Connect with us

ព័ត៌មានជាតិ

យក​សំណាក​លើ​ក​ទី​១​​អាជីវករ​ផ្សារ​លើ​ធំ​ថ្មី ឆ្លង​​ជិត ៤០០ នាក់ លើក​ទី២ បន្ត​រកឃើញ​អ្នក​ឆ្ល​ង​ជា​ច្រើន​នាក់​ទៀត

បានផុស

នៅ

ខេត្តសៀមរាប៖ លោក បូ មេងទ្រី អភិបាលរងក្រុងសៀមរាបមានប្រសាសន៍ថា ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​​អាជីវករ​ផ្សារ​លើ​ធំ​ថ្មី​លើក​ទី​ពីរ​នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បាន​​រកឃើញ​អ្នក​វិជ្ជមាន​ ០៦ នាក់​ទៀត ខណៈនៅ​មា​នអាជីវករ​រាប់​រយនាក់​ទៀត មិន​ទាន់​យក​សំណាក​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​យក​សំណាក​លើក​ទី ១ ដែល​ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លង​ទៅ​ រកឃើញ​អាជីវករ​​ផ្សារលើ​ធំ​ថ្មី​និង​អ្នក​ពាក់ព័ន្ធ ជិត ៤០០ នាក់​មាន​វិជ្ជមាន​ក្នុង​ចំណោម​សំណាក​ជាង ១៣០០។ លោក បូ មេងទ្រី មានប្រសាសន៍ថា ការយកសំណាករកមេរោគកូវីដ-១៩ លើក​ទីពីរ​​ បាន​បន្ត​រកឃើញ​អ្នកវិជ្ជមាន​ ០៦នាក់​ទៀត ក្នុងចំណោមអាជីវករចំនួន ២៣៤នាក់។

លោក​បន្ថែម​ថា ក្រុមគ្រូពេទ្យនៅ​តែ​បន្ដយកសំណាកព្រោះនៅមានអាជីវករច្រើនរយនាក់ទៀតនៅផ្សារលើធំថ្មីនេះ មិនទាន់បានផ្ដល់សំណាកលើកទី២នៅឡើយទេ ដោយរង់ចាំដល់វេន ពោលក្នុងរយៈពេលចំនួន១៤ថ្ងៃ។   

លោកអភិបាលរងក្រុងសៀមរាប ក៏​បានធ្វើការអំពាវដល់ប្រជាពលរដ្ឋ និងអាជីវករដែលមានជាប់ពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១​កន្លង​មកនេះ សូមមកផ្ដល់សំណាកធ្វើតេស្ដលើកទី២បន្ថែមទៀត ដើម្បីឲ្យអាជ្ញាធរ មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងតាមដានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោក​ក្រុស  សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាបបានឲ្យ​ឲ្យ​ដឹង​ថា អាជីវករដែលពាក់ព័ន្ធ​ឆ្លង​កូវីដ​នៅ​ផ្សារលើធំថ្មី មាន​អ្នក​លក់ចាប់ហួយ អ្នកប្រមូលថ្លៃអនាម័យ អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ រួមទាំងអ្នកដេរស្បែកជើងនៅខាងមុខផ្សារ។ ក្នុងចំណោមអ្នកវិជ្ជមាន មានម្នាក់បានស្លាប់។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតមកទល់ពេលរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ បានរកឃើញអាជីវករ​ផ្សារលើ​ធំ​ថ្មី និងអ្នក​ពាក់ព័ន្ធ​ចំនួន ៤០២នាក់ បាន​ឆ្លង​កូវីដ១៩​។ ផ្សារ​ដ៏ធំ​កណ្តាល​​ក្រុង​សៀមរាបនេះ​ អាជ្ញាធរ​បន្ត​បិទជា​លើកទី២ ចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ៕ 

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម