Connect with us

ព័ត៌មានជាតិ

អង់គ្លេស ប្រកាសផ្តល់ជំនួយ ១.៦ លានផោន ដល់កម្ពុជាគាំទ្រដល់ការងារបោសសម្អាតមីន សម្រាប់រយៈពេល១ឆ្នាំ

បានផុស

នៅ

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស ក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយចំនួន ១.៦ លានផោន (ប្រមាណ ២លានដុល្លារ) សម្រាប់រយៈពេលមួយឆ្នាំបន្ថែម (២០២៦–២០២៧) ដើម្បីគាំទ្រការបោសសម្អាតមីន និងការអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ។ ជំនួយនេះមានគោលបំណងចូលរួមលើកកម្ពស់សុវត្ថិភាពសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជា ឆ្ពោះទៅរកគោលដៅបញ្ចប់បញ្ហាមីននៅឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលមួយឆ្នាំនេះ ជំនួយនឹងត្រូវផ្តល់ជូនដល់អង្គការដោះមីនចំនួន ៣ រួមមាន៖ HALO Trust, Mines Advisory Group (MAG) និង APOPO។ តាមការរំពឹង អង្គការ HALO Trust និង MAG នឹងអាចបោសសម្អាតផ្ទៃដីប្រមាណ ៨៩០,៣០០ ម៉ែត្រការ៉េ នៅក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងកោះកុង។ សកម្មភាពនេះនឹងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ៥,៤១៤ នាក់ ហើយក៏នឹងរៀបចំវគ្គអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤,០០០ វគ្គ ដល់ប្រជាជនប្រមាណ ៤៤,២៨០ នាក់ ក្នុងនោះមានស្ត្រី ៨,៨៥៤ នាក់ និងក្មេងស្រី ១២,៦៩៦ នាក់។

លោក Dominic Williams

ជាមួយគ្នានេះផងដែរ ចក្រភពអង់គ្លេសនឹងគាំទ្រគម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដែលភ្ជាប់ការងារបោសសម្អាតមីនជាមួយនឹងការអភិវឌ្ឍវិស័យកសិកម្មឡើងវិញ។ គម្រោងនេះនឹងអនុវត្តលើផ្ទៃដីប្រមាណ ៣.៤ លានម៉ែត្រការ៉េ និងរំពឹងថា មានគ្រួសារកសិករយ៉ាងតិច ៥០០ គ្រួសារ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ ព្រមទាំងគ្រួសារបន្ថែមប្រមាណជាង ៥០០ ផ្សេងទៀត។

លោក លី ធុជ

តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ភាពជាដៃគូរវាងកម្ពុជា និងចក្រភពអង់គ្លេស នៅតែរឹងមាំជាយូរអង្វែងជាង ៤ ទសវត្សរ៍ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ លោកបានបញ្ជាក់ថា៖«អង់គ្លេសនៅតែបន្តឈរជាមួយកម្ពុជា លើសពីភាពជាដៃគូ ហើយបានប្តេជ្ញាចិត្តរួមគ្នាក្នុងបេសកកម្មមនុស្សធម៌ និងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស»។

ក្នុងឱកាសនេះផងដែរ លោក លី ធុជ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ក៏ដូចជាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ដែលបានគាំទ្រវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ មកទល់បច្ចុប្បន្ន អង់គ្លេសបានផ្តល់ជំនួយសរុបប្រមាណ ៦៥ លានផោនដល់វិស័យនេះ។

បច្ចុប្បន្ន កម្ពុជាបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងវិស័យសកម្មភាពមីន ដោយមានការប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ នឹងមិនមានសហគមន៍ណាមួយរងការគំរាមកំហែងពីមីនទៀតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម