Connect with us

ព័ត៌មានជាតិ

ការចុះមូលដ្ឋាននៅតែជាអាទិភាពរបស់ព្រឹទ្ធសភាដើម្បីផ្សាភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ពិសេសក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោត

បានផុស

នៅ

អនុប្រធានទី២ នៃព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា ជំរុញសមាជិកព្រឹទ្ធសភាបន្តយកចិត្តទុកដាក់លើការងារចុះមូលដ្ឋាន ដើម្បីផ្សាភ្ជាប់កាន់តែជិតស្និទ្ធជាមួយនឹងប្រជាពលរដ្ឋ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតរបស់ព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានលើកឡើងថា ព្រឹទ្ធសភាបន្តបង្កើនការផ្ដោតលើរាល់កិច្ចការទាំងពួង​ ដែលជាប្រយោជន៍ប្រជាជន ជាពិសេសកិច្ចការដែលស្នើដោយក្រុមប្រឹក្សាឃុំ សង្កាត់ ព្រោះពួកគាត់ជាអង្គបោះឆ្នោតឱ្យសមាជិកព្រឹទ្ធសភា។ ដូច្នេះសំណើរបស់ពួកគាត់ត្រូវតែប្រឹងប្រែងដោះស្រាយឱ្យបានច្រើន តាមដែលអាចធ្វើបាន។

ការលើកឡើងបែបនេះរបស់លោកអនុប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រធានគណៈកម្មការទាំង១០ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមនានានៃព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

លោកបណ្ឌិត ធន់ វឌ្ឍនា បានលើកទឹកចិត្តដល់សមាជិកព្រឹទ្ធសភាបន្តពង្រឹងយន្តការចុះតាមភូមិភាគ ដោយក្ដាប់ព័ត៌មានឱ្យជាប់ ដើម្បីឆ្លើយតបនូវរាល់សំណើដែលលើកឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបានទាន់ពេលវេលា។

គួរជម្រាបថា ក្នុងអាណត្តិកាន់ជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកកិច្ចការអាទិភាពច​ម្បងមុនគេចំនួនពីរក្នុងចំណោមអាទិភាពផ្សេងទៀតនៃតួនាទី-ភារកិច្ចរបស់ស្ថាប័នព្រឹទ្ធសភាកម្ពុជា នោះគឺការទូតសភា និងការប្រាស្រ័យទាក់ទងដ៏ជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំសង្កាត់។

ការបង្កើនកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានសម្ដេចតេជោ ធ្លាប់បញ្ជាក់ថា ត្រូវតែធ្វើការជាប់ជាប្រចាំជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ដែលជារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

ជាក់ស្ដែង ថ្មីៗនេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៅតាមបណ្ដារាជធានី ខេត្តទូទាំងប្រទេស ដែលជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម