Connect with us

ព័ត៌មានជាតិ

តំបន់​ក្រហម មិន​អនុញ្ញាត​ឲ្យធ្វើ​អាជីវកម្ម សូម្បីតែ​លក់​ឥ​វ៉ាន់​ចាប់ហួយ និង​មិន​អនុញ្ញាត​អោយចេញ ចូល​ដាច់ខាត

បានផុស

នៅ

ភ្នំពេញ​ ៖ រាជធានី​ភ្នំពេញ​ត្រូវបាន ចែកចេញជា ៣​តំបន់ គឺ តំបន់​លឿង លឿងទុំ និង​តំបន់​ក្រហម។តែ​ក្នុង​តំបន់​ទាំង​៣​នេះ តំបន់​ក្រហម​ជា​តំបន់​ដែល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ដាច់ខាត សូម្បីតែ​ការលក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ ហើយ​ការធ្វើដំណើរ​ចេញចូល ក៏​ត្រូវ​បាន​ហាម​ដាច់ខាត​ផងដែរ ទោះជា​ដើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​ក៏ដោយ ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចាប់ពី​ថ្ងៃទី​២៩ មេសា​នេះ​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ ខណៈ​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ video conference នៅ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៨ មេសា​នេះ ដើម្បី​មាន​វិធានការ​ផ្សេង ចំពោះ​តំបន់​ពណ៌​លឿង លឿងទុំ និង តំបន់​ក្រហម ឲ្យ​បាន​ល្អ​ប្រសើរ ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅតាម​សេចក្តីសម្រេច​លេខ​៥៤ សសរ ចុះ​ថ្ងៃទី​២៦ មេសា ២០២១​របស់​រាជរដ្ឋាភិបាល​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​អនុវត្ត​នូវ​វិធាន​ការ​បិទ​ខ្ទប់​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់ ពិសេស​តំបន់​ពណ៌​លឿងទុំ និង​តំបន់​ក្រហម ។ ក្នុង​តំបន់​ទាំង​២​នេះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​នេះ​ជាប្រចាំ ដើម្បី​ទទួលបាន​ព័ត៌មាន ដោយ​មិនអោយ​មានការ​ជួបជុំ ឬ​ផឹកស៊ី​ជាដាច់ខាត បើ​មាន​ត្រូវតែ​ចាប់​យកមកអនុវត្ត​ទោស។

លោក​បាន​បន្ត​ទៀត​ថា ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បើ​មិនមាន​ការចូល​រួមសហកា​រ​ពី​ប្រជាពលរដ្ឋ​ទេ គឺ​យើង​មិនអាច​លុបបំបាត់បាន​នោះទេ។ ដូច្នេះ​ត្រូវតែ​ផ្សព្វផ្សាយ​និង​ធ្វើ​ចលនា​ឲ្យ​ពួកគាត់​បាន​ចូលរួម អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​និង​វិធានការ​របស់​អាជ្ញាធរ​យើង។

ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​បន្ត​ការចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស​ការផ្តល់​អំណោយ​ជូន​បងប្អូន កម្មករ កម្ម​ការី​នី ទៅដល់​តាម​បន្ទប់​ជួល ដោយ​មកដល់ពេលនេះ យើង​បាន​ចែក​អំណោយ​ទៅ​ប្រជាពលរដ្ឋ​និង​កម្មករ កម្ម​ការី​នី បាន​ប្រមាណ​១០​ម៉ឺន​គ្រួសារ​ហើយ តែ​ក៏​នៅ​តែ​មាន​ការ​ស្រែក​រក​ជំនួយ​ទៀត ដែល​ការងារ​មនុស្ស​នេះ យើង​ត្រូវតែ​ធ្វើ​បន្ត​និង​ឲ្យចំ​គោលដៅ ចំ​អ្នក​ដែរ​ខ្វះខាត​ជាងគេ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម