Connect with us

ព័ត៌មានជាតិ

ជនបរទេស បម្រើការងារបោសសម្អាតមីននៅកម្ពុជាជាង៤០ឆ្នាំ ទទួលបានគោរមងារក្នុងបញ្ជីកិត្តិយសពីព្រះមហាក្សត្រ

បានផុស

នៅ

លោក Michael ‘Mick’ Raine អ្នកគ្រប់គ្រងកម្មវិធីសម្រាប់អង្គការ APOPO កម្ពុជា ក្នុងវិស័យបោសសម្អាតមីន បានទទួលគោរមងារ OBE (Officer of the Order of the British Empire) ក្នុងបញ្ចីកិត្តិយសឆ្នាំថ្មីរបស់ព្រះមហាក្សត្រអង់គ្លេស ឆ្នាំ២០២៦។ នេះបើតាមស្ថានទូតអង់គ្លេសប្រចាំនៅភ្នំពេញ នៅថ្ងៃទី ៣០ ខែធ្នូនេះ បានបង្ហោះសារអបអរសាទរ និងមានមោទនភាពចំពោះបេសសកម្មរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mick ត្រូវបានទទួលស្គាល់ចំពោះការចូលរួមចំណែកដ៏ល្អឥតខ្ចោះរបស់លោកក្នុងការបោសសម្អាតមីនមនុស្សធម៌ និងការកំទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអស់រយៈពេលជាង៤០ឆ្នាំ។ ស្ថានទូតអង់គ្លេសបញ្ជាក់ថា៖«ការ​​ងាររបស់លោកនៅក្នុងប្រទេសកម្ពុជាបានជួយបោសសម្អាតដីគ្រោះថ្នាក់រាប់រយហិកតា ការពារគ្រួសារ និងប្រគល់ដីទៅឱ្យសហគមន៍សម្រាប់ធ្វើកសិកម្ម និងអភិវឌ្ឍន៍។ យើងមានមោទនភាពក្នុងការអបអរសាទរការប្តេជ្ញាចិត្តរបស់លោក Mick ចំពោះការងារជួយសង្គ្រោះជីវិតនេះ»។

បើតាមស្ថានទូតអង់គ្លេស កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយមីនច្រើនជាងគេបំផុតនៅលើពិភពលោក ហើយមនុស្សដូចជាលោក Mick កំពុងធ្វើឱ្យមានភាពខុសគ្នាពិតប្រាកដជារៀងរាល់ថ្ងៃ។

ក្នុងវិស័យមីននេះ កម្ពុជាស្គាល់យ៉ាងច្បាស់នូវការឈឺចាប់ និងទុក្ខវេទនាដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ដែលបានឆក់ប្លន់អាយុជីវិត និងដៃជើងរបស់ប្រជាជនរបស់ខ្លួន ព្រមទាំងបដិសេធមិនឱ្យប្រជាជនអាចប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យខ្ទេចខ្ទាំនូវក្តីសុបិន្តរបស់ប្រជាជនទៀងផង។ ទោះបីសកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលគិតត្រឹមឆ្នាំ ២០២៤ កម្ពុជានៅសល់ផ្ទៃដីចំនួន ១ ៧២៣ គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១ គីឡូម៉ែត្រការ៉េ។

គួរជម្រាបថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមកផ្ទៃដីទំហំ ៣២៩៧ គីឡូម៉ែត្រ ការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៨១ ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៤ ភាគរយ និងផ្សេងៗមាន ១៥ ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ១០ លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម