ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បន្តពង្រីកឱកាសការងារ និងសន្តិសុខសង្គមសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បានបន្តពង្រីកឱកាសការងារ និងសន្តិសុខសង្គមសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាថា ប្រជាពលរដ្ឋ ឬអ្នកធ្វើការងារទទួលបានអត្ថប្រយោជន៍សមរម្យមួយក្នុងសង្គម។ ក្រសួងការងារ បានផ្តល់នូវជម្រើសឱ្យបងប្អូនកំពុងធ្វើការប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះឈ្មោះធ្វើការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា ដែលបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានអ្នកចូលរួមជាង ២៥០នាក់ ជាអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការប្រារព្ធទិវាសម្រាប់បងប្អូនកម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ គឺជាការរំលឹក និងដាស់តឿនដល់បុគ្គល ក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកធ្វើគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលឱ្យដឹងពីសិទ្ធិមូលដ្ឋានក្នុងវិស័យការងារ និងមុខរបរ ព្រមទាំងលក្ខខណ្ឌចាំបាច់ ដើម្បីធានាថា ប្រជាពលរដ្ឋ ឬអ្នកធ្វើការងារទទួលបានអត្ថប្រយោជន៍សមរម្យមួយក្នុងសង្គម។ បន្ថែមពីនេះ វេទិកានេះក៏ជាការពង្រឹងកិច្ចសន្ទនាសង្គមរវាង រាជរដ្ឋាភិបាល សមាគម សហជីព និងសង្គមស៊ីវិល សំដៅផ្លាស់ប្ដូរយោបល់និងជំរុញគោលនយោបាយ ដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោករដ្ឋមន្រ្តីបានរំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិនាពេលថ្មីៗនេះ ដែលគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនត្រឹមតែចង់ឱ្យពលរដ្ឋមានត្រឹមតែការងារនោះទេ តែផ្ទុយទៅវិញត្រូវជាការងារ ដែលអាចបង្កើនបំណិន បង្កើនសមត្ថភាពខ្លួនឯង និងជាការងារ ដែលមានផលិតភាពកាន់តែកើនប្រាក់ខែក៏កាន់តែខ្ពស់ ជីវភាពក៏កាន់តែល្អប្រសើរ និងមានប្រព័ន្ធគាំពារសង្គមរឹងមាំសម្រាប់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។

រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលបានក្លាយជា «សំណាញ់សុវត្ថិភាពសង្គមដ៏រឹងមាំ» សម្រាប់ជួយគាំពារកម្មករនិយោជិត។ ក្នុងខណៈពេលដែល ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងនិងពង្រីកវិសាលភាពដោយសម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់ លោកក៏បានគូសបញ្ជាក់ថា គោលដៅរួមនាពេលនេះ គឺចង់ជួយបងប្អូនប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលធ្លាប់លំបាកឱ្យក្លាយទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ ចំពោះបងប្អូនកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមសហគ្រាស សិប្បកម្មតូចៗដែលមិនទាន់បានចុះបញ្ជីនៅក្រសួង លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យទៅចុះឈ្មោះ តាមថ្នាលឌីជីថលដែលក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសម្រួលជូន ហើយប្រសិនបើចង់ចូលធ្វើការនៅតាមរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទងទៅលេខទូរស័ព្ទ Hotline របស់ក្រសួង ១២៩៧។

បន្ថែមពីនេះ អ្នកដែលជាអ្នករត់ម៉ូតូកង់បីដែលចង់បានមុខរបរបន្ថែម អាចទាក់ទងទៅ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ ដើម្បីធ្វើការកែច្នៃដាក់ឧបករណ៍លាង និងថែទាំម៉ាស៊ីនត្រជាក់ក្នុងទិសដៅរកចំណូលបន្ថែម។ រីឯសិស្សដែលបោះបង់ការសិក្សាក៏អាចចូលរៀនកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។

លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជាសមាជិកសមាគម IDEA កម្មករនិយោជិតក្រៅប្រព័ន្ធ និងភាគីពាក់ព័ន្ធនឹងបន្តខិតខំចូលរួមចំណែកកាន់តែសកម្មបន្ថែមទៀតដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងអំពាវនាវឱ្យបន្តសហការគ្នាក្នុងសា្មរតីយោគយល់ខ្ពស់ជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញការងារ ចូលរួមផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយនានាផងដែរ។

លោក វន់ ពៅ ប្រធានសមាគម IDEA និងលោក តាន់ វិសាល តំណាងអង្គការអុកស្វាម (Oxfam) បានកោតសរសើរចំពោះគោលនយោបាយនិងយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានលើកឡើងពីតួនាទីដ៏សំខាន់របស់ពួកគាត់ដែលជា«ឆ្អឹងខ្នងនៃសេដ្ឋកិច្ច» និងពីបញ្ហាប្រឈមដូចជាហានិភ័យសុវត្ថិភាព និងសុខភាពការងារផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


