Connect with us

ព័ត៌មានជាតិ

គម្រោងស្ថាបនាផ្លូវពីរខ្សែក្នុងខេត្តមណ្ឌលគិរី គ្រោងបញ្ចប់ស្ថាពរ១០០% នៅខែមិថុនាខាងមុខ

បានផុស

នៅ

គម្រោងស្ថាបនាផ្លូវចំនួនពីរខ្សែ មានប្រវែងសរុបប្រមាណ ១៣ គីឡូម៉ែត្រ ស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គ្រោងបញ្ចប់ការសាងសង់ ១០០ % នៅខែមិថុនា ខាងមុខនេះ ដែលគម្រោងនេះនឹងចូលរួមចំណែកលើកកម្ពស់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសោភ័ណភាពខេត្តមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវទាំងពីរខ្សែនេះ ស្ថិតក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ដែលមានប្រវែងជិត១៣គីឡូម៉ែត្រ។ ក្នុងនោះគិតត្រឹមថ្ងៃទី២៤ខែមីនា ផ្លូវខ្សែទីពីរសម្រេចការសាងសង់បានជាង ៧៥%ហើយ។

ដើម្បីពិនិត្យវឌ្ឍនភាព និងគុណភាពផ្លូវ កាលពីថ្ងៃទី ២៣ ខែមីនា អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ពីវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូលាយផ្លូវបេតុង ក្នុងភូមិសាស្ត្រ ឃុំស្រែអំពូម ឃុំក្រង់តេះ និងឃុំពូជ្រៃ ស្រុកពេជ្រាដា បន្ទាប់ពីក្រុមការងារបានស្ថាបនាយ៉ាងសកម្មអស់ជាច្រើនខែកន្លងមកនេះ។

ក្នុងឱកាសនោះ លោកបានជំរុញដល់ក្រុមការងារបច្ចេកទេសស្ថាបនាផ្លូវឱ្យបានត្រឹមត្រូវតាមស្ដង់ដា ដើម្បីធានាបាននូវគុណភាពរឹងមាំ សម្រាប់ជាប្រយោជន៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយូរអង្វែង។លោកអភិបាលខេត្ត រំពឹងថាក្រោយការស្ថាបនាផ្លូវទាំងពីរខ្សែនេះ នឹងជាផ្នែកមួយលើកកម្ពស់សោភ័ណភាពខេត្ត ហើយអាចទាញស្រូបភ្ញៀវទេសចរឱ្យមកកម្សាន្តបន្ថែមទៀត។

បើតាម លោក សួង សំណាង ប្រធានការិយាល័យអភិវឌ្ឍផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍជនបទខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មីផងដែរថា គ្រោងស្ថាបនាផ្លូវវមានពីរខ្សែ ក្នុងនោះខ្សែផ្លូវទី១ ឈ្មោះផ្លូវពូជ្រៃ-ក្រង់តេះ(MK1)លេខ:034-T1: គម្រោងជួសជុលកែលម្អផ្លូវក្រាលបេតុងប្រវែង ២ ៦៨០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិពូតាំង ឃុំពូជ្រៃ ស្រុកពេជ្រាដា សម្រេចបាន៥១.២៥% នៃគម្រោង។

ខ្សែផ្លូវទី២ ឈ្មោះផ្លូវស្រែអំពូម-ក្រង់តេះ(MK2)លេខ:002-T1: គម្រោងជួសជុលកែលម្អផ្លូវក្រាលបេតុងនិងផ្លូវក្រាលកៅស៊ូប្រវែង ១០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅចាប់ពីភូមិពូក្រេង ឃុំស្រែអំពូម រហូតដល់ភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា សម្រេចបាន ៧៥.៨៥% នៃគម្រោង។ លោកបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះបានចាប់ផ្ដើមស្ថាបនាសាងសង់កាលពីចុងឆ្នាំ២០២៥ គ្រោងបញ្ចប់១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម