ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៖ សមុទ្រចិនខាងត្បូង គួរជាសមុទ្រប្រកបដោយសន្តិភាព និងស្ថិរភាព
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាយល់ឃើញថា សមុទ្រចិនខាងត្បូងគួរជា សមុទ្រប្រកបដោយសន្តិភាព និងស្ថិរភាព ដោយមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ នៅតំបន់សមុទ្រចិនខាងត្បូង។ ការលើកឡើងនេះ នៅពេលដែលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតឲ្យលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា ដើម្បីជួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងឱកាសជំនួបពិភាក្សាការងារនេះលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា បានអរគុណកម្ពុជាដែលបានគាំទ្រកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ដ្រាលីលើកទី១ ដែលគ្រោងប្រព្រឹត្តិទៅនៅខែតុលា ឆ្នាំ២០២១នេះ។ ចំពោះបញ្ហានាវាមុជទឹក លោកឯកអគ្គរដ្ឋទូតបានលើកថា នៅពេលអនាគតឆាប់ខាងមុខ អូស្ត្រាលីនឹងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្ដែមិនបំពាក់អាវុធនុយក្លេអ៊ែរទេ។ រីឯអំពីបញ្ហាសមុទ្រចិនខាងត្បូង លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ឲ្យគ្រប់ភាគីជម្លោះទាំងអស់ដោះស្រាយ តាមច្បាប់អន្ដរជាតិ UNCLOS។

ចំណែកឯអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា លោកឯកអគ្គរដ្ឋទូត បានលើកយកឧទាហរណ៍របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយដោះស្រាយវិបត្តិបនៅមីយ៉ាន់ម៉ា។ ដោយសារឆ្នាំក្រោយកម្ពុជា ធ្វើជាប្រធានអាស៊ាន លោកឯកអគ្គរដ្ឋទូតបានលើកថា បេសកជនពិសេសរបស់កម្ពុជា មានតួនាទីសំខាន់ណាស់។
ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណអូស្រ្តាលី ដែលតែងតែបានផ្តល់ជំនួយមកកម្ពុជា និងអាស៊ាន ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី៣ នៅឆ្នាំ២០២២ កម្ពុជានឹងផ្តល់អាទិភាពលើការពង្រឹងឯកភាពអាស៊ានតួនាទីស្នូល របស់អាស៊ាន និងធានារក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងនិម្មាបនកម្មតំបន់អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា អាស៊ាននិងចិនអាចសំរេចបាន «ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC)» ដើម្បីជៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង។ ក្នុងឱកាសកិច្ចប្រជុំកំពូលនេះដែរ អាស៊ានអាចនឹងចេញសេចក្ដីរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃ «សេចក្ដីថ្លែងការណ៍ ស្តីពី ការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង(DOC)»។ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ពីការខិតខំរបស់កម្ពុជានៅឆ្នាំ២០០២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី១ សម្រេចបាន DOC ដើម្បីជៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលសព្វថ្ងៃ ២០ឆ្នាំក្រោយភាគីពាក់ព័ន្ធ នៅតែទាមទារអនុវត្តន៍ DOC នេះ ឲ្យបានពេញលេញ។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកថា នៅឆ្នាំ២០១២ ពេលកម្ពុជាធ្វើប្រធានអាស៊ានលើកទី២ យើងខិតខំអោយមានការចាប់ផ្ដើម ការចរចា «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់» ដែលពាក្យកាត់ហៅថា RCEP ដែលមានប្រទេសអាស៊ានទាំង១០ និងអូស្រ្តាលី ចិន ជប៉ុន កូរ៉េ និងញូវហ្សឺលែន។ RCEP នឹងផ្តល់ផលប្រយោជន៍ដ៏មានសក្តានុពល ក្នុងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច កាន់តែស៊ីជម្រៅ រវាងបណ្តាប្រទេសដែលចូលរួម RCEP នេះ ដើម្បីឲ្យធុរកិច្ចអាចដំណើរការ កាន់តែប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាព ទូទាំងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងបន្តថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាយល់ឃើញថា សមុទ្រចិនខាងត្បូងគួរជា សមុទ្រប្រកបដោយសន្តិភាព និងស្ថិរភាព ដោយមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ នៅតំបន់សមុទ្រចិនខាងត្បូង។ បណ្តាប្រទេស ដែលទាមទារអធិបតេយ្យភាព ក្នុងសមុទ្រចិនខាងត្បូង គួរតែដោះស្រាយបញ្ហាទាមទារអធិបតេយ្យភាព ដោយសន្ដិភាព ស្របតាមច្បាប់អន្ដរជាតិ។ សង្ឃឹមថាអាស៊ាននិងចិនបន្តការចរចា ដើម្បីសំរេចបាន COC ក្នុងពេលឆាប់ៗ ដែលការចរចាបានសម្រេចជិតបញ្ចប់ហើយ។
ចំពោះបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិកវិញ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាគំាទ្រ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on Indo-Pacific) ដើម្បីធានានូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់និងជាគំនិតផ្ដួចផ្ដើមបរិយាប័ន្ន និងបំពេញបន្ថែមលើនិម្មាបនកម្មតំបន់អាស៊ាន(ASEAN Regional Architecture)។ ទាក់ទងនឹងបញ្ហានាវាមុជទឹកនុយក្លេអ៊ែរនៅអូស្រ្ដាលី(AUKUS) ថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា នឹងមិនបណ្ដាលឲ្យមានការ រត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៊ីទេ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ