ព័ត៌មានជាតិ
ឯកឧត្ដម វង សូត បានអញ្ជើញចុះសួរសុខទុក្ខដល់ប្អូនៗ ក្មួយៗ កុមារកំព្រាខេត្តព្រៃវែង
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខដល់ប្អូនៗ ក្មួយៗ កុមារកំព្រា នៅក្នុងភូមិ អេស អូ អេស (SOS) ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះដែរ លោក យ៉ាវ សុធី នាយករងភូមិកុមារ SOS ខេត្តព្រៃវែង បានឲ្យដឹងថា ភូមិកុមារ SOS មានទំហំជាង១ហិកតា ស្ថិតនៅក្នុងភូមិ០១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ភូមិកុមារ SOS ព្រៃវែង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ និងបានបិទបញ្ចប់ការសាងសង់នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក៏បានគ្រោងដាក់សម្ភោធឲ្យប្រើប្រាស់នៅខែ មេសា ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ១៩ ការសម្ភោធនេះត្រូវបានពន្យារពេលមកដល់បច្ចុប្បន្ននេះ។

លោកបន្តទៀតថា តាមរយៈការទំនាក់ទំនងល្អ និងសហប្រតិបត្តិការណ៍យ៉ាងជិតស្និទ ដោយស្ថិតក្រោមការចង្អុលបង្ហាញពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំង១៣ស្រុក/ក្រុង ក្នុងខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយ និងជ្រើសរើសកុមារកំព្រា និងកុមារដែលមិនមានឳពុកម្តាយថែរក្សា ចាប់ពីចុងឆ្នាំ២០១៩ មកទល់នឹងបច្ចុប្បន្ន ភូមិកុមារ SOS ព្រៃវែង បានដំណើការចិញ្ចឹមបីបាច់និងថែរក្សាកុមារកំព្រា កុមារដែលបាត់បង់ការថែទាំពីឪពុកម្តាយ និងកុមារដែលត្រូវបានគេបោះបង់ចោលចំនួន២២នាក់ (ស្រី០៩នាក់) នៅក្រោមការមើលថែរបស់អ្នកម្តាយ០៣នាក់ អ្នកមីង ០១នាក់ និង បុគ្គលិក ០៧នាក់ កំពុងបម្រើការងារ។

ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាព និងការការពារពីជំងឺកូវិដ១៩ បុគ្គលិក អ្នកម្តាយ ព្រមទាំងកុមារទាំងអស់ ត្រូវបានបង្ហាត់បង្រៀន និងណែនាំឲ្យអនុវត្តតាមអនុសាសន៍នៃរាជរដ្ឋាភិបាល ៣កុំ និង៣ការពារជាប្រចាំ។ កុមារទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យចេញលេងនៅខាងក្រៅភូមិ និងមិនអនុញ្ញាតឲ្យសាច់ញាតិ ម្ចាស់ជំនួយ ឬភ្ញៀវជាតិ និងអន្តរជាតិចូលមកក្នុងភូមិឡើយ ក្នុងកំឡុងពេលមានជំងឺកូវិដ-១៩ រាតត្បាតនេះ ។ ក្នុងនោះអង្គការក៏មានផែនការក្នុងឆ្នាំបន្ទាប់ ធ្វើការជ្រើសរើសអ្នកម្តាយបន្ថែម០៥នាក់ អ្នកមីង ០៣នាក់ និងកុមារ ៤០នាក់ទៀត ដើម្បីបើកដំណើរការផ្ទះគ្រួសារចំនួន ០៥បន្ថែមទៀត។ ចាប់ផ្តើមដំណើរការកម្មវិធីពង្រឹងគ្រួសារដើម្បីឧប្បត្ថមគាំទ្រដល់កុមារក្រីក្រក្នុងសហគមន៍ ចំនួន១៥០នាក់ និងកុមារកំព្រាចំនួន៥០នាក់ បន្ថែមទៀត។

ថ្លែងនៅក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់អង្គការ ភូមិកុមារ អេស អូ អេស (SOS) ខេត្តព្រៃវែង ដែលបានគិតគូរយកចិត្តទុកដាក់ជួយគាំទ្រ ចិញ្ចឹមបីបាច់ថែរក្សាដល់កុមារកំព្រា និងកុមារដែលមិនមានឪពុកម្ដាយថែរក្សានៅក្នុងខេត្តព្រៃវែងបានយ៉ាងល្អមានទាំងផ្ទះស្នាក់នៅស្អាតប្រណិត អាហារហូបចុក ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្តទៀតថា ភូមិកុមារ អេស អូ អេស (SOS) ព្រៃវែង បានផ្តល់នូវឱកាសជាថ្មីម្តងទៀតដល់កុមារទាំងអស់ នូវការរស់នៅជាបរិយាកាសគ្រួសារដ៏យូរអង្វែង ដែលមានអ្នកម្តាយ បងប្អូនប្រុស-ស្រី ផ្ទះ និងភូមិប្រកបដោយភាពកក់ក្តៅសប្បាយរីករាយនិងសុវត្ថិភាព។ កុមារទទួលបានការទំនុកបម្រុងយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ ទាំងអាហារហូបចុកប្រចាំថ្ងៃ សម្លៀកបំពាក់ ការសិក្សាអប់រំ សេវាថែទាំសុខភាព ជាដើម ដូចគ្រួសារដើមដ៏ទៃៗទៀតនៅក្នុងសហគមន៍ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមផ្ដាំផ្ញើដល់ក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រដើម្បីជាចំណេះដឹង ជាសសរទ្រូង ជាស្ពាន ដើម្បីចម្លង ខ្លួនយើងឲ្យចៀសផុតពីអវិជ្ជា ពីភាពក្រីក្រ ពីភាពលំបាក នៅពេលអនាគត។
ឯកឧត្តមសូមផ្ដាំផ្ញើដល់ម៉ែដោះអ្នកមើលថែទាំទាំងអស់ នៅក្នុងភូមិកុមារ អេស អូ អេស (SOS) ខេត្តព្រៃវែងនេះ ត្រូវតែបន្តអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការ ៣ កុំ ៣ ការពារ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ការទប់ស្កាត់ នៃការឆ្លងជំងឺ covid-19 នៅក្នុងភូមិកុមារ អេស អូ អេស (SOS) របស់យើងនេះផងដែរ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកថែទាំនៅក្នុងភូមិកុមារ អេស អូ អេស (SOS) នោះផងដែរ៕
អត្ថបទ ៖ សៅគ្រី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


