Connect with us

ព័ត៌មានជាតិ

សមិទ្ធផលធំៗបានកែប្រែមុខមាត់ក្រុងស្ទឹងត្រែងធ្លាប់ទីប្រជុំជនស្ងាត់ជ្រងំ កាន់តែ​អ៊ូអរ​អភិវឌ្ឍ​​​ពីមួយថ្ងៃទៅមួយថ្ងៃ

បានផុស

នៅ

ក្រុងស្ទឹងត្រែងបានផ្លាស់ប្តូរមុខមាត់ថ្មី ខណៈដែលពីមុនធ្លាប់ជាទីប្រជុំជនដ៏ស្ងាត់ជ្រងំហើយទេសចរឆ្ងាយជិតច្រើន​តែ​ជិះ​ហួស​មកហួស ឥឡូវនេះបានអភិវឌ្ឍកែប្រែមុខមាត់ថ្មីតាមរយៈគម្រោងអភិវឌ្ឍនានា ជាពិសេសការកែលម្អសោភណភាពបរិស្ថានក្នុងក្រុងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន ចុះទៅផ្សព្វផ្សាយពីសក្តានុពលក្នុងខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានរំលេចពីសមិទ្ធផលធំៗដែលរដ្ឋបាលខេត្តបានកំពុងតែកែប្រែមុខមាត់ក្រុងស្ទឹងត្រែងកាន់តែស្រស់បំព្រង ជាមួយគម្រោងអភិវឌ្ឍនានាដែលធ្វើឲ្យខេត្តភាគឦសានធ្លាប់តែស្ងាត់ជ្រងំមានការអភិវឌ្ឍ​រីកចម្រើន​ និងទាក់ទាញទេសចរមកកម្សាន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមិទ្ធផលធំៗដែលខេត្តបានខិតខំអភិវឌ្ឍកែប្រែមុខមាត់ក្រុងស្ទឹងត្រែងមានដូចជា៖

ការសាងសង់ទីលានតេជោធិបតី និងវេទិកានាគជ័យដែលស្ថិតនៅចំពីមុខសាលាខេត្ត ដែលជាទីលានពហុបំណងសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ និងអាចផ្ទុកមហាជនបានរហូតដល់ជាង ៥ ម៉ឺននាក់។

ការស្ថាបនាសួនបវរធិបតីបានបញ្ចប់ ដោយមានការដាំដើមត្រែងជាដើមឈើតំណាងអត្តសញ្ញាណរបស់ខេត្ត និងមានដាក់រូបសំណាក់គ្រួសារត្រីផ្សោតជាត្រីកម្ររបស់ពិភពលោកថែមទៀត។

ក្រៅពីនេះនៅចំពីមុខសាលាខេត្ត អាជ្ញាធរខេត្តកំពុងសាងសង់សួនតេជោសន្តិភាព ដើម្បីរំលឹកដល់ការនាំមកនូវសន្តិភាពពេញបរិបូរណ៍តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

នៅតាមផ្លូវជួរមាត់ទន្លេ សួនសុវណ្ណភូមិក៏ត្រូវបានរៀបចំកែលម្អជាទីតាំងសម្រាប់កុមារលេងកម្សាន្ត និង​មានបំពាក់ឧបករណ៍ហាត់ប្រាណសម្រាប់មនុស្សពេញវ័យផងដែរ។ បន្ថែមពីនេះ អាជ្ញាធរក៏កំពុង​សាងសង់រង្វង់មូលម្នាស់ស្ថិតនៅផ្លូវចូល​ខេត្តជាកសិផលតំណាងខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តបានបញ្ជាក់ថា នៅ​តាម​ច្រាំងទន្លេក៏កំពុងរៀបចំផ្លូវថ្មើរជើង ការដាំផ្កាលម្អ និងការសាងសង់បន្ទប់ទឹក​សាធារណៈ ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ ដែលគ្រោង​បញ្ចប់នៅក្នុងឆ្នាំ ២០២៦។

បើតាមលោកអភិបាលខេត្ត សមិទ្ធផលទាំងអស់នេះ​មិនទាន់សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ​ឡើយ​ទេ ដោយរង់ចាំសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីមកជាអធិបតីក្នុងពិធីសម្ពោធក្នុងពេល​វេលា​សមស្រប​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម