ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល អភិរក្សដំណាក់កាលទីមួយ នៅកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក បន្ទាប់ពីការពង្រឹងនៅផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងបានលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ក្រោយចំណាយពេលវេលាចំនួន៦ខែទើបបញ្ចប់ដោយជោគជ័យ។

កញ្ញា ដយ ពេជ្រជឺរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា និងជាវិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីតាំងពីចុងឆ្នាំ២០២៥ មក អ្នកជំនាញបានចាប់ផ្តើមជួសជុល អភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៦ បានបញ្ចប់ការងារជួសជុលក្នុងដំណាក់កាលទីមួយ ក្នុងប្រវែងបណ្តោយ១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។ ក្នុងដំណាក់កាលទីមួយនេះ អ្នកជំនាញធ្វើការជួសជុលពង្រឹងគ្រឹះនៅតាមកន្លែងដែលបានស្រុត ពង្រឹងខឿនថ្នាក់ទីមួយដែលសាងសង់ពីថ្មបាយក្រៀម និងផ្នែកខ្លះនៃខឿនថ្នាក់ទីពីរដែលសាងសង់ពីថ្មភក់ និងបានជំនួសថ្មថ្មី នៅតាមទីតាំងដែលបាត់បង់ និងពុកផុយ ដើម្បីបំពេញរូបរាងឡើងវិញស្របទៅតាមលក្ខណៈបច្ចេកទេស។ ជាផ្នែកមួយនៃគម្រោងជួសជុលអភិរក្សនេះដែរ ក្នុងពេលធ្វើកំណាយស្រាវជ្រាវ មុនដំណើរការជួសជុល ក៏បានរកឃើញចម្លាក់សត្វតោចំនួនមួយ នៅជ្រុងខាងត្បូងនៃកំពង់ទឹក ហើយអ្នកជំនាញផ្នែកអភិរក្សថ្ម ធ្វើការជួសជុលពង្រឹងដើម្បីយកមកដាក់នៅទីតាំងដើមវិញដែរ។

បន្ទាប់ពីការជួសជុលពង្រឹងនៅតាមផ្នែក និងការជួសជុលចម្លាក់តោ រួចតម្តល់នៅទីតាំងដើមវិញ ធ្វើឱ្យរចនាសម្ពន្ធកំពង់ទឹកទាំងមូល មានសោភណភាពស្រស់ស្អាត លើកតម្លៃទីតាំងបុរាណដ្ឋានដែលជាទីតាំងសំខាន់មួយ ក្នុងសម័យអង្គរ សម្រាប់ព្រះរាជាទ្រង់យាងទៅកាន់ប្រាសាទមេបុណ្យខាងកើត។ ទីតាំងនេះ ក៏ជាទីតាំងដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាបានផងដែរ ព្រោះថា កំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាកនេះ មានទីតាំងនៅចំខ្សែអ័ក្សតែមួយនៃព្រះបរមរាជវាំង ប្រាសាទភិមានអាកាស ឆ្ពោះមកខ្លោងទ្វារជ័យ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


