ព័ត៌មានជាតិ
កម្ពុជា តវ៉ាចំពោះការរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ តវ៉ាយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបន្តប្រតិបត្តិការយោធា និងឈរជើងកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា សូម្បីតែក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។



តាមសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនទូទៅ ថា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលមានការរៀបចំទុកជាមុន និងជាប្រព័ន្ធ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសម្រុកចូលទន្ទ្រាន កាន់កាប់ និងគ្រប់គ្រងជាក់ស្ដែងលើតំបន់មួយចំនួនដែលស្ថិតយ៉ាងច្បាស់ក្នុងទឹកដីកម្ពុជា។
សេចក្តីថ្លែងការណ៍បានរាយការណ៍ថា តំបន់ដែលត្រូវបានរំលោភបំពាន ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ រួមមាន ភូមិ និងតំបន់សំខាន់ៗ ជាច្រើន ដូចជា ភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា តំបន់អានសេះ តាថាវ ភ្នំទ្រព្យ អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់ផ្សេងៗ ទៀត។
រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងដាច់ខាតចំពោះការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់របស់កងទ័ពថៃ ព្រមទាំងការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌កម្ពុជា ដែលផ្ទុយស្រឡះទៅនឹងស្មារតី នៃសេចក្តីប្រកាសរួម នៃគណៈកម្មាធិការព្រំដែនទូទៅ និងច្បាប់អន្តរជាតិពាក់ព័ន្ធ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាក្រុងហ្សឺណែវ។
ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ការកាន់កាប់ទឹកដីដោយការគំរាមកំហែង និងការប្រើប្រាស់កម្លាំង គឺ គ្មានតម្លៃតាមផ្លូវច្បាប់អន្តរជាតិ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។ ជាមួយគ្នានេះ កម្ពុជា ក៏បានគូសបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ ត្រូវបានកំណត់យ៉ាងច្បាស់តាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ហើយការងារខណ្ឌសីមាព្រំដែន កំពុងសម្រេចបានវឌ្ឍនភាពវិជ្ជមាន។
អាស្រ័យហេតុនេះ កម្ពុជា បានទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាព ដកកងកម្លាំង និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា និងគោរពយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីប្រកាសរួម ដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ។
នៅចុងបញ្ចប់ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយសង្ឃឹមថា សហគមន៍អន្តរជាតិ នឹងជួយជំរុញឱ្យប្រទេសថៃ គោរពកាតព្វកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហានេះដោយសន្តិវិធី និងទំនួលខុសត្រូវ៕




-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


