Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា

បានផុស

នៅ

ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា។ ការឯកភាពរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដែលមានលោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា ជាអ្នកដឹកនាំសម័យប្រជុំ ក្រោមវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងនឹងការអនុម័តរបស់រដ្ឋសភាលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែក្នុងចំនួន៥៨សំឡេង។ កាលពីថ្ងៃទី៣០ ខែមីនា រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសំឡេង១១២សំឡេងនៃសមាជិករដ្ឋសភាទាំង១១២រូបដែលមានវត្តមានក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦។

ច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានតាក់តែងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន៥ជំពូក និង២៤មាត្រា គឺធ្វើឡើងក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបសកម្មភាព Online Scam ដោយកម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តធ្វើយ៉ាងណាបោសសម្អាត និងលុបបំបាត់នូវបញ្ហានេះឱ្យអស់ពីប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់ថា ច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការ​ឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា​ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌដែលមានភាពចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

តាម​រយៈច្បាប់ថ្មី​នេះ​ បទ​ល្មើស​ព្រហ្មទណ្ឌថ្មី​ចំនួន៥​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត នោះគឺមាន ១.បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ២.បទរៀបចំឬ​ដឹក​នាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ៣.បទ​ជ្រើសរើស​ ឬ​បណ្ដុះ​បណ្ដាល​អ្នក​ដទៃ​ឱ្យ​ចូលរួម​ប្រព្រឹត្តអំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ៤.បទ​ប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ឬ​ឯកសារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នានា​របស់​អ្នក​ដទៃ​ និង​៥.ការ​បង្កើត​ទម្រង់​ពិសេស​នៃ​បទ​ល្មើស​សម្អាត​ប្រាក់​។

បទ​ល្មើស​ទាំង​នេះ​ បានកំណត់ដាក់ទោស​ជនល្មើស​ត្រូវប្រឈមនឹងការ​ជាប់​ពន្ធនាគារ​​ខ្ពស់​បំផុត​ដល់​១​ជីវិត​ និង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​១០០០លានរៀល​ ថែម​ទាំង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ជន​ល្មើស​ផងដែរ​៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម