Connect with us

ព័ត៌មានជាតិ

អូលីវ៉ា បង្ហើបពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរ​ ដែលនឹងលាតត្រដាងនៅទីក្រុងកាន នាថ្ងៃទី១៨-១៩ ឧសភា

បានផុស

នៅ

អ្នកច្នៃម៉ូដល្បីឈ្មោះរបស់កម្ពុជា អូលីវ៉ា គង់ បាន​ចាកចេញពីប្រទេសកម្ពុជាហើយនៅព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្ពោះទៅកាន់មហោស្រព​កម្រិតពិភពលោកនៅទីក្រុងកានប្រទេសបារាំង ជាលើកទី២ ក្នុងបេសកម្មរួម​ជាមួយសិល្បករខ្មែរចំនួន ដូចជា តារាចម្រៀង ណា វីហ្សា និង​បវរកញ្ញាល្បីឈ្មោះមួយរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​ទទួល​ការអញ្ជើញដោយផ្ទាល់ពីមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំងជាលើកទី២ កាលពីប៉ុន្មានខែមុន ដែលបានក្លាយជាមោទកភាព​ថ្មីមួយទៀតរបស់លោកផ្ទាល់ និងក្នុងនាមជាជនជាតិខ្មែរ។

អូលីវ៉ា ប្រាប់​ថា ពេល​ទទួលបាន​អញ្ជើញភ្លាមៗ លោកពិតជាសប្បាយ​ចិត្ត ព្រោះជាទីកន្លែងដែល​សិល្បករ និងឥស្សរជនជាច្រើនជុំវិញពិភពលោក​ប្រាថ្នាចង់ទៅ។ សម្រាប់លោកផ្ទាល់ នេះគឺជាឱកាសថ្មីទៀតដែល​លោក​ចង់បង្កើតមោទកភាពថ្មីទៀតសម្រាប់ខ្លួនផង និងប្រទេសកំណើតរបស់លោកផង។ សំខាន់ជាងនេះ​ទៅទៀត លោក​ចង់នាំយកភាពឈឺចាប់​ខ្លះៗក្រោម​ការ​ឈ្លានពាន​របស់ប្រទេសថៃ ទៅកាន់វេទិកាអឺរ៉ុប។

លោកបានលើកឡើងថា អ្នកឈ្លានពានមួយនេះ បាន​ព្យាយាមតាមមធ្យោបាយជាច្រើន ដើម្បី​ប្រែក្លាយ​កម្ពុជា​ដែលអ្នករងគ្រោះទៅជាអ្នកបង្កហេតុក្នុងខ្សែភ្នែករបស់ពិភពលោក។ ដូច្នេះហើយ នេះជាឱកាស​ដែល​លោក​នឹងប្រើប្រាស់សំឡេង​ដ៏តូចរបស់ខ្លួន​តាមរយៈ​ស្នាដៃសិល្បៈទៅប្រាប់ពិភពលោក​ពីអ្វីដែលបានកើតឡើងមក​លើ​ប្រទេសកំណើតរបស់លោក។ លោក​បង្ហាញក្តីស្រណោះ ចំពោះ​ជាតិ ក៏ដូចជា​ទឹកដីកំណើតរបស់លោកនៅចំពោះមុខ​ការ​ឈ្លានពានរបស់​អ្នកជិតខាងមួយនេះណាស់។

បើតាមអូលីវ៉ា នេះគឺជាដំណើរប្រកបដោយមោទកភាពជាលើកទី២ លើកម្រាលព្រំដ៏មានកិត្យានុភាព​របស់​អឺរ៉ុប បន្ទាប់ពីឆ្នាំមុន​លោក អូលីវ៉ា ខ្លួនឯង មាន សូនីតា និងសិល្បករខ្មែរមួយចំនួនទៀត​សម្រេចបានម្ដងរួចមកហើយ។ កាលពីលើកទី១ នៅប្រទេសបារាំង អូលីវ៉ា ត្រូវបានចាប់អារម្មណ៍ខ្លាំងជាមួយឈុត​ច្នៃប្រឌិតឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ដោយ​លោកដាក់ឈ្មោះឱ្យឈុតនោះថា “ព្រះបរមវិស្ណុលោក”។

នៅឆ្នាំនេះ ក៏មិនខុសគ្នាដែរ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមុនហោះហើរ អ្នកច្នៃម៉ូដកម្ពុជា បាន​អះអាង​ពីភាពរួចរាល់​ក្នុងការ​នាំយកភាពអស្ចារ្យ​នៃសិល្បៈវប្បធម៌ខ្មែរទៅវេទិការបស់អឺរ៉ុបជាលើកទី២ ដោយ​ស្នើ​ឱ្យជនរួមឈាមកម្ពុជារង់ចាំតាមដាន និងចូលរួមសាទរនៅថ្ងៃទី១៨ ១៩ ឧសភា ខាងមុខនេះ។

បេសកកម្មនៅលើទឹកដីអ៊ឺរ៉ុបលោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ មិនចប់ត្រឹម​មហោស្រពភាពយន្តទីក្រុងកានោះទេ។ ប៉ុន្តែ​តាមការអះអាង លោក​នឹង​នាំយកភាពយន្តអស្ចារ្យនៃសិល្បៈ​វប្បធម៌ខ្មែរ ទៅកាន់ទីកន្លែងផ្សេងទៀតនៅទឹកដីអឺរ៉ុប ព្រោះ​លោកថា លើកនេះ គោលបំណងរបស់​លោក​លើសពីខ្លួនឯង តែ​ដើម្បីពាក្យមួយម៉ាត់ថា ខ្មែរ។

អូលីវ៉ា បញ្ជាក់ថា ដំណើរទៅទីក្រុងកានលើកទី២នេះ លោកបាន​ត្រៀមរួចរាល់ទាំងឈុត​តំណាងឱ្យវប្បធម៌ខ្មែរ ទាំងទឹកចិត្ត និង​រួបរាងកាយរបស់លោក ដោយ​លោក​បានសម្រកទម្ងន់ដល់កម្រិត​ដែលអំណោយផលសម្រាប់ការងារនេះ។ អ្វីដែលលោករំពឹងតបមកវិញ គឺ​ការគាំទ្រ និងលើកទឹកចិត្តរបស់បងប្អូនជនរួមជាតិទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម