Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យថៃបន្តដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី

បានផុស

នៅ

ភ្នំពេញ ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានការប្រកាសពីកងទ័ពថៃអំពីការប្រើប្រាស់កម្លាំងយោធានៅតំបន់ជាប់ព្រំដែន។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយលើហ្វេសប៊ុកនាយប់ថ្ងៃទី០៨ ធ្នូ ២០២៥ សម្ដេចនាយករដ្ឋមន្ត្រីបានចំណាយថា ខ្លួន “ភ្ញាក់ផ្អើល” ចំពោះការផ្សាយព័ត៌មានថា កងទ័ពភូមិភាគទី១របស់ថៃបានប្រកាសពីគោលបំណងប្រើកម្លាំងដើម្បី “ដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ” នៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ ដោយរួមបញ្ចូលទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “បើថៃពិតជាស្រលាញ់សន្តិភាព និងស្រលាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី”។

សេចក្ដីថ្លែងការណ៍បានរំលឹកពីកិច្ចសហការរវាងប្រទេសទាំងពីរតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើឯកសារគតិយុត្តិពីសម័យអាណាព្យាបាលបារាំង។

សម្ដេចបានលើកឡើងថា ការងារ​វាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន​កំពុងដំណើរការដោយរលូននៅតាមផ្នែកព្រំដែនជាច្រើន រួមទាំងក្នុងចន្លោះបង្គោលលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩ នៅខេត្តបាត់ដំបង។

“ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ” ដោយការងារនៅតំបន់បង្គោលលេខ៥២-៥៩ ស្ទើរ​តែ​បញ្ចប់ ១០០%។

សម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីថៃ “បន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់” ដោយអះអាងថា “នេះជាវិធីសាស្ត្រងាយបំផុត តម្លាភាពបំផុត និងយុត្តិធម៌បំផុត”។

សេចក្ដីថ្លែងការណ៍បញ្ចប់ដោយការអះអាងពីគោលជំហររបស់កម្ពុជាថា “កម្ពុជាគ្មានគោលបំណងរំលោភលើដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសជិតខាងទេ” និងការសង្ឃឹមថា “ប្រទេសថៃ នឹងមានភាពស្មោះត្រង់ ក្នុងការទទួលយកលទ្ធផលដូចគ្នា” ពីដំណើរការវាស់វែងព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម