ព័ត៌មានជាតិ
ពុំមានការណែនាំទៀតនោះទេ សម្រាប់អ្នកមិនពាក់ម៉ាស ពេលដើរ ជិះកង់ និងជិះម៉ូតូ នៅតាមផ្លូវសាធារណៈ
មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអះអាងថា មកដល់ពេលនេះ មិនមានការអប់រំណែនាំ សម្រាប់អ្នកមិនពាក់ម៉ាសពេលដើរ ជិះកង់ និងជិះម៉ូតូ នៅតាមផ្លូវសាធារណៈទៀតនោះទេ ពោលគឺនៅពេលដែលសមត្ថកិច្ច ពិនិត្យឃើញថា មានអ្នកធ្វើដំណើរ ដោយមិនពាក់ម៉ាស គឺត្រូវផាកពិន័យតាមច្បាប់តែម្ដង។ ការអនុវត្តតឹងរ៉ឹងយ៉ាងដូច្នេះ គឺដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta តែម្ដង។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីណែនាំ ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សេចក្ដីណែនាំ បានបញ្ជាក់ថា ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធ ត្រូវផ្ដល់ការគាំទ្រ និងចូលរួមសហការ ឲ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ស្ថិតក្រោមសមត្ថកិច្ច របស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍ លើបុគ្គល ឬនីតិបុគ្គល ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហានេះថា ពុំមានការអប់រំណែនាំទៀតនោះទេ សម្រាប់អ្នកដែលមិនពាក់ម៉ាសពេលដើរ ជិះកង់ និងជិះម៉ូតូ នៅតាមផ្លូវសាធារណៈ បន្ទាប់ពីអាជ្ញាធរ និងសមត្ថកិច្ច បានអប់រំណែនាំអស់រយៈពេល ជាច្រើនខែមកហើយនោះ។

កាលពីចុងខែកក្កដាកន្លងទៅនេះ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅរាជធានីភ្នំពេញ នៅពេលធ្វើដំណើរដោយថ្មើរជើងក្តី ជិះកង់ក្តី ជិះម៉ូតូក្តី និងម៉ូតូកង់បីក្តី ត្រូវចូលរួមពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta។
ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចគ្រប់គោលដៅ នឹងចាប់ផ្តើមត្រួតពិនិត្យ និងណែនាំអប់រំ ចាប់ពីចុងខែកក្កដាតទៅ ហើយបន្ទាប់ពីធ្វើការណែនាំ នៅតែមិនអនុវត្ត នោះសមត្ថកិច្ចនឹងធ្វើការផាកពិន័យ តាមច្បាប់កំណត់។
សូមជម្រាបថា បើយោងតាម អនុក្រឹត្យលេខ៣៧ អនក្រ.បក ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត បានបញ្ជាក់ថា ការពាក់ម៉ាស ត្រូវធ្វើជាកាតព្វកិច្ច ដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាពមុខរបរ របស់បុគ្គល និងនៅតាមទីកន្លែង ដែលមានហានិភ័យ នៃការចម្លង ឬការឆ្លងមេរោគកូវីដ-១៩។ បុគ្គលដែល មានកាតព្វកិច្ចពាក់ម៉ាស និងទីកន្លែង ដែលតម្រូវឲ្យមានការពាក់ម៉ាស ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិត នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ក្នុងអនុក្រឹត្យដដែល បានបញ្ជាក់ទៀតថា ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស ដូចមានចែងក្នុងមាត្រា៥ ក្នុងអនុក្រឹត្យខាងលើនេះ។ ក្នុងករណី នៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ ពី២០០.០០០ (ពីរសែន) រៀល ទៅ១.០០០.០០០ (មួយលាន) រៀល៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


