ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ បើបក្សកែទម្រង់កម្ពុជា ធ្វើត្រឹមត្រូវតាមច្បាប់កំណត់ អាជ្ញាធរមិនរារាំងសកម្មភាពពួកគេនោះទេ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា ប្រសិនបើក្រុមការងារគណបក្សកែទម្រង់កម្ពុជា ធ្វើសកម្មភាពទៅតាមច្បាប់កំណត់ នោះអាជ្ញាធរមូលដ្ឋាន នឹងមិនរារាំងសកម្មភាពរបស់ពួកគេនោះឡើយ។
ការអះអាងនេះ បន្ទាប់ពីលោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានបង្ហាញក្ដីបារម្ភខ្លាចអាជ្ញាធរមូលដ្ឋាន រារាំងសកម្មភាពរបស់ក្រុមការងារគណបក្សរបស់លោក ដែលចុះទៅប្រមូលស្នាមមេដៃពីអ្នកគាំទ្រឲ្យគ្រប់៤ពាន់នាក់ ដើម្បីដាក់ពាក្យស្នើសុំចុះបញ្ជី គណបក្សផ្លូវការនៅក្រសួងមហាផ្ទៃនាពេលខាងមុខ។
ចំពោះការបារម្ភនេះ បន្ទាប់ក្រសួងមហាផ្ទៃ បានចេញលិខិតមួយរំលឹកស្ថាបនិកគណបក្សនេះថា គណបក្សកែទម្រង់កម្ពុជា ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។
យ៉ាងណាក៏ដោយលោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៦ ខែកក្កដានេះថា ប្រសិនបើក្រុមការងារគណបក្សកែទម្រង់កម្ពុជា ធ្វើអ្វីទៅតាមច្បាប់កំណត់នោះ គឺអាជ្ញាធរមូលដ្ឋានពុំមានការរារាំងនោះឡើយ។

លោក ខៀវ សុភ័គ មានប្រសាសន៍ថា «សំខាន់យើងក្រើនរំលឹកគាត់ គាត់ក៏បានអរគុណ ចំពោះការក្រើនរំលឹករបស់មហាផ្ទៃដែរតើ អញ្ចឹងរឿងហ្នឹងវាចប់ហើយ រឿងហ្នឹងមានអីទៀត គាត់ធ្វើឲ្យតែត្រឹមត្រូវទៅមានអី អាជ្ញាធរមូលដ្ឋានមានអ្នកណា ទៅគាបសង្កត់គាត់ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានដែរ គាត់ថាខ្លួនគាត់តើ»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ដែរថា មូលហេតុដែលក្រសួងមហាផ្ទៃ ចេញលិខិតក្រើនរំលឹក ដល់គណបក្សកែទម្រង់កម្ពុជា ដែលធ្វើសកម្មភាពនៅមូលដ្ឋានយ៉ាងដូច្នេះថា «គាត់ទៅប្រមូលស្នាមមេដៃ មានទៅចាំបាច់ទៅធ្វើមីទ្ទីងអីណា ឃោសនាឯណា ទោះរាល់ដងគណបក្សគេដទៃ រាប់សែសិប ហាសិបគណបក្ស គេធ្វើ គេធ្វើរូបភាពមិនដូចគាត់ឯណា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គាត់ក៏បានលើកឡើងដែរថា អាជ្ញាធរមូលដ្ឋានយើង មិនទាន់មានវិធានការចំពោះគាត់ទេ ហើយគាត់ក៏អរគុណ ចំពោះក្រសួងមហាផ្ទៃ បានរំលឹកដាស់តឿន គាត់នឹងខិតខំហើយតើ មានអី»។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានចេញលិខិតមួយ ដោយបានក្រើនរំលឹកដល់លោក ទិន សៃ ជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជាថា គណបក្សនេះ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃផ្លូវការនៅឡើយទេ។
ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកែទម្រង់កម្ពុជា កំពុងធ្វើសកម្មភាពនយោបាយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជាការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្ដីពី គណបក្សនយោបាយ។
ដូច្នេះ គណបក្សកែទម្រង់កម្ពុជា ត្រូវបញ្ឈប់នូវរាល់សកម្មភាព នយោបាយនៅតាមមូលដ្ឋាន រហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា