ព័ត៌មានជាតិ
ខេត្តព្រះសីហនុចាប់ផ្តើមពិន័យអ្នកចោលសំរាមខុសពេល និងក្រុមហ៊ុនដឹកសំរាមយឺតយ៉ាវ
ខេត្តព្រះសីហនុចាប់ផ្តើមអនុវត្តការផាកពិន័យដល់ប្រជាពលរដ្ឋ ដែលបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់នៅក្នុងប័ណ្ណព័ត៌មានចាប់ពី ២ម៉ឺនរៀលដល់៤០ម៉ឺនរៀលទៅតាមច្បាប់។
ចំណែកក្រុមហ៊ុនប្រមូលសំរាមវិញ ក៏ទទួលការផាកពិន័យផងដែរប្រសិនបើ មិនបានទៅប្រមូល និងដឹកជញ្ជូនសំរាមតាមពេលវេលា ដែលបានកំណត់ក្នុងប័ណ្ណព័ត៌មាន។
ការអនុវត្តការផាកពិន័យនេះក្រោយអាជ្ញាធរខេត្តព្រះសីហនុបានថ្លែងក្នុងពិធីបើកយុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មានពីពេលវេលាបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាម នៅតាមដងផ្លូវចំនួន ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុកាលពីថ្ងៃទី២៣តុលា។

លោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុបានលើកឡើងថា នាពេលកន្លងមករដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម (KSWM)បានប្រជុំពិភាក្សាជាច្រើនលើក ដើម្បីឱ្យក្រុមហ៊ុនរៀបចំបង្កើតប័ណ្ណព័ត៌មានផ្សព្វផ្សាយពីពេលវេលាបញ្ចេញ ប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុន ត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងព្រះសីហនុសម្រាប់លើកទី១ ចំនួន៤៧ខ្សែផ្លូវដែលជាខ្សែផ្លូវអាទិភាព។
ក្នុងនោះផ្លូវចំនួន ២៧ខ្សែមានប័ណ្ណសម្គាល់ពណ៌ក្រហម ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក។ រីឯផ្លូវចំនួន២០ខ្សែទៀតមានប័ណ្ណសម្គាល់ពណ៌ខៀវ គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង១០ព្រឹក។
លោកអភិបាលខេត្តបានបន្តទៀតថា ក្នុងករណីដែលប្រជាពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់នៅក្នុងប័ណ្ណព័ត៌មានទាំងពីរពណ៌នេះ នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ២ម៉ឺនរៀលដល់៤០ម៉ឺនរៀលយោងតាមអនុក្រឹត្យលេខ១១៣។ ដោយឡែកក្នុងករណីដែលក្រុមហ៊ុន មិនបានទៅប្រមូល និងដឹកជញ្ជូនសំរាមតាមពេលវេលា ដែលបានកំណត់ក្នុងប័ណ្ណព័ត៌មានទាំង ពីរពណ៌នេះ ក្រុមហ៊ុននឹងត្រូវទទួលការពិន័យដូចមានចែងក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ។


លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា យុទ្ធនាការបិទផ្សព្វផ្សាយប័ណ្ណព័ត៌មានបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាម នៅតាមខ្សែផ្លូវ ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុគឺដើម្បីបញ្ចប់សំរាមនៅក្នុងក្រុងព្រះសីហនុ ដោយសារកន្លងមកសំរាមមានការកកស្ទះនៅក្រុងព្រះសីហនុ អ្នកប ញ្ចេញសំរាមមានចំនួនច្រើន និងការប្រមូលមិនទាន់ទាន់ឆ្លើយតបខណៈបច្ចុប្បន្នការកកស្ទះសំរាមនៅសល់តែតំបន់ទំនប់រលកប៉ុណ្ណោះ ដោយសារការបញ្ចេញសំរាមមានទាំងនៅលើគោក និងសំរាមមកពីតំបន់កោះ។
លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបានជម្រុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងដឹកជញ្ជូនសំរាម ត្រូវជ្រើសរើសបុគ្គលិក រថយន្តដឹកជញ្ជូនសំរាម និងឧបករណ៍បំពាក់បន្ថែមទៅតាមតម្រូវការជាក់ស្តែង។
លោកអភិបាលខេត្តបានបន្តទៀតថា« ថ្ងៃនេះយើងធ្វើសកម្មភាពចុះបិទផ្សព្វផ្សាយប័ណ្ណព័ត៌មាននៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងទីតាំងអាជីវកម្ម-សេវាកម្ម ដែលស្ថិតនៅលើដងផ្លូវទាំង ៤៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យអ្នកបង្កើតសំរាម បញ្ចេញសំរាមតាមពេលវេលាកំណត់ ចាប់ពីម៉ោង ៧:០០យប់ ដល់ម៉ោង ៣ភ្លឺ ហើយក្រុមហ៊ុនធ្វើការប្រមូលសំរាម និងដឹកជញ្ជូនសំរាម ចាប់ពីម៉ោង ៣ភ្លឺ នឹងបញ្ចប់នៅម៉ោង ១០:០០ ព្រឹក»។
លោកអភិបាលខេត្តបានបញ្ជាក់ថា « យើងនឹងបន្តពិនិត្យ និងកែប្រែប័ណ្ណព័ត៌មានបញ្ចេញសំរាម និងប្រមូល ដឹកជញ្ជូនសំរាមជំហានទី២ សម្រាប់ប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុបន្តទៀត ដោយតម្រូវឱ្យបញ្ចេញសំរាមពីម៉ោង៧យប់ ដល់ម៉ោង ១២យប់ ហើយក្រុមហ៊ុនចាប់ផ្ដើមប្រមូលពីម៉ោង ១២យប់ ដល់ម៉ោង ៦:០០ព្រឹក»។
លោក អភិបាលខេត្ត បានបន្ថែមទៀតថា យុទ្ធនាការថ្ងៃនេះ និងឈានទៅធ្វើការផាកពិន័យ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ អ្នកបង្កើតសំរាមមិនបានចូលរួមសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម។ ទន្ទឹមនោះយើងក៏ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់អ្នកបង្កើតសំរាមឱ្យបានទូលំទូលាយ នូវព័ត៌មាន និងខ្លឹមសារនៃការផាកពិន័យដើម្បីទីក្រុងរបស់យើងស្អាត មានបរិស្ថានល្អ ប្រកបដោយផាសុខភាព និងសុខុមាលភាព។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថាខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ដែលមានសក្តានុពលឆ្នេរខ្សាច់សស្អាត ជាតារារះនាទិស “នារតី” ហើយភាពស្អាតនេះ គឺជាការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តរបស់យើង និងផ្តល់ការងារជូនប្រជាពលរដ្ឋ បង្កើនជីវភាពកាន់តែល្អប្រសើរ ដូច្នេះយើងត្រូវតែធានាភាពស្អាតសម្រាប់ក្រុង ខេត្តរបស់យើងទាំងអស់គ្នា៕
អត្ថបទ៖ សំអឿន

-
នយោបាយ១ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន