ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែតថា ប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនា ជ្រើសរើសមេដឹកនាំ ដែលចេះដោះស្រាយតាមតម្រូវការ
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ខណៈលោកធ្វើជាតំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងឆ្នាំនេះ ប្រទេសកម្ពុជា មានខេត្តចំនួន២០ ដែលរងគ្រោះ តំបន់ដែលប៉ះពាល់ធ្ងន់ជាងគេ គឺនៅទិសភូមិភាគ៥ ហើយក្រោមការអំពាវនាវរបស់សម្តេចតេជោ ក្រសួងស្ថាប័នជាតិ អាជ្ញាធរដែនដី កម្លាំងប្រ ដាប់អាវុធ ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត និងសប្បុរសជន បានរួមគ្នាជាចលនានៅទូទាំងប្រទេស ដើម្បីចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយបានជួយសង្គ្រោះអាយុជីវិតច្រើនទាន់ពេលវេលា ការពារទ្រព្យសម្បត្តិ និងថែទាំសុខភាពប្រជាពលរដ្ឋជាប់ជាប្រចាំ។ នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ ក៏បានបន្តផ្តោតការយកចិត្តទុកដាក់លើការចែកស្រូវពូជ ដើម្បីធានាការបង្កបង្កើនផលឡើងវិញ។ ប្រជាពលរដ្ឋ ជាមូលដ្ឋាននៃប្រទេសជាតិ ហើយជីវភាពគ្រួសារនីមួយៗ គឺជាមូលដ្ឋាននៃការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

បើតាមលោក ហ៊ុន ម៉ាណែត ប្រតិបត្តិការមនុស្សធម៌នេះ បានចាប់ផ្តើមតាំងពីដើម ដំបូងនៃវិបត្តិ ដោយឈានចេញពីកន្លែងរងគ្រោះខ្លាំង ដូចដែល សម្តេចតេជោ បានចុះដឹកនាំផ្ទាល់ ហើយបច្ចុប្បន្ន ទោះ បីសម្តេចមិនអាចចូលរួមផ្ទាល់បាន ដោយសារជាប់វិធានការចត្តាឡីស័កក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា ប៉ុន្តែសម្តេចបានចាត់តំណាងបន្តចុះទៅតាមមុខព្រួញរងគ្រោះផ្សេងៗ ធ្វើយ៉ាងណាឱ្យប្រជា ពលរដ្ឋបានទទួលជំនួយឧបត្ថម្ភទាន់ពេលវេលាក្នុងស្ថានភាពបន្ទាន់នេះ។ ជាងនេះទៀត មន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក៏នឹងបន្តយកចិត្តទុកដាក់ចុះវាយតម្លៃផលប៉ះពាល់នៅតាមមូលដ្ឋានជាប្រចាំ ដើម្បីបន្តជួយរហូតទាល់តែស្ថានភាពបានល្អប្រសើរឡើងវិញ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការជួយដល់ប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់ និងជាការជួយសង្គ្រោះពិតជាក់ស្តែង ដែលខុសពីការធ្វើប្រជាភិថុតិ ដើម្បីតែល្អមើល។ ការខិតខំកន្លងមករបស់ សម្តេចតេជោ និងមន្ត្រីរាជរដ្ឋាភិបាល មានគោលដៅតែមួយគត់ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរងគ្រោះទទួលបានជំនួយឧបត្ថម្ភដោយផ្ទាល់ដៃ។ ពួកគាត់ទាំងនេះ គឺជាសាក្សីផ្ទាល់នៃកិច្ចខិតខំប្រឹងប្រែង។ ក្នុងស្មារតីនេះ សប្បុរសជនខ្មែរទាំងក្នុងស្រុក ក្រៅស្រុក រួមទាំងជនបរទេស បានចូលរួមគាំទ្រតាមការអំពាវនាវរបស់ សម្តេចតេជោ យ៉ាងច្រើនផុសផុល រហូតទទួលបានមូលនិធិជាង០៨លានដុល្លារ ដើម្បីជួយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះនៅទូទាំងប្រទេស បន្ថែមលើថវិកាជាតិដែលក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីមានសម្រាប់ប្រើប្រាស់។ ការគាំទ្រនេះ គឺជាការគាំទ្រអ្នកដែលបានធ្វើជាក់ស្តែង និងបានបង្ហាញអំពីទំនុកចិត្តចំពោះការដឹកនាំសុចរិត និងភាពស្មោះត្រង់របស់សម្តេចក្នុងការប្រើប្រាស់មូលនិធិមនុស្សធម៌ក្នុងបុព្វហេតុប្រជាជន។ ដូច្នេះ ការរិះគន់ចាប់កំហុសណាមួយ ក៏ជាការវាយប្រហារចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានខិតខំបរិច្ចាគថវិកាជួយប្រជាពលរដ្ឋដោយសុទ្ធចិត្ត។

ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើរបស់សម្តេចតេជោ ចំនួន៣ចំណុច គឺទី១. សម្តេចបានអរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលតែងបានគាំទ្រ និងជឿងទុកចិត្តលើការដឹកនាំរបស់សម្តេច។ ប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាជ្រើសរើសមេដឹកនាំ ដែលអាចដោះ ស្រាយតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈសង្គ្រាម អសន្តិសុខ និងសន្តិភាព។ នេះ គឺជាជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ព្រោះសម្តេចតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ផ្តើមតាំងពីដំណាក់សង្គ្រោះជីវិតចេញពីរបបប្រល័យពូជសាសន៍ និងបានដឹកនាំកសាងស្តារពីបាតដៃទទេ រហូតមានប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ដរាបណាប្រជាពលរដ្ឋនៅតែទុកជឿទុកចិត្តលើសម្តេច លោកនឹងនៅបន្តជួយជ្រោមជ្រែងដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខទៀត។ នេះគឺជាការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក៏ដូចជាមន្ត្រីរាជរដ្ឋាភិបាលទាំងមូល។ យើងរួមគ្នាជា មួយប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បី អនាគតប្រទេសជាតិ និងអនាគតកូនចៅយើងជំនាន់ក្រោយៗទៀត។

ទី២. សម្ដេចតេជោបានអរគុណប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងការថែរក្សាសន្តិភាព។ សង្គ្រាមបានបន្សល់នូវការឈឺចាប់ ហើយកាកសំណល់ពីសង្គ្រាមនៅបន្តគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋយើងដល់សព្វថ្ងៃ។ ដូច្នេះសូមបន្តថែរក្សាសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះនេះឱ្យបាន។ ហានិភ័យសំខាន់បំផុតនៃសង្គ្រាម មិនមែនជាអាវុធទេ ប៉ុន្តែអាចកើតចេញពីប្រជាពលរដ្ឋដែលបែកបាក់គ្នាក្រោមការញុះញង់របស់អ្នកនយោបាយ។ សន្តិភាពដូចជាខ្យល់ដកដង្ហើម ដែលមិនអាចខ្វះបាន។ មនុស្សទូទៅយល់អំពីតម្លៃនៃសន្តិភាពបំផុត នៅពេលដែលវាបាត់បង់ ពេលដែលសង្គ្រាមផ្ទុះឡើង ដោយយឺតពេលហួសទៅហើយ។ ហេតុដូច្នេះ យើងត្រូវរួមគ្នាដើម្បីការពារសន្តិភាពនេះកុំឱ្យបាត់បង់ម្តងទៀតក្នុងប្រវត្តិសាស្ត្រយើង។

ទី៣. សម្តេចអំពាវនាវឱ្យបន្តប្រុងប្រយ័ត្នយកចិត្តទុកដាក់បង្ការជំងឺកូវីដ-១៩ ដោយសារគ្រោះថ្នាក់អាចនឹងកើតមានប្រសិនបើយើងធ្វេសប្រហែស ដូចករណីប្រទេសធំៗមួយចំនួន ដែលកំពុងបន្តរងគ្រោះខ្លាំង ហើយខ្លះបានចាប់ផ្តើមបិទប្រទេសឡើងវិញ។ យើងមិនអាចភ្លេចខ្លួនបានទេ ទោះបីក្នុងរយៈពេលជាង ១០ ខែមកនេះ កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍បានក៏ដោយ ដោយមិនទាន់មានអ្នកស្លាប់ក្នុងប្រទេស និងមិនទាន់មានករណីចម្លងនៅក្នុងសហគមន៍។ ដូច្នេះ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ហានិភ័យនៃការរីករាលដាលនៃជំងឺនេះ ដើម្បីសុខភាពរបស់ប្រជាជនយើងទាំងអស់គ្នា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី