Connect with us

ព័ត៌មានជាតិ

ក្រុមរថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្ម នាំគ្នាតវ៉ាស្នើឲ្យក្រសួងសាធារណការ បន្ធូរបន្ថយវិធានការផ្លូវច្បាប់

បានផុស

នៅ

(កណ្តាល)៖ ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម បានផ្ទុះការតវ៉ានាំគ្នាដាក់តម្រៀបរថយន្តទាំងនោះ រាប់រយគ្រឿងនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បីស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្ធូរបន្ថយ វិធានការផ្លូវច្បាប់ ។ ទោះបីយ៉ាងណាក្តី ក្រុមអ្នកតវ៉ាទាំងនោះ មិនបានបិទផ្លូវនោះទេ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវបេតុងថ្មី តភ្ជាប់ពីផ្លូវ ៦០ម៉ែត្រ ទៅកាន់ផ្លូវលេខ ១១៥ សង្កាត់ព្រែកហូរ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម បានផ្ទុះការតវ៉ានេះ គឺបន្ទាប់ពីខាងក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងអនុវត្តច្បាប់ចំពោះយានយន្តគ្រប់ប្រភេទ ដែលដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវឃាត់រក្សាទុករយះ១ឆ្នាំ ដោយអនុលោមតាមច្បាប់ ស្តីពី ផ្លូវថ្នល់ មាត្រា៦០ និងតាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពី ការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

បើតាមតំណាង ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ទាំងនោះ ប្រាប់ឲ្យដឹងថា មូលហេតុដែលពួកគាត់លើកគ្នាធ្វើការតវ៉ានេះ គឺបន្ទាប់ពីទទួលដំណឹងថាក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងអនុវត្តច្បាប់ចំពោះយានយន្តគ្រប់ប្រភេទ ដែលកែច្នៃខុសស្តង់ដាលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវចាប់ឃាត់រក្សាទុករយៈពេល១ឆ្នាំ ដោយគ្មានការយោគយល់ ឬលើកលែងឡើយ។

ក្រុមរថយន្តទាំងនោះ បានលើកឡើងថា មួយរយៈនេះ គឺឃើញមានក្រុមជំនាញជញ្ជីងចល័ត ឆ្មក់ដាក់គោលដៅស្ទើរគ្រប់ទីកន្លែង ដែលធ្វើឲ្យពួកគេរកស៊ីដឹកដី ដឹកថ្ម ដឹកខ្សាច់ មិនកើតសោះ។ ប្រភពដដែល បានឲ្យដឹងបន្តថា ពួកគាត់រាល់ថ្ងៃដាក់ប្លង់ផ្ទះ ប្លង់ដី នៅធនាគារ យកលុយទិញរថយន្តមួយ ឬពីរគ្រឿង សម្រាប់រកស៊ីដឹកដី ដឹកថ្ម ឬក៏ ដឹកខ្សាច់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារប្រចាំថ្ងៃ និងបានលុយខ្លះទៀតបង់ធនាគារ។ ចំពោះការដឹកដី ដឹកថ្ម ឬក៏ដឹកខ្សាច់ បើមិនកែច្នៃ ឬមិនតទ្រុងបន្តិចបន្តួច គឺដឹកមិនចំណេញនោះទេ។ ហេតុដូច្នេះហើយ ទើបពួកគេលើកគ្នាមកធ្វើការតវ៉ា ក្រែងខាងជញ្ជីង និងក្រសួងមានការយោគយល់ ដល់ការលំបាករបស់ពួកគាត់។

តំណាងក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ទាំងនោះ បានប្រាប់បន្ថែមថា គោលបំណងដែលក្រុមពួកគាត់ផ្ទុះការតវ៉ានោះ គឺស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ជួយកែសម្រួលច្បាប់ ត្រង់ចំណុចចំពោះយានយន្តគ្រប់ប្រភេទ ដែលកែច្នៃខុសស្តង់ដារលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវចាប់ឃាត់រក្សាទុករយះពេល១ឆ្នាំ។ ក្នុងនោះដែរ ពួកគាត់ក៏សូមស្នើខាងក្រសួង ជួយបន្ធូរបន្ថយចំពោះការផ្ទុក ទម្ងន់សម្រាប់រថយន្តកង់៦ ខាងក្រសួងកំណត់ឲ្យដឹកត្រឹមតែ២០តោន ប៉ុន្តែពួកគាត់សូមបន្ថែម៥តោនទៀត។ រថយន្តកង់១០ ខាងក្រសួងកំណត់ឲ្យដឹកត្រឹមតែ៣០តោន ប៉ុន្តែពួកគាត់សូមបន្ថែម៥តោនទៀត។ សម្រាប់រថយន្តកង់១២ ខាងក្រសួងកំណត់ឲ្យដឹកត្រឹមតែ៤០តោន ប៉ុន្តែពួកគាត់សូមបន្ថែម៥តោនទៀត។ ដោយឡែក ចំពោះរថយន្តវ៉េអង ( V1) ខាងក្រសួងកំណត់ឲ្យដឹកត្រឹមតែ៥០តោន ប៉ុន្តែពួកគាត់សូមបន្ថែម៥តោនទៀត។

ចំពោះព័ត៌មាននេះ រហូតដល់វេលាម៉ោងប្រមាណ១ និង៤៥នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ទាំងអស់នោះ បានដកថយត្រឡប់ទៅវិញអស់ហើយ បន្ទាប់ពីតំណាងខាងក្រសួងសាធារណការ និងដឹកជញ្ជូន និងជំនាញពាក់ព័ន្ធ យល់ព្រមទទួលសំណើររបស់ពួកគាត់ ទៅពិនិត្យ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសំណូមពរឲ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកា មកសាងសង់ដោយលំបាក និងបានទទូចថា៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍ និងកុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្រសួង បានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា៖ ក្រសួង នឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ។ ដូចនេះសូមម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់គោរពច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ។

ចំពោះយានយន្តគ្រប់ប្រភេទ ដែលដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវឃាត់រក្សាទុកចំនួន១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រាទី៦០ និងតាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ៕ (ដោយ)៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣២ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម