Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស្នើសុំដីកាចាប់ខ្លួនអ្នកស្រែកមុនគេ និងអ្នកគេចខ្លួច ក្នុងករណីគប់ឡាននៅវត្តភ្នំ ដើម្បីមិនឱ្យគេចខ្លួនបានមួយជីវិតឡើយ

បានផុស

នៅ

សមត្ថកិច្ចកំពុងស្នើសុំដីកាតាមចាប់ខ្លួនមុខសញ្ញាក្មេងទំនើងដែលស្រែកមុនគេបណ្ដាលឱ្យមានករណីគប់រថយន្តនៅម្ដុំវត្តភ្នំ និងក្មេងទំនើងដែលសេលសល់កំពុងលាក់ខ្លួនមិនព្រមចូលខ្លួនសារភាពចំពោះមុខសមត្ថកិច្ច ដោយមិនឱ្យពួកគេគេចខ្លួនបានមួយជីវិតឡើយ។ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញសរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី២០ ខែមេសា នេះ បន្ទាប់ពីក្មេងទំនើងម្នាក់ដែលគប់រថយន្តរួចបានគេចខ្លួនមួយរយៈទៅសម្ងំនៅខេត្តព្រះសីហនុ  បានចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖[ អ្នកនៅសេសសល់​ និងម្នាក់ស្រែកមុនគេនោះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន​ (ខាងនិតិវិធី ក៏កំពុងរៀបចំសំណុំរឿង ដើម្បីស្នើសុំដីកាតាមចាប់ខ្លួនពីឯកឧត្តម ព្រះរាជអាជ្ញា​ និងឯកឧត្តមប្រធានតុលាការ បន្ទាប់ទៀតផងដែរ)​ ប្រាប់ហើយថា មិនអាចរត់គេចខ្លួនមួយជីវិតបានទេ។]។

គួរឱ្យដឹងថា ហេតុការណ៍ពលរដ្ឋដេញគប់រថយន្ត១គ្រឿង ម៉ាកអាវតា០៧ នេះ កើតឡើងកាលពីម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ដើមចមនាំឱ្យកើតករណីនេះ ព្រោះដើមឡើយមានម៉ូតូ១គ្រឿងបើកបុករថយន្តអាវតាពីក្រោយ ប៉ុន្តែម្ចាស់ម៉ូតូមិនឆ្លើយតបនឹងការសួរនាំរបស់អ្នកបើករថយន្ត បណ្ដាលឱ្យអ្នកបើករថយន្តរុញម៉ូតូផ្តួល រួចបើករថយន្តចេញពីកន្លែងកើតហេតុស្រាប់តែម្ចាស់ម៉ូតូ ស្រែកដេញតាមពីក្រោយ បណ្ដាលឱ្យមានការយល់ច្រឡំថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខ និងក្រោយ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្លាប់បញ្ជាក់កាលពីថ្ងៃទី១៧ ខែមេសា ថា មុខសញ្ញាក្មេងទំនើងដែលវាយនឹងគប់រថយន្ត ត្រូវបានសមត្ថកិច្ចជំនាញកំណត់មុខសញ្ញាបានអស់ហើយ។ លោកព្រមានទៅកាន់ក្រុមយុវជនមួយចំនួនតូច ដែលដើរផ្លូវខុស ហើយសង្គម និងមហាជនស្អប់ខ្ពើម ត្រូវកែខ្លួនឡើងវិញជាបន្ទាន់។ លោកថា  គ្រួសារមានវិន័យប្រទេសមានច្បាប់ ហើយច្បាប់មិនអាចទុកឱ្យជនមួយក្ដាប់តូចដែលបង្កចលាចលក្នុងសង្គមរួចខ្លួនបានឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម