Connect with us

ព័ត៌មានជាតិ

អណ្ដើកហ្លួង២០ក្បាល ត្រូវបានលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល

បានផុស

នៅ

អណ្តើកហ្លូង២០ក្បាល ត្រូវបានក្រសួងកសិកម្ម អង្គការដៃគូ និងអាជ្ញាធរខេត្តកោះកុង លែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងត្រូវបានគេដឹងថា សត្វអណ្ដើកហ្លួងអាចរស់នៅ និងបន្តពូជបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អណ្តើកហ្លូង ត្រូវចាត់ទុកថា ជាសត្វប្រភេទជិតផុតពូជ ប៉ុន្តែដោយសារកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងដើម្បីស្តារចំនួនសត្វអណ្ដើកនេះ ចាប់ផ្តើមបង្ហាញសញ្ញានៃវឌ្ឍនភាពដែលទទួលបានដោយការព្យាយាមយ៉ាង អំណត់ និងមុតមាំបំផុត។
ការលែងអណ្តើកហ្លួងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បញ្ជាក់ពីជំហានជោគជ័យថ្មីមួយទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងក្នុងការស្ដារប្រភេទសត្វអណ្តើកនេះ ឱ្យមានចំនួនច្រើនឡើងវិញ ក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានជលផល ដោយមានការគាំទ្រពីរដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តព្រះសីហុន ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តកោះកុង និងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សហគមន៍ការពារសម្បុកអណ្ដើកហ្លួង និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។

លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផលថ្លែងថា៖ “អណ្ដើកហ្លួងគឺជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ក្នុងចំណោមប្រភេទរងគ្រោះថ្នាក់ទាំង៥៨ដទៃទៀត ដែលអគ្គនាយកដ្ឋានជលផល បានយកចិត្តទុកដាក់ ការពារ និងអភិរក្ស ដើម្បីធានាបាននិរន្តរភាពរបស់ប្រភេទទាំងនេះ នៅក្នុងទីជម្រកធម្មជាតិ។

អគ្គនាយកដ្ឋានជលផល សូមថ្លែងអំណរគុណដល់ដៃគូទាំងអស់ ជាពិសេសអង្គការ WCS បានជួយគាំទ្រដល់សកម្មភាពអភិរក្ស និងស្ដារប្រភេទអណ្ដើកហ្លួងនេះឡើងវិញ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។”

លោក អាលីសស្ទ័រ ម៉ូលដ៍ (Alistair Mould) នាយកប្រចាំប្រទេសនៃអង្គការ WCS កម្ពុជា បានលើកឡើងដែរថា “យើងកំពុងចាប់ផ្តើមឃើញសញ្ញាពិតប្រាកដ ជាលើកដំបូងថាកិច្ចខិតខំប្រឹងប្រែងរបស់យើងអាចស្ដារចំនួនអណ្ដើកហ្លួងក្នុងធម្មជាតិវិញបាន។ អណ្ដើកហ្លួងនៅតែងាយរងគ្រោះខ្លាំង ហើយលទ្ធភាពនៃការស្តារចំនួនសត្វនេះ ឱ្យមានច្រើនឡើងវិញអាចបន្តទៅបានទៀត លុះត្រាណាតែឆ្នេរខ្សាច់សម្រាប់ពងកូនរបស់វា និងព្រៃលិចទឹក និងព្រៃតាមមាត់ព្រែកនៃប្រព័ន្ធព្រែកស្រែអំបិល ត្រូវបានការពារបានល្អ។”

អណ្ដើកហ្លួង ត្រូវបានគេស្គាល់ទូទាំងពិភពលោក ជាភាសាអង់គ្លេសថា Southern River Terrapin មានឈ្មោះវិទ្យាសាស្ត្រថា Batagur affinis គឺជាប្រភេទអណ្ដើកទឹកសាបមួយក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំងអស់ក្នុងពិភពលោក ដែលទទួលរងការគំរាមកំហែងបំផុត។ នៅកម្ពុជាកិច្ចខិតខំប្រឹងប្រែងស្ដារចំនួនអណ្ដើកហ្លួងឡើងវិញបានផ្ដោតលើការការពារសម្បុក ការចិញ្ចឹមថែទាំកូនអណ្តើករហូតដល់ពួកវាធំពេញវ័យអាចលេងឱ្យរស់រានបានដោយខ្លួនឯង ក្នុងទីជម្រកធម្មជាតិ។ ការតាមដានត្រួតពិនិត្យ អណ្ដើកហ្លួងដែលត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិ និងការការពារប្រព័ន្ធព្រែកស្រែអំបិល ពីការនេសាទខុសច្បាប់ ការបូមខ្សាច់ និងការបាត់បង់ទីជម្រកធម្មជាតិ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ គម្រោងអភិរក្សអណ្តើកហ្លួង បានលែងអណ្ដើកហ្លួងប្រមាណជាង២០០ក្បាល ចូលក្នុងទីជម្រក ធម្មជាតិវិញដោយជោគជ័យ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម