Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ស្នើ​ឲ្យ​កម្លាំង​នគរបាល ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​នូវ​រាល់​ឧបាយកល​របស់​ក្រុម​ឧទ្ទាម កុំ​ឲ្យ​ពួកគេ​សម្រេច​ផែនការ​ទុច្ចរិត

បានផុស

នៅ

ការ​លើក​ឡើង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែប​នេះ បាន​ធ្វើឡើង​តាមរយៈ​សារលិខិត​ជូនពរ ក្នុង​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ ថ្ងៃកំណើត​នគរបាល​ជាតិ (​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៤៥- ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១)​។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ចាប់តាំងពី​ថ្ងៃ​រំដោះ​ប្រទេសជាតិ ចេញពី​យុគ​ខ្មៅ​ងងឹត នៃ​កម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់ នូវ​ឧបសគ្គ​ស្មុគស្មាញ​ជាទីបំផុត ក្នុង​ដំណើរ​ស្ដារ និង​កសាង​ប្រទេស ដែល​ចាប់ផ្ដើម​ពី​ចំណុចសូន្យ រហូត​មានការ អភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន​។ ក្នុង​ដំណើរ​ឈាន​ទៅ​មុខ​លើ​មាគ៌ា​ដ៏​វែងឆ្ងាយ​លំបាកលំបិន​នេះ កងកម្លាំង​នគរបាល​ជាតិ បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បង្កើត​នូវ​សមិទ្ធផល​ជាច្រើន​រាប់មិនអស់ ដោយ​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ប្តូរ​យក​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ថ្វីត្បិតតែ​សព្វថ្ងៃនេះ មាតុភូមិ​របស់​យើង​កំពុង​ក្រាល​គ្រប​ដោយ​សុខសន្តិភាព ក៏ប៉ុន្តែ​កងកម្លាំង​នគរបាល​ជាតិ នៅតែ​បន្ត​បំពេញ​តួនាទី​យ៉ាងសកម្ម​រួមចំណែក​ការពារ​សន្តិភាព ពង្រឹង​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ និង​មាតុភូមិ​។ ជាក់ស្ដែង នា​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ បើ​ទោះបី​ជា​កម្ពុជា ប្រឈម​យ៉ាង​ស្រួចស្រាល​ទៅ​នឹង​វិបត្តិ​សុខភាព​សាធារណៈ ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី ក៏ប៉ុន្តែ​តាមរយៈ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច របស់​កងកម្លាំង​នគរបាល​ជាតិ បាន​ធ្វើ​ឲ្យ​បរិយាកាស​សន្តិសុខ​សង្គម ជា​រួមមាន​ភាព​ល្អ​ប្រសើ​រ ដោយ​យើង​បាន​ការពារ​យ៉ាងរឹងមាំ​នូវ​ខឿន​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី និង​រក្សាបាន​នូវ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ជាមួយគ្នានេះ កម្ពុជា​បញ្ចៀស​បាន​នូវ​អំពើ​ភេរវកម្ម បង្ក្រាប​ទាន់ពេលវេលា​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ធានាបាន​នូវ​ស្ថិរភាព​សន្តិសុខ​ផ្ទៃក្នុង រក្សាបាន​ប្រក្រតី​កម្ម​នៃ​កិច្ចដំណើរការ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ និង​ជីវភាព​សង្គម ព្រមទាំង​ការពារ​ប្រកបដោយ​សុវត្ថិភាព​នូវ​គោលដៅ​នយោបាយ ការទូត​សេដ្ឋកិច្ច វប្បធម៌ វិនិយោគ និង​ទេសចរណ៍។

ស្ថិត​ក្នុង​កាលៈទេសៈ​ប្រកបដោយ​ហានិភ័យ នៃ​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ កងកម្លាំង នគរបាលជាតិ បាន​ចូលរួម​យ៉ាង​ផុលផុស ជាមួយ​គ្រប់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដោយបាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ការពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក មន្ទីរពេទ្យ ឬ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្រាវជ្រាវ​ស្វែងរក​បុគ្គល​គេចវេស​ពី​ការព្យាបាល ឬ​ការធ្វើ​ច​ត្តា​ឡី​ស័ក ទប់ស្កាត់​ការ​ជ្រៀត​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការដាក់​ពង្រាយ​កម្លាំង អនុវត្ត​វិធានការ​ហាមឃាត់​ការឆ្លងកាត់​ភូមិសាស្ត្រ​រវាង​ខេត្ត និង​ខេត្ត ក៏ដូចជា​វិធាន​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល​។

ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ខាងមុខនេះ ស្រប​ពេលដែល​សង្គ្រាម​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត និង​ពុំ​អាច​កំណត់​ពេលវេលា​បញ្ចប់​បាន​ច្បាស់លាស់​នោះ សភាពការណ៍​សន្តិសុខ​សកលលោក ក៏​នៅតែ​បន្ត​ប្រែប្រួល​ស្មុគស្មាញ ពោរពេញ​ដោយ​គ្រោះថ្នាក់ ហើយនឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​បរិយាកាស​សន្តិសុខ​នៅ​កម្ពុជា យើង​ជាក់​ជាមិនខាន​ឡើយ​។ ក្នុងខណៈពេល​ដូច​គ្នា​នេះដែរ កម្ពុជា នឹងត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​រៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែលជា​គោលដៅ​នៃ​ការប៉ុនប៉ង​វាយប្រហារ របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ ដើម្បី​បំផ្លាញ​កិច្ចដំណើរការ​នៃ​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​នេះ​។ ដូចនេះ​ស្ថានការណ៍ នាពេលខាងមុខ ទោះបី​តិច ឬ​ច្រើន ផ្ទាល់ ឬ​ប្រយោល សុទ្ធ​តែមាន​ផលប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃក្នុង​យ៉ាងពិត​ប្រាកដ ដែល​បញ្ហា​ទាំងអស់នេះ តម្រូវ​ឲ្យ​កងកម្លាំង​នគរបាលជាតិ បន្ត​ពង្រឹងស្មារតី​ប្តេជ្ញាចិត្ត​ខ្ពស់​បំពេញ​កាតព្វកិច្ច ក្នុងនាម​ជា​កម្លាំង​ស្នូល រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​សន្តិសុខ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល សកម្មភាព​របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ និង​បក្ខពួក ដោយ​មិន​ឲ្យ​ពួកគេ​សម្រេច​ផែនការ​ទុ​ច្ច​រឹត​ទាំងនេះ បានជា​ដាច់ខាត​។

ពិតណាស់​កិច្ចការ​ទាំងអស់នេះ គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ និង​មាន​ភាពស្មុគស្មាញ​សម្រាប់​កងកម្លាំង​នគរបាលជាតិ ប៉ុន្តែ​សម្តេច​នៅតែមាន​ក្តីសង្ឃឹម ប្រកបដោយ​សុទិដ្ឋិនិយម​ចំពោះ​មនសិការ​ស្នេហា​ជាតិ មាតុភូមិ និង​ភក្តីភាព​របស់​កងកម្លាំង​នគរបាលជាតិ និង​លើកទឹកចិត្ត​ដល់​បងប្អូន​បន្តសកម្មភាព បង្កើត​ស្នាដៃ ប្រែក្លាយ​ការ​ប្រឈម​ទៅជា កាលានុវត្តភាព ដើម្បី​បង្កើត​នូវ​សក្ដានុពល រួមចំណែក​រក្សា​សន្តិភាព និង​ភាពសុខសាន្ត​រុងរឿង​ជូន​ប្រទេសជាតិ​។

ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ សម្តេច​បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​បងប្អូន កូនចៅ ក្រុមគ្រួសារ នៃ​កងកម្លាំង​នគរបាលជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​បាន​លះបង់​ស្វាមី ភរិយា ឪពុក ម្តាយ បុត្រាបុត្រី ឲ្យ​ចូល​បំរើ​ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ និង​បាន​បង្កលក្ខណៈ​សម្បត្តិ​គ្រប់បែបយ៉ាង ព្រមទាំង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​របស់​ន​គ​របាល​ជាតិ តាំងពីដើម​រហូតដល់​ពេលបច្ចុប្បន្ន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម