Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់​ដំបង សេសសល់​ប្រាសាទ​បុរាណ​​ ៤ កន្លែង កម្រ​បរទេស​​ទៅ​ដល់​ មិន​បានទៅ​ទស្សនា​

បានផុស

នៅ

ជា​ខេត្ត​ផលិត​ស្រូវ​ដ៏ធំ​មួយនៅក្នុងប្រទេស​ ខេត្ត​បាត់ដំបង​សេសសល់សំណង់​ប្រាសាទ​បុរាណ​​ និង​សំណង់​បេតិកភណ្ឌជាតិ​មាន​ផ្ទះខ្មែរ​​បុរាណ ​វត្ត​ចំណាស់ៗ​ ក៏​ដូចជា​សំណង់​អគារ​សាងសង់​សម័យ​អាណានិគម​ជា​ច្រើន​ទៀត។

លោក គឹម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​បាត់​ដំបង​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា ក្រៅ​ពី​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិជាច្រើន​កន្លែង ខេត្ត​បាត់ដំបង​ក៏​ជាទីតាំងភូមិសាស្ត្រដែលសម្បូរទៅសំណង់​​បេតិកភណ្ឌ​ជាតិ​មាន​​ប្រាសាទ​បុរាណ​ ផ្ទះ​ខ្មែរ​អាយុ​រាប់​រយ​ឆ្នាំ​ ក៏​ដូចជា​សំណង់​អាគារ​ចាស់​ៗ​សម័យ​អាណានិគម​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​គឹម សោភ័ណ​ឲ្យ​ដឹង​ថា ខេត្តបាត់ដំបង​បន្សល់ទុក​សំណង់​​ប្រាសាទ​បុរាណ​ចំនួន ៤ ដែលនៅ​មាន​រូបរាង​ល្អ​ មាន​​ប្រាសាទ​ស្នឹង ប្រាសាទ​បាណន់ ប្រាសាទ​បាសែត និង​ប្រាសាទ​ឯកភ្នំ។ ក្រៅពី​ប្រាសាទបុរាណ ជាគោលដៅទេសចរណ៍ ទូទាំង​ខេត្ត​មាន​សំណង់​បេតិកភណ្ឌ​ជាច្រើន​ មាន​វត្ត​បុរាណ​ចំនួន ១៣៩ កន្លែង ទួល​បុរាណ​ជាង ៥០០ កន្លែង សំណង់​អាគារ​សម័យ​បារាំង ៨២៦ កន្លែង រួម​ទាំង​ផ្ទះ​ខ្មែរ​បុរាណជាង​ ១០០ កន្លែង និង​រាប់រយ​ទៀត​​ដែល​មិន​ទាន់ស្រាវជ្រាវ​អស់។

បើ​ប្រធានមន្ទីរ​វប្បធម៌​ខេត្ត​បាត់ដំបង តំបន់​​ប្រាសាទ​បុរាណជា​កន្លែង​ដ៏​សំខាន់​ដែលទេសចរណ៍​ជាតិ​និងអន្តរជាតិ​​កម្រខក​ខាន​ពេល​មក​លេង​ខេត្ត​បាត់ដំបង ហើយ​ដែល​អាជ្ញាធរ​​បាន​រៀបចំ​ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ។

​​ប្រាសាទ​បុរាណ​ទាំង​ ៤ ដែល​សេសសល់​ក្នុង​ខេត្ត​បាត់ដំបង ​សាងសង់​ឡើងក្នុង​សម័យ​អង្គរ។ ​

បើ​តាម​ឯកសារ​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ប្រាសាទ​ស្នឹងមាន​ទីតាំង​​ស្ថិត​នៅភូមិ ស្នឹង​ខាងកើត ឃុំ​ស្នឹង ស្រុក​បាណន់ ស្ថិត​នៅ​ភាគ​ខាងលិច​ទីរួម​ខេត្ត​បាត់ដំបង ដែល​មាន​ចម្ងាយ​ជាង​ ២២ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវលេខ ៥៧។ ប្រាសាទ​នេះ​កសាង​ឡើង​ក្នុង​កំឡុង​សត្សវតិ៍​ទី១២ ដោយ​បែង​ចែក​ជា​ពីរ​ផ្នែក​គឺ ប្រាសាទ​ស្នឹង​ខាងកើត និង​ប្រាសាទ​ស្នឹងខាងលិច។

ប្រាសាទស្នឹង

ប្រាសាទ​ទាំងពីរ​នេះ​ស្ថិត​ក្នុង​បរិវេណ​វត្តស្នឹង កសាងអំពីឥដ្ធនៅលើដីទួល ដែលមានបណ្តោយ៣០ម៉ែត្រ និងទទឹង២០ ម៉ែត្រ មានលក្ខណៈដូចជាចេតិយចំនួនបីដាច់ដោយឡែកពីគ្នា និងមានមានលក្ខណៈស្រដៀងនិងប្រាសាទដែលកសាងក្នុងសតវត្សន៍ទី១២។ នៅពីខាងក្រោយប្រាសាទ មានព្រះវិហារមួយដែលទើបកាសាងថ្មី ហើយស្ថិនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាការវត្ត។

ប្រាសាទឯកភ្នំវិញ​ មានទីតាំងនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧ គ.ម បែកចេញ​ពី​ផ្លូវ​ខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយ​ប្រហែល ១២ គម ពី​ទី​រួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ​២០​នាទី​។

ប្រាសាទឯកភ្នំ

ប្រាសាទឯកភ្នំ កសាងឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-​១០៥០​)​ នាសម័យមហានគរ ដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា។

ប្រាសាទចំណាស់នេះ​មានទីធ្លាប្រមាណ ៣០ម៉ែត្រ ហើយមានថែវព័ទ្ធជុំវិញប្រាសាទពីទិសខាងកើតទៅទិសខាងលិច​មានប្រវែង​ ២៥ ម៉ែត្រ។ ពីទិសខាងត្បូង ទៅទិសខាងជើងមានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុង ស្មើគ្នាធ្វើអំពី​ថ្មភក់​បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវពទ្ធ័ជុំវិញតួប៉មនៃប្រាសាទ និងកំពែង​ធ្វើពីថ្មបាយក្រៀមហើយមានគូរទឹកព័ទ្ធជុំវិញផង។

ប្រាសាទនេះមានដើមពោធិ៍ដុះជុំវិញជាច្រើនដើម បង្កើតជាម្លប់ដ៏ត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ រីឯនៅខាងត្បូងប្រាសាទវិញ មាននៅ​សល់​គូរទឹកដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹក​សម្រាបប់​ព្រះសង្ឃប្រើប្រាស់ជាប្រចាំ។

ប្រាសាទបាណន់

ចំណែក​ប្រាសាទបាណន់ ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ សាងសង់​ឡើង​នៅលើកំពូលភ្នំបាណន់ ស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបង ចម្ងាយ​ប្រមាណ ២០ គ.ម ដោយគិតចាប់ពី​សាលាខេត្ដបាត់ដំបង រហូតទៅដល់ប្រាសាទបាណន់។ ភ្ញៀវទេសចរ​អាចធ្វើដំណើរដោយមធ្យោបាយ រថយន្ដ ម៉ូតូ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ P១៥៧១ និងផ្លូវ​លេខ ៨០០ អមតាមមាត់ស្ទឹងសង្កែ។ វាមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់។

ប្រាសាទបាណន់ សាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី១១ និងចុងសតវត្សរ៍ទី១២។ ព្រះរាជាដែលបាន កសាង​មុនគេគឺព្រះបាទ ឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទ ជ័យវរ្ម័នទី៧  (១១៨១-១២១៩) ។ ប្រាង្គប្រាសាទសង់នៅលើកំពូលភ្នំបាណន់ តំរៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយ​ក្រៀម​និងថ្មភក់។ 

នៅជើងភ្នំមានគូទឹក និងល្អាងសំខាន់ពីរគឺ ល្អាងមួយឈ្មោះ ល្អាងអង្គរបិទមាស មានន័យថាជពា្ជាំងគ្របដណ្ដប់​ដោយមាស ទោះបីគេមិនឃើញមានមាសនៅទីនោះក៏ដោយ អាចឃើញទឹកបពោ្ចញពន្លឺផេ្លកៗស្រក់​មក​​ពី​ដំបូលល្អាង និងល្អាងមួយទៀតឈ្មោះល្អាងឈូង ហៅថាឈូងអាជ័យ។ នៅជើងភ្នំ និងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់។

អី្វដែលសំខាន់ជាងនេះនៅក្នុងល្អាង នៅលើភ្នំ ជ្រលងភ្នំ ក្រៅពី​ព្រៃឈើក្រាស់ៗ​ ក៏​មាន​សត្វជាច្រើនប្រភេទរស់នៅ​ផងដែរ។

ប្រាសាទបាសែត

រី​ឯ​ប្រាសាទបាសែតជា​ប្រាសាទចុងក្រោយ សង់លើទីទួលស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ មានចំងាយ ១៤ គ.ម ដោយគិតចាប់ពីសាលាខេត្ត។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ( ១០០២ ​– ១៥៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍​ទី​១១ កំឡុង​ឆ្នាំ១០៣៦ – ១០៤២។

នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹក​ខួប​ប្រាំងខួបវស្សា៕

អត្ថបទ៖ ប៊ុណ្ណរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម