Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ដាក់ចេញទិសដៅការងារសំខាន់ៗ ៨ចំណុច ដល់មន្ទី អង្គភាព សម្រាប់អនុវត្តខែថ្មី

បានផុស

នៅ

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់ចេញទិសដៅការងារសំខាន់ៗចំនួន ៨ចំណុច ដល់មន្ទី អង្គភាពនានា សម្រាប់អនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិសដៅសំខាន់ៗដែលលោកអភិបាលខេត្តបានដាក់ចេញ រួមមាន ១.មន្ទីរ /អង្គភាពជំនាញរួមមានមន្ទីររៀបចំដែនដី និងសាខាពន្ធដារខេត្ត អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ត្រូវជំរុញការផ្តល់សេវាដីធ្លីឱ្យបានលឿនជូនដល់ប្រជាពលរដ្ឋតាមពេលវេលាដែលបានកំណត់។ ២.អាជ្ញាធរក្រុង/ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តតាមដានបង្ក្រាបក្មេងទំនើងដែលបង្ករផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។ ៣.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់។

៤.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ៥.រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ពាក់ពន្ធទាំងអស់ត្រូវរៀបចំផែនការសំអាតអនាម័បរិស្ថាននៅទីប្រជុំជន នៅជុំវិញទីកន្លែងធ្វើការរបស់ខ្លួន។ ៦.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យរៀបចំកែសម្រួលទៅលើប្រព័ន្ធលូរំដោះទឹកដេម្បីបញ្ជៀសការជនលិចនារដូវវស្សាខាងមុខនេះ។ ៧.សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដានបទល្មើស(Scam online) នៅតាមទីតាំងនានាដែលមានការសង្ស័យត្រូវសហការបង្ក្រាបបោសសម្អាតឱ្យដល់ឬសគល់។ ៨.រដ្ឋបាលក្រុងស្រុកត្រូវពិនិត្យតាមដាននិងទប់ស្កាត់ការរំលោភលើដីចំណីផ្លូវ ព្រែក ប្រឡាយ បឹងបួររបស់រដ្ឋឱ្យបានទាន់ពេលវេលា។ 


ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋ ជាពិសេសការរៀបចំផែនការការពារសន្តិសុខសុវត្ថិភាពជូនដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានអញ្ជើញមកជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីអង្គភាពនានាជុំវិញខេត្ត នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀងនាពេលកន្លងទៅ។ 


ជាចុងបញ្ចប់ នៃកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានអនុញ្ញាតឱ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធ៕

ដោយ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម