ព័ត៌មានជាតិ
អង្គការជួយបង្រៀន កុមារកំព្រា និងក្រីក្រមួយ កំពុងខ្វះខាតថវិកាជាខ្លាំង សម្រាប់បន្តសកម្ម ភាពទៅមុខទៀត
អង្គការលើកស្ទួយប្រជាពលរដ្ឋ ហៅកាត់ថា PIO បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថមដល់អង្គការរបស់ខ្លួន ដោយសារមានការខ្វះខាតថវិកាជាខ្លាំង ក្នុងការចំណាយឲ្យបុគ្គលិក និងគ្រូបង្រៀន ដែលបាននឹងកំពុងជួយបង្រៀន ដល់កុមារកំព្រា និងក្រីក្រជាច្រើនរយនាក់។
បើតាមអង្គការនេះ ទោះជាមានការលំបាកក៏ដោយ ក៏ពួកគេមិនបោះបង់កុមារក្រីក្រ និងកំព្រាទាំងនោះដែរ ដោយនៅតែបន្តបង្រៀន តាមប្រព័ន្ធអនឡាញ មិនដែលឈប់ឡើយ ចាប់តាំងពីជំងឺកូវីដរាតត្បាត នៅក្នុងប្រទេសកម្ពុជាមក។ នាយិកាអង្គការ PIO បានប្រាប់ឲ្យដឹងថា ដោយសារការរាតត្បាតជំងឺកូវីដ-១៩ តាំងពីឆ្នាំ២០២០មក គឺអង្គការលែងទទួលបានជំនួយពីសប្បុរសជន ហើយអង្គការកំពុងមានការ ខ្វះខាតថវិកាជាខ្លាំង ក្នុងការបន្តការងារទៅមុខទៀត។
លោកស្រី នួន ភិមាន ស្ថាបនិក និងជានាយិកា អង្គការលើកស្ទួយប្រជាពលរដ្ឋ ហៅកាត់ថា PIO បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៣ ខែសីហានេះថា កុមារដែលអង្គការលោកស្រី បានបង្រៀនពួកគេ មកពីតំបន់ស្ទឹងមានជ័យ, តំបន់លូប្រាំ, តំបន់ព្រៃស, និងតំបន់បឹងជើងឯកផងដែរ។ លោកស្រីថា មុនពេលកូវីដរាតត្បាត អង្គការរបស់លោកស្រី បានជួយបង្រៀនដល់កុមារកំព្រា និងក្រីក្រចំនួន១៥០០នាក់ ហើយត្រូវទទួល១០០នាក់បន្ថែម នៅពេលដាច់ឆ្នាំម្ដងៗ។ សម្រាប់អ្នកចប់ថ្នាក់ទី១២ អាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដោយអង្គការជាអ្នកស្វែងរកអ្នកឧបត្ថម្ភ តែបើគ្មានអ្នកឧបត្ថម្ភទេ ត្រូវស្វែងរកការងារធ្វើខ្លួនឯង និងត្រូវរៀនបន្តផងដែរ។

លោកស្រី នួន ភិមាន បានប្រាប់ឲ្យដឹងបន្តថា អង្គការលើកស្ទួយប្រជាពលរដ្ឋ ជួយបង្រៀនក្មេងៗទាំងនោះ ចាប់ពីថ្នាក់ទី១ ដល់ថ្ងៃទី១២ ហើយសម្រាប់ក្មេងៗ ដែលគ្មានឪពុក-ម្ដាយ គឺអាចស្នាក់នៅក្នុងអង្គការតែម្ដង។ លោកស្រី បានថ្លែងបញ្ជាក់ថា «និយាយទៅយើងនៅបន្តបង្រៀនរហូត កូវីដក៏ដោយយើងអត់ដែល អត់បង្រៀនទេ ក្មេងៗនៅហ្នឹង អាហារ៣ពេល នៅតែឲ្យគាត់ហូប បើអត់ទេ គាត់នឹងដើររើស គាត់ទៅដើរសុំទាន ពេញហ្នឹងឥឡូវហើយ មិនដឹងទៅគេងឯណាទៀត…ដំបូងអង្គការរបស់ខ្ញុំ គម្រោងខ្ញុំ អង្គការដែលខ្ញុំបង្កើត មកដំបូង ខ្ញុំចង់ជួយតែផ្នែក education ឲ្យក្មេងៗមានអនាគត ដោយសាររៀនសូត្រ ហើយគាត់អាចមានការងារធ្វើ តែដល់ពេលក្រោយមក ខ្ញុំឃើញម៉ែឪ បោះបង់ចោល ខ្លះនៅតែជាមួយជីដូន ចឹងទៅខ្ញុំក៏អនុញ្ញាតឲ្យគេងនៅកន្លែង អញ្ចឹងទៅយើងចំណាយច្រើន ឲ្យតែគេងនៅហ្នឹង គឺអាហារ៣ពេល»។
នាយិកាអង្គការ PIO បានឲ្យដឹងទៀតថា កាលពីមុនអង្គការរបស់លោកស្រី បានអនុញ្ញាតឲ្យកុមារកំព្រា និងក្រីក្ររៀន និងស្នាក់នៅអង្គការសរុបចំនួន១០០នាក់ ហើយកុមារផ្សេងទៀតនៅពេលរៀនចប់ ត្រូវត្រឡប់ទៅផ្ទះវិញ។ តែបាយទឹក គឺអង្គការជាអ្នករៀបចំជូនពួកគេ។ លោកស្រីបញ្ជាក់ថា ក្នុងបរិបទកូវីដនេះ អង្គការរបស់លោកស្រី នៅតែបង្រៀនតាមប្រព័ន្ធអនឡាញ សម្រាប់កុមារមិនស្នាក់នៅអង្គការ ហើយកុមារស្នាក់នៅអង្គការ គឺត្រូវរៀនផ្ទាល់តែម្ដង។

បច្ចុប្បន្ននេះ នៅអង្គការលើកស្ទួយប្រជាពលរដ្ឋ មានលោកគ្រូ-អ្នកគ្រូសុរបចំនួនជិត១០០នាក់។ ប៉ុន្តែសម្រាប់អ្នកស្នាក់នៅ និងបង្រៀននៅអង្គការតែម្ដង មានចំនួនជាង៤០នាក់ប៉ុណ្ណោះ។ លោកស្រី នួន ភិមាន បានលើកឡើង ថា «កូវីដអញ្ចឹង សូម្បីតែbusiness ក៏គាត់បិទ ហើយជាពិសេសអ្នក ដែលគាត់ធ្លាប់ទៅអង្គការ គាត់តែងតែយកសម្ភារៈ យកអង្ករ ត្រីខអីទៅ ក៏អត់មានទៀតដែរ ចឹងក៏វាដាច់ទាំងអស់ ហើយចឹងយើងសុំតែ ឥឡូវប្រជាជនក៏ច្រើននាក់ ក៏ជួយតិចតួចបាន ខ្ញុំជឿថាបាន ត្រឹមតែម្នាក់ ១ដុល្លារ ឬ២ដុល្លារ បើសិនជាយើងម្នាក់ បន្តិចបន្តួចៗ យើងអាចជួយក្មេងតទៅទៀតបាន យើងមិនបាច់ថា ទាល់តែច្រើនបានអាចជួយបាននោះទេ ១ដុល្លារ ទៅ២ដុល្លារយើង ក៏យើងសន្សំគ្នាទៅ ក៏បានបាយឲ្យក្មេងៗហូបដែរ ហើយខ្វះខាតជាងគេ គឺប្រាក់ខែបុគ្គលិកច្រើនជាងគេតែម្ដង ហើយការហូបចុករបស់ក្មេង»។
សូមជម្រាបថា អង្គការលើកស្ទួយប្រជាពលរដ្ឋ ហៅកាត់ថា PIO ត្រូវបានបង្កើតឡើងតាំងពី២០០២ ហើយគិតមកដល់ពេលនេះ មានកុមារកំព្រា និងក្រីក្រប្រមាណជាង១ម៉ឺននាក់ហើយ បានបញ្ចប់ការសិក្សារៀនសូត្រ នៅអង្គការនេះ។ កន្លងមកអង្គការនេះ ទទួលបានជំនួយពីសហរដ្ឋអាមេរិក ចំនួន៤០ភាគរយ នៃការចំណាយរបស់អង្គការ។ ក្រៅពីនេះ គឺរំពឹងលើសប្បុរសជន មកពីក្រៅប្រទេស ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយជួយថវិកាដល់អង្គ ការ។ ប៉ុន្តែចាប់តាំងពី មានកូវីដមក គឺជំនួយរបស់សហរដ្ឋអាមេរិក ក៏លែងមាន ហើយជំនួយពីសប្បុរសជន មកពីក្រៅប្រទេស ក៏លែងទទួលបានដែរ។
សម្រាប់សប្បុរសជន ដែលចង់ជួយសម្រួលការលំបាក របស់អង្គការនេះ អាចទៅកាន់លេខ៖ 012 530 093 ឬតាមរយៈABA៖ 858687999។ អង្គការមួយនេះ សង្ឃឹមថា សប្បុរសជនទាំងអស់ មិនមើលនឹងភ្នែក ហើយបណ្តោយឲ្យកុមារក្រីក្រទាំងអស់នោះ វិលត្រលប់ទៅរកភាពដើមវិញ ដោយទៅធ្វើការងារ និងមិនបានរៀនសូត្រនោះទេ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


