Connect with us

ព័ត៌មានជាតិ

រទេះសាឡីមិនត្រឹមជារបស់ប្រើប្រាស់បុរាណ តែក៏ជាផ្នែកមួយនៃសិល្បៈតាំងលម្អ រក្សាទុកអត្តសញ្ញាណ​វប្បធម៌ខ្មែរឲ្យបន្តរស់នៅក្នុងសង្គមសម័យថ្មី

បានផុស

នៅ

រទេះសាឡីមិនមែនត្រឹមតែជាឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃអត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរផងដែរ។ នាពេលបច្ចុប្បន្ន ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង មិនបានយករទេះសាឡីទាំងនោះមកប្រើប្រាស់ដូចមុនទាំងអស់នោះទេ ពួកគេបានយកវាមកតាំងលម្អនៅតាមភូមិដ្ឋាន ភោជនីយដ្ឋាន និងរមណីដ្ឋាននានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសម័យបច្ចុប្បន្ន ទោះបីជាមានការអភិវឌ្ឍន៍បច្ចេកវិទ្យាជឿនលឿន និងយានយន្តទំនើបៗកើនឡើងក៏ដោយ រទេះសាឡីនៅតែត្រូវប្រជាជនខ្មែរបានរក្សាទុក និងបំលែងទៅជាស្នាដៃសិល្បៈតាំងលម្អ ដូចជា តាំងនៅសណ្ឋាគារ ភោជនីយដ្ឋាន ឬកន្លែងទេសចរណ៍នានា។ ការតុបតែងបែបនេះ មិនត្រឹមតែបន្ថែមសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគោរព និងអោយយុវជនជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់ អំពីបេតិកភណ្ឌវប្បធម៌ខ្មែរដ៏ល្អវិចិត្រនេះផងដែរ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានថ្លែងថា រទេះសាឡីនាពេលបច្ចុប្បន្ន នៅមានប្រជាជនក្នុងសហគមន៍អ្នកតាហាង ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច បានយកទៅប្រើប្រាស់ជាយានដឹកភ្ញៀវទេសចរជាតិអន្តរជាតិជារៀងរាល់ថ្ងៃ។ ការយកធ្វើជាយានសំរាប់ដឹកភ្ញៀវទេសចរនេះ ជាចំណែកមួយជួយដល់វិស័យទេសចរណ៍ និងជួយបង្កើនចំណូលដល់ប្រជាជនក្នុងសហគមន៍។ ម្យ៉ាងទៀត បានជួយថែរក្សា និងបានផ្សព្វផ្សាយអោយភ្ញៀវទេសចរបរទេសបានស្គាល់ពីតម្លៃនៃវប្បធម៌ប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះ ក៏មានប្រជាជនជាច្រើនផងដែរបានយករទេះសាឡី ទៅតាំងលម្អនៅតាមផ្ទះ ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានផងដែរ។

លើសពីនេះ ការចេះរក្សាទុកនូវរទេះសាឡីពីសំណាក់បងប្អូនប្រជាជននេះ វាក៏ជាវិធីមួយក្នុងការផ្សព្វផ្សាយបន្តបញ្ជូនតម្លៃវប្បធម៌ទៅកាន់ជំនាន់ក្រោយ ឲ្យពួកគេយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណជាតិរបស់ខ្លួន។ ដូច្នេះ រទេះសាឡី គឺជាឧទាហរណ៍ដ៏ល្អនៃការរួមបញ្ចូលរវាងអតីតកាល និងបច្ចុប្បន្ន៕

អត្ថបទ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម