Connect with us

ព័ត៌មានជាតិ

ប្រកាស​ចូលកាន់​មុខតំណែង ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​កណ្ដាល​ថ្មី ​ខណៈ​ប្រធាន​ចាស់​ត្រូវ​ផ្ទេរ​ទៅ​ក្រសួង

បានផុស

នៅ

លោក លាង ច័ន្ទ​រង្សី ត្រូវ​បាន​តែងតាំង ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​កណ្ដាល​ថ្មី ជំនួស​លោក ប៉ុល ថូ ដែល​ត្រូវ​ចូលកាន់​មុខតំណែង​ថ្មី ជា​អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ និង​វាយតម្លៃ នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​មុខងារសាធារណៈ ក្នុង​ក្របខណ្ឌ​ក្រសួង​មុខងារសាធារណៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រកាស​មុខតំណែង​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលា​ខេត្តកណ្ដាល ក្រោម​អធិបតីភាព​លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ។

ថ្លែង​នៅក្នុង ពិធី​ប្រកាស​ចូលកាន់​មុខតំណែង នោះ​លោក ព្រុំ សុខា បាន​ស្នើ​ដល់​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​កណ្ដាល ត្រូវ​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ដោយ​ក្នុង​បរិបទ​នៃ​ការ​ឆ្លង​រាលដាល​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩ មន្ត្រីរាជការ​ត្រូវ​ចេះ​ទម្លាប់​របៀប​រស់នៅ និង​ធ្វើការ​ទៅតាម​គន្លង នៃ​ប្រក្រតី​ភាព​ថ្មី និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​ការពារ និង​៣​កុំ និង​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ «មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​តួនាទី​ភារកិច្ច​របស់​មន្ទីរ​មុខងារសាធារណៈ ដើម្បី​ធ្វើជា​សេនាធិការ​យ៉ាង​សកម្ម​ជូន​ដល់​រដ្ឋបាល​ខេត្ត លើ​វិស័យ​មុខងារសាធារណៈ និង​កំណែទម្រង់រដ្ឋបាល​សាធារណៈ សំដៅ​ដល់​ការ​កសាង​រដ្ឋបាល​សាធារណៈ ឱ្យ​កាន់​តែមាន​ភាព​ឆ្លើយ​តប ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ជំនឿ​ទុកចិត្ត ព្រម​ជា​មួយ​ការលើកកម្ពស់​វប្បធម៌​សេវា​សាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព និង​មនសិការ​វិជ្ជាជីវៈ​របស់​មន្ត្រីរាជកា​រ​»​។

ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ស្នាដៃ​ទាំងឡាយ​ដែល លោក ប៉ុល ថូ អតីត​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត រួម​ជា​មួយ​មន្ត្រី​រាជកា​រ នៃ​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​កណ្ដាល សម្រេច​នា​ពេល​កន្លងមក បាន​ធ្វើ​ឲ្យ​អង្គភាព​មានការ​រីកចម្រើន និង​សម្រេច​បាន​សមិទ្ធផល​ជា​បន្តបន្ទាប់​។

ទន្ទឹម​នឹង​នេះ លោក រដ្ឋមន្ត្រី បាន​ជំរុញ​ដល់​ប្រធាន​មន្ទីរ​ថ្មី ដែល​ទើប​តែងតាំង ត្រូវ​បន្ត​ដឹកនាំ និង​ខិតខំ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ឱ្យ​សកម្ម សំដៅ​សម្រេចបាន​នូវ​ជោគជ័យ​ធំៗ​បន្ថែមទៀត តាម​ទិសដៅ និង​បេសកកម្ម របស់​ក្រសួង​មុខងារសាធារណៈ ជាពិសេស​ត្រូវ​ធ្វើជា​សេនាធិការ​ឱ្យ​យ៉ាង​រឹងមាំ​ជូន​រដ្ឋបាល​ខេត្ត លើ​វិស័យ​មុខងារសាធារណៈ និង​កំណែទម្រង់រដ្ឋបាល​សាធារណៈ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម