Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំកម្រិតប្រធានសភាដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅខែសីហា ជាឱកាសរបស់ស្ថាប័ននីតិបញ្ញត្តិជជែកពីបញ្ហាអន្តរជាតិដែលកំពុងប្រឈម

បានផុស

នៅ

សន្និសីទប្រធានសភានៃអន្តរសភា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែសីហាខាងមុខនេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ លើកឡើងថា ជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញត្តិមកពីបណ្តាប្រទេសនានា ដើម្បីជជែក និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈម ដែលកំពុងកើតមានលើពិភពលោកបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បន្ថែមថា សន្និសីទ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ នឹងរួមចំណែកដល់ការពង្រឹងតួនាទីរបស់សភា ការលើកកម្ពស់សន្តិភាព និងវិបុលភាពរួមគ្នា ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសភា ដែលចូលរួម ជាពិសេសការទាញមករកប្រព័ន្ធពហុភាគីនិយមឡើងវិញ ខណៈបច្ចុប្បន្នមានការកើនឡើងនូវប្រព័ន្ធឯកតោភាគីនិយមកាន់តែខ្លាំង។

អ្នកនាំពាក្យព្រឹទ្ធសភា បានសង្កត់ធ្ងន់់យ៉ាងដូច្នេះថា «យើងចង់ទាញត្រឡប់មកវិញពីតួនាទីរបស់សភាក្នុងការជំរុញឱ្យមានការអនុវត្តនូវប្រព័ន្ធពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ»។

តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំសភាអន្តរជាតិនេះ ក៏បានបង្ហាញនូវតួនាទីរបស់សភាកម្ពុជា ក្នុងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាអន្តរជាតិផងដែរ ដែលស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ត្រូវនឹងការដាក់ចេញនូវទិសដៅរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងតំណែងជាប្រធានព្រឹទ្ធសភា ដោយផ្ដល់អាទិភាពសំខាន់ចំនួនពីរ គឺទី១ គណនេយ្យភាពអង្គបោះឆ្នោតជាមួយនឹងសមាជិកព្រឹទ្ធសភា និងទី២ការទូតសភានេះឯង។ លោក ជា ធីរិទ្ធ ថ្លែងប្រាប់កម្ពុជាថ្មីបន្ថែមយ៉ាងដូច្នេះ។

គួរឱ្យដឹងថា ឆ្លើយតបនឹងសំណើរបស់លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលយកសំណើធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងបើកទ្វារស្វាគមន៍ថ្នាក់ដឹកនាំសភាមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក ដែលសន្និសីទនេះនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

តាមការបញ្ជាក់ពីលោក ជា ធីរិទ្ធ គិតមកដល់ពេលនេះ មានថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេសជាង៥០ និងអង្គការអន្តរជាតិជាង១០ស្ថាប័ន បានឆ្លើយតបចំពោះការចូលរួមក្នុងសន្និសីទខាងលើនេះ ហើយរួមទាំងមានអ្នកជំនាញ អ្នកស្រាវជ្រាវ បញ្ញាវន្តជាច្រើនទៀត ក៏នឹងចូលរួមផងដែរ៕

ដោយ៖ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម