Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ប៉ៃលិន បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដល់​កុមារ អាយុ​៥ឆ្នាំ

បានផុស

នៅ

ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​លោក ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​លោក លោកស្រី​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​កុមារ​មាន​អាយុ​៥ ឆ្នាំ នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុង​ពិធី​នោះ​ដែរ ​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើងថា​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ បាន​ស្រោចស្រព​ទូទាំង​ប្រទេស ធ្វើ​ប្រជាជន​បានទទួល​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាពិសេស​នោះ​វីរុស​បម្លែង​ថ្មី​ដែល​ហៅថា​ដែល​តា ដែល​បាន​ឆ្លង​នៅ​ក្នុង​បណ្ដា​ខេត្ត​មួយចំនួន និង​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការបញ្ឈប់​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ជាក់ស្តែង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ សម្ដេច​បានផ្ដល់ ការ​ចាក់​វ៉ាក់សាំង​បង្ការ ដល់​កុមារ អាយុ ៥​ឆ្នាំ នៅ​ក្របខណ្ឌ​ទូទាំងប្រទេស។

លោកស្រី​អភិបាលខេត្ត ក៏បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​នាំ​កូន ចៅ ដែល​មាន​អាយុ​៥ ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើឱ្យមាន​ភាព​សាំ​នៅ​ក្នុង​សហគមន៍ ដែល​នេះ​គឺជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​១៩ ។ លោកស្រី​អភិបាលខេត្ត មានប្រសាសន៍​បន្ថែម​ថា បើ​ទោះបី​ជា​យើង​ចាក់​វ៉ាក់សាំង រួចហើយ​យ៉ាង​ណា​ក្តី ក៏​យើង​កុំ​ភ្លេច​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​នានា​ឲ្យ​បាន​សមស្រប ជាពិសេស​វិធានការ​៣​ការពារ​៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​យកឈ្នះ​លើ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​កាត់​ផ្តាច់​ខ្សែ​ចម្លង ការ​រីក​រាលដាល​នៃ​កូ​វីដ​១៩ ផង​ដែរ។

ជាមួយ​គ្នា​នេះដែរ​ មាតាបិតា ដែលជា​អាណាព្យាបាល​របស់​ក្មួយៗ​កុមារា កុមារី ដែល​បាន​ទទួល​វ៉ាក់សាំង បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស តាមរយៈ​ការ​បញ្ជាទិញ តាមរយៈ​យន្តការ​ទ្វេភាគី ពហុភាគី និង​យន្តការ​កូ​វ៉ា​ក់ ដែលជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា មានលទ្ធភាព​ផ្តល់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​បាន​ល្អ ដូច​អ្វី​ដែល​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១ ខែសីហា​ ឆ្នាំ​២០២១ ​កន្លង​ទៅ​នេះ​ថា ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​បាន​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​គឺ​មាន​យន្តការ​៥​ធំៗ​ក្នុង​នោះ​ទី​មួយ​គឺ អភិបាលកិច្ច​ល្អ ទី​២​មាន​ប្រភព​វ៉ាក់សាំង​ច្បាស់លាស់ ទី​៣​មាន​ធនធាន​ថវិកា​សម្រាប់​ប្រើប្រាស់ ទី​៤​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​ទី​៥​ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​ប្រជាពលរដ្ឋ ផងដែរ​៕

ដោយ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម