Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Air Cambodia នឹងដាក់ឱ្យប្រើយន្តហោះ C909 ផលិតដោយចិន ១០គ្រឿង នាចុងឆ្នាំនេះ

បានផុស

នៅ

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន (COMAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល ខណៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia-K6) ក៏បានចុះកិច្ចព្រមព្រៀងទិញអាកាសយាន C909 ពីក្រុមហ៊ុន COMAC ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការក្រុមហ៊ុន COMAC ក្នុងទីក្រុងសៀងហៃ ដោយមាន បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក ហឺ ដុងហ្វេង (He Dongfeng) ប្រធានក្រុមហ៊ុន COMAC ជាសាក្សី និងអ្នកចុះហត្ថលេខា។

តាមសេចក្តីប្រកាសព័ត៌មាន កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពថែទាំអាកាសយាន និងការគាំទ្រផ្នែកបច្ចេកទេស។ ទន្ទឹមនឹងនេះ វាក៏នឹងជួយពង្រឹងសមត្ថភាពរបស់ Air Cambodia ក្នុងការពង្រីកប្រតិបត្តិការ បង្កើនការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ផងដែរ។


សេចក្តីប្រកាសបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។

ជាមួយគ្នានេះ កម្ពុជាក៏នឹងក្លាយជាប្រទេសដំបូងដែលដាក់ឱ្យប្រើប្រាស់អាកាសយាន C909 ផលិតដោយប្រទេសចិន សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ តាមផែនការ Air Cambodia នឹងដាក់ឱ្យប្រើប្រាស់អាកាសយាន C909 ចំនួន ១០គ្រឿង ក្នុងរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្តើមពីចុងឆ្នាំ២០២៦ តទៅ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាត់ទុកសមិទ្ធផលនេះថា ជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ស្តង់ដារវិស័យអាកាសចរណ៍កម្ពុជា ពង្រីកការតភ្ជាប់ផ្លូវអាកាសអន្តរជាតិ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម