Connect with us

ព័ត៌មានជាតិ

ថ្នាក់កម្រិត គ ​នៅ​សាលា​មត្តេយ្យ​​ធនធាន​ សម្តេច ជា ស៊ីម រំសាយចោល ដោយសារខ្វះ​​គ្រូ​បង្រៀន

បានផុស

នៅ

សាលារៀនមួយថ្នាក់ គឺ (ថ្នាក់មត្តេយ្យកម្រិត”គ”) នៅសាលាមត្តេយ្យធនធាន​ សម្តេច ជា សុីម ក្នុង​ក្រុងបាត់ដំបង ត្រូវបានអ្នកគ្រប់គ្រងសាលាមត្តេយ្យរំសាយចោល បង្កក្តីកង្វល់ដល់មាតាបិតាសិស្សដែលមានកូនរៀននៅថ្នាក់ខាងលើនេះ ប្រឈមការបាត់បង់ឱកាស​សិក្សាបន្ត​។

ការរំលាយចោលសាលារៀនមួយថ្នាក់នៅសាលាមត្តេយ្យធនធាន សម្តេច ជា សុីម នេះ កើតឡើងក្រោយពីសិស្សចូល​​កងតូចបន្ទាប់ពីបញ្ចប់ពិធី​បុណ្យ​ចូលឆ្នាំថ្មី ហើយការរំលាយថ្នាក់នេះដោយសាតែអ្នកគ្រូដែលធ្លាប់បង្រៀនបាន​ឈប់មកបង្រៀន​បន្ត​ទៀត។

បើតាមការជជែកគ្នារបស់អាណាព្យបាលនៅក្នុងគ្រុបតេលេក្រាមរបស់សាលាដែលកម្ពុជាថ្មីទទួលបាន គឺដោយសារតែអ្នកគ្រូមិនមានប្រាក់ខែ ទើបមិនមកបង្រៀនបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការ​ប្រកាស​រំសាយថ្នាក់បង្រៀន​កើតឡើង​​ មាតាបិតាសិស្សនៅក្នុងគ្រុបតេលេក្រាម បានសំណូមពរដល់អ្នកគ្រប់គ្រងសាលាមត្តេយ្យមិនឲ្យរំលាយថ្នាក់កម្រិត “គ”ចោល ដោយ​ពួកគាត់​​សុខចិត្តធ្វើការរៃអង្គាសប្រាក់គ្នាដើម្បីផ្តល់ជាប្រាក់​ខែដល់អ្នកគ្រូដែលបាន​​ឈប់បង្រៀននោះឡើងវិញ ដើម្បីកុំឲ្យរំលាយថ្នាក់រៀនកូនៗរបស់ពួកគាត់ចោល។

បើតាមអ្នកគ្រូ ទួច សាវី អ្នកគ្រប់គ្រងសាលាមត្តេយ្យធនធាន សម្តេច ជា ស៊ីម បានប្រាប់ដល់មាតាបិតាក្នុង​គ្រុប​តេលាក្រាមថា អ្នកគ្រូដែលបានបង្រៀននៅថ្នាក់កម្រិត “គ” នៃសាលាមត្តេយ្យសម្តេច ជា សុីម បានដាក់ច្បាប់ឈប់បន្តទៀត មិន​មកបង្រៀនទៀតទេ ដោយសារតែមិនមានប្រាក់ខែគ្រប់គ្រាន់ក្នុងការបង្រៀន ទើប​គណៈគ្រប់គ្រងសាលា​សម្រេចរំសាយចោល១ថ្នាក់នេះចោល​តែម្តង​ទៅ​។

អ្នកគ្រូបន្តថា សាលាមានការខ្វះគ្រូបង្រៀន បើសាលាមានគ្រូបង្រៀនគ្រប់ចំនួន ប្រហែលមិនពិបាកដល់មាតាបិតានោះទេ។ រឿងនេះ​សាលា​ក៏​បានជូនដំណឹងដល់ការិយាល័យអប់រំយុវជន នឹងកីឡារួច​ហើយ​ពីការ​រំលាយថ្នាក់​នេះ។

ឆ្លើយតមការ​សម្រេចបិទចោលថ្នាក់​សិក្សា​នៅ​សាលាមត្តេយ្យធនធាន​ សម្តេច ជា ស៊ីម លោក យី ស៊ុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង​មិនទាន់ឆ្លើយតប​ច្បាស់​យ៉ាងណា ដោយ​គ្រាន់​តែ​បញ្ជាក់​យ៉ាងខ្លីថា “ចាំមន្ទីរពិនិត្យសិន”។

បើទោះយ៉ាងណា មាតាបិតាសិស្សសំណូមពរដល់មន្ត្រីនៃមន្ទីរអប់រំខេត្តឲ្យជួយរកដំដោះស្រាយ ដើម្បីរក្សាថ្នាក់រៀនឡើង​វិញ ជៀសវាងការបិទចោលទាំងស្រុង ធ្វើឲ្យកូនៗរបស់ពួកគាត់ប្រឈមនិងការបាត់បង់ឱកាស​សិក្សា​បន្ត​ទៀត៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម