Connect with us

ព័ត៌មានជាតិ

គ្រឿងញៀនជាង៧.៦តោននៃការបង្រ្កាប៣៣៩សំណុំរឿងនៅ៥រាជធានីខេត្តត្រូវបានបំផ្លាញចោល

បានផុស

នៅ

វត្ថុតាងគ្រឿងញៀនជាង៧.៦តោនបានមកពីការបង្រ្កាបចំនួន៣៣៩សំណុំរឿងនៅ៥រាជធានីខេត្ត ត្រូវបានបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ នៅតំបន់ផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីនេះប្រារព្ធ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង នាយឧត្តមសេនីយ៍ កែ គីមយ៉ាន ឧបនាយរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់គណៈកម្មការដុតបំផ្លាញគ្រឿងញៀន បានឱ្យដឹងថា គ្រឿងញៀនដែលត្រូវធ្វើការដុតបំផ្លាញចោលនាពេលនេះ ដែលក្នុងនោះរួមមានវត្ថុតាងទទួលបានពីសាលាដំបូង​ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តតាកែវ ដែលគណៈកម្មការបានរៀបចំរួចជាស្រេចតាម​អំណាចសាលក្រម និសាលដីកាឱ្យធ្វើការដុតបំផ្លាញតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាព មានដូចខាងក្រោម៖

១. សំណុំរឿងព្រហ្មទណ្ឌចំនួន ៣៩ សំណុំរឿងរបស់សាលាដំបូងរាជធានីភ្នំពេញដែលមានគ្រឿងញៀន និងសារធាតុគីមីផ្សំផលិតគ្រឿងញៀនទម្ងន់សរុបចំនួនជាង ៧.៥៥១,៥០៦ គីឡូក្រាម ។

២. សំណុំរឿងព្រហ្មទណ្ឌចំនួន ៥៧ សំណុំរឿងរបស់សាលាដំបូងខេត្តស្វាយរៀង ដែលមានគ្រឿងញៀនទម្ងន់សរុបចំនួន ៣៤.៣៥៨,៧៦ ក្រាម។

៣. សាលក្រមព្រហ្មទណ្ឌស្ថាពរចំនួន ១២១ សាលក្រម របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានគ្រឿងញៀនទម្ងន់សរុបចំនួន ៣៨៧,៨០ ក្រាម។

៤. សំណុំរឿងព្រហ្មទណ្ឌចំនួន ៨៤ សំណុំរឿងរបស់សាលាដំបូងខេត្តព្រៃវែង ដែលមានគ្រឿងញៀនទម្ងន់សរុបចំនួន ១,១៦១.០២ ក្រាម។

៥. សំណុំរឿងព្រហ្មទណ្ឌចំនួន ៣៨ សំណុំរឿងរបស់សាលាដំបូងខេត្តតាកែវ ដែលមានគ្រឿងញៀនទម្ងន់សរុបចំនួន ៨២៨,៤៦ ក្រាម និងកញ្ឆាក្រៀមចំនួន ៣៦ គីឡូក្រាម ។

គណៈកម្មការដុតបំផ្លាញគ្រឿងញៀន បានឱ្យដឹងបន្តទៀតថា គ្រឿងញៀនដែលត្រូវបំផ្លាញសរុបមានចំនួន ៧.៦២៤,៣១០ គីឡូក្រាម ដែលក្នុងនោះមានវិធីដុតដោយប្រើអណ្តាតភ្លើង និងវិធិបន្សាបតាមបច្ចេកទេសគីមី។ គ្រឿងញៀនដែលត្រូវបំផ្លាញដោយវិធីដុតសរុបមានចំនួន ៤.៣៨៤,៣១៧ គីឡូក្រាម។ ចំណែកគ្រឿងញៀនដែលត្រូវបំផ្លាញដោយវិធីបន្សាប តាមបច្ចេកទេសគីមីសរុបមានចំនួន ៣.២៣៩,៩៩៣ គីឡូក្រាម។

គណៈកម្មការដុតបំផ្លាញគ្រឿងញៀន បានបញ្ជាក់ថា ដោយសារសារធាតុគីមីផ្សំ និងសារធាតុគីមីប្រភេទខ្លះ មានលក្ខណៈគីមី ឆាបឆេះខ្លាំង និងបង្កើតកម្រិតពុលខ្ពស់ មិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន ព្រោះពាក់ព័ន្ធបញ្ហាសុវត្ថិភាព និងបរិស្ថាន។ ក្រុមការងារបច្ចេកទេសបានធ្វើការបែងចែករបៀបបំផ្លាញជាពីរវគ្គដាច់ដោយឡែកពីគ្នា គឺការបំផ្លាញដោយវិធីដុត និងការបំផ្លាញដោយវិធីបន្សាបតាមបច្ចេកទេសគីមីមានសុវត្ថិភាព។ ចំពោះសារធាតុដែលត្រូវការបន្សាប គណៈកម្មការដុតបំផ្លាញគ្រឿងញៀនសម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបចេ្ចកទេសនៅពេលក្រោយ។

គួរបញ្ជាក់ថា វត្ថុតាងគ្រឿងញៀនដែលត្រូវដុតបំផ្លាញក្នុងពេលនេះ គឺជាលទ្ធផលដែលសមត្ថកិច្ចបានបង្ក្រាប និងចាប់យកនៅក្នុងឆ្នាំ ២០២០ ហើយក៏ជាលទ្ធផលនៃការអនុវត្តផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៥ និងលើកទី ៦ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ជាមួយគ្នានេះ គណៈកម្មការដុតបំផ្លាញគ្រឿងញៀន បានឱ្យដឹងទៀតថា នៅមានសំណុំរឿងគ្រឿងញៀនកំពុងចាត់ការ និងជាប់បណ្តឹងឧទ្ធរណ៍ជាច្រើនទៀតដែលនាពេលខាងមុខ គណៈកម្មការ នឹងរៀបចំដុតបំផ្លាញជាបន្តបន្ទាប់តាមដំណាក់កាល៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម