Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សូមអតីតពលករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ​​ចូល​រួម​វេទិកា​ការងារ​ដែល​មាន​ឱកាស​ការងារ​ជិត៩ម៉ឺន​កន្លែង

បានផុស

នៅ

ភ្នំពេញ ៖ អ្នកនាំ​ពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លោកស៊ុន មេសា នៅថ្ងៃទី២២ ខែមករា ដើម​ឆ្នាំ២០២៦នេះ បាន​ក្រើន​រំលឹក​ដល់​បងប្អូន​អតីតពលករនៅខេត្តបាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ កុំ​ភ្លេចចូលរួម​ក្នុងវេទិកាការងារក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែល​នឹង​ប្រព្រឹត្តទៅនៅ៤ទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤-២៥ ខែមករានេះ ដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដាក់ពាក្យ និងសម្ភាសភ្លាមៗនៅទីតាំងផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បានឱ្យដឹងថា វេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណង​នាំយក​ឱកាសការងារដែលមាននៅក្នុងស្រុកចំនួនប្រមាណ ៨ម៉ឺន ៧ពាន់​កន្លែង​ជូន​ដល់​បងប្អូន​អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់មានការងារធ្វើ។

លោក​បញ្ជាក់​ថា សម្រាប់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ វេទិកាការងារ​នឹង​ចាប់ផ្ដើមឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង និងនៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកថ្ងៃអាទិត្យ ទី២៥ ខែមករា នឹងបន្ត​រៀបចំ​ឡើងនៅបរិវេណ​អនុវិទ្យាល័យកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងនៅបរិវេណផ្សារចំការតាដោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចូលរួមវេទិកានេះនឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ។

លោកថ្លែងថា «សូមបងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចមកចូលរួមវេទិកាការងារទាំង២ខេត្តនាចុងសប្តាហ៍នេះ ដែល​មាន​ឱកាស​ការងារ​ជិត៩ម៉ឺនកន្លែង ក្នុងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងដៃគូពាក់ព័ន្ធ​ដើម្បីបងប្អូនអតីតពលករអាចដាក់ពាក្យ និងសម្ភាសការងារបានភ្លាមៗ នៅទីតាំងវេទិការផ្ទាល់តែម្តង»។

សូម​បញ្ជាក់​ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​បន្ថែម​ទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២៦នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​បណ្ដាខេត្ត ក្រុងចំនួន១៤ រួមមាន ខេត្ត​បន្ទាយ​មានជ័យ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រៃវែង ក្រចេះ និងខេត្តកោះកុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម