ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលកម្ពុជា រំលឹកការចូលកាន់កាប់ក្រុងកាប៊ុល ទៅព្រឹត្តិការណ៍ ១៧ មេសា នៅកម្ពុជា
នៅព្រឹកមិញនេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធី «មហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី ៧ ក្រោមប្រធានបទ “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ។
ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌ សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សម្តេចតេជោ ក៏បានថ្លែងកត់សម្គាល់ ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយក្នុងតំបន់ដែលកំពុងទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញដោយក្រុមតាលីបង់ ។
ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជានិងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្តេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឱ្យកើតឡើងម្តងទៀត។
សម្តេចតេជោបានបញ្ជាក់ថា ច្បាស់ណាស់ថា ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដែលកាន់តែស្មុគស្មាញ, ស្រួចស្រាល់ និងគ្រោះថ្នាក់បំផុត។ ជាអកុសល នៅក្នុងកម្រិតណាមួយនោះ ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះអាចនឹងរុញច្រានឱ្យមានការកើតឡើងនូវនិន្នាការបន្ទច់បង្អាក់មិនប្រក្រតី នោះគឺរដ្ឋតូចៗកំពុងស្ថិតនៅក្រោមសម្ពាធឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈនិងផលប្រយោជន៍ជាតិរបស់ខ្លួន។
តាមរយៈបទពិសោធន៍ដែលស្តែងចេញពីការវិវត្តនៃស្ថានការណ៍នយោបាយនៅប្រទេស អាហ្វហ្គានីស្ថាន និងទីកន្លែងផ្សេងៗទៀត អាចយល់ច្បាស់បានថា មានតែភាគីពាក់ព័ន្ធនៅក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងនេះបានឡើយ។
ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាលបាននគូសបញ្ជាក់ថា «ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។ និយាយមួយបែបទៀតបានថា ប្រទេសដទៃមិនអាចមកបណ្តុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះ សំខាន់ទាំងនេះត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ, សេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ ។
ជាក់ស្តែង កម្ពុជាគឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទពិសោធន៍។ សន្តិភាព ពេញលេញដែលកម្ពុជាទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស។
សម្តេចតេជោហ៊ុន សែនបានបន្ថែមថា នាដើមទសវត្សន៍ឆ្នាំ ១៩៩០ កម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកាអស់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក។ សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែ ធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ។ បន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់ សម្តេចតេជោបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា យើងត្រូវតែមាន “ភាពជាម្ចាស់ប្រទេស នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជាក៏លើកពីតួនាទីរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ដែលត្រូវបានសហព័ន្ធសន្តិភាពសកល ជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី *ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២ » គឺមានតួនាទីសំខាន់ក្នុងការចូលរួម ចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និងការបណ្តុះស្មារតីផ្លាស់ប្តូរមតិយោបល់ និងកិច្ចសន្ទនា។
លើសពីនេះ ស្ថាប័នស្រាវជ្រាវត្រូវផ្តល់អាទិភាពខ្ពស់លើភាពប្រាកដនិយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើកកម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សា, ការវិភាគ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការ ធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្នដល់មនុស្សជាតិ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


