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ។ គួររម្លឹកថា កាលពីពេលថ្មីៗ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។

ជុំវិញការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញនេះ លោកបណ្ឌិត ឈត ប៊ុនថង យល់ថា គឺជារឿងល្អ ព្រោះថា ការណ៍នេះនឹងជួយឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ឡើងវិញដើម្បីសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។ កន្លងមក លោកបណ្ឌិតទទួលស្គាល់ថា ប៉ូលិសមួយចំនួនបានប្រើប្រាស់ឥរិយាបថមិនសមរម្យ បំពានខុសក្រមសីលធម៌វិជ្ជាជីវៈ ដែលធ្វើ​ធ្វើឱ្យមហាជនខឹងសម្បារ។ ចំពោះប៉ូលិសដែលប្រព្រឹត្តខុសនោះ ក៏ត្រូវបានថ្នាក់លើហៅទៅអប់រំ ពិន័យ ឬឈានដល់ការដកចេញពីក្របខ័ណ្ឌដូចគ្នា។ ត្រង់ចំណុចនេះ លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា មិនថាជាប៉ូលិសដែលធ្លាប់ប្រព្រឹត្តខុស ឬប៉ូលិសទូទៅទេ លោកសង្ឃឹមថា នៅពេលដែលមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ រូបភាព និងបទពិសោធមិនល្អទាំងនេះនឹងមិនកើតមានទៀតទេ។

បន្ថែមពីនេះ លោកបណ្ឌិតក៏សង្ឃឹមដែរថា ពលរដ្ឋត្រូវតែចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អ ប្រសិនបើការអនុវត្តនោះធ្វើឡើងដោយត្រឹមត្រូវ ស្របតាមគោលការណ៍ ប៉ុន្តែ ប្រសិនជាការអនុវត្តនោះមិនត្រឹមត្រូវ មានការបំពាន ពលរដ្ឋក៏មានសិទ្ធិតវ៉ាដូចគ្នាប្រកបដោយពាក្យសម្តីល្អ មិនជេរប្រទេចដល់មន្ត្រីនគរបាល។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ “ទាំងអស់គ្នា ទាំងអ្នកអនុវត្តច្បាប់ទាំងប្រជាពលរដ្ឋហ្នឹងគឺថាយកច្បាប់ជាគោល។ អ៊ីចឹង បើសិនជាគេអនុវត្តតាមច្បាប់ហើយគឺថាត្រូវតែទទួលយក តែបើសិនជាអនុវត្តមិនត្រឹមត្រូវតាមច្បាប់ ត្រូវតែមានសិទ្ធិតវ៉ា តែគ្រាន់ថាការតវ៉ាហ្នឹងដោយពាក្យពីរោះពិសា លើកហេតុ លើកផល”។ លោកបណ្ឌិត ណែនាំឱ្យពលរដ្ឋតវ៉ាប្រសិនជាការអនុវត្តនោះមិនត្រឹមត្រូវ ប៉ុន្តែ តវ៉ាដោយសីលធម៌ កុំជេរប្រមាថដល់សមត្ថកិច្ចដែលអនុវត្តច្បាប់នោះ ព្រោះថា ទោះបីពលរដ្ឋជាជនរងគ្រោះ ប៉ុន្តែបែរជាទៅប្រមាថដល់មន្ត្រីរាជការជាសាធារណៈ បុគ្គលនោះក៏ត្រូវមានទោសដូចគ្នា។ ផ្ទុយទៅវិញ លោកថា ប្រសិនជាពលរដ្ឋចេះលើកហេតុផល ហើយសមត្ថកិច្ចនៅតែប្រមាថ បំពានខុសពីគោលការណ៍ច្បាប់ ក៏មានសិទ្ធិប្តឹងដូចគ្នា ពោល ទាំងសមត្ថកិច្ច និងពលរដ្ឋត្រូវតែប្រើប្រាស់ច្បាប់ជាគោល។

លោកបញ្ជាក់ថា៖ “ខ្ញុំសង្ឃឹមថា ការអនុវត្តជាថ្មីនេះ មិនជាន់ដានបទពិសោធអាក្រក់ដែលធ្លាប់មានកន្លងមកទេ ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ”។

អ្នកជំនាញ បណ្ឌិត ឈត ប៊ុនថង អំពាវនាវដល់មន្ត្រីអនុវត្តច្បាប់ និងពលរដ្ឋ ត្រូវតែគោរពគ្នាទៅវិញទៅមក និងគោរពច្បាប់ ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម